​អាយុ​១៦ឆ្នាំ កាត់​បេះដូងរៀប​ការ​នឹង​ម្ចាស់​ស្នេហ៍​ជិត​ស្លាប់

នាង អេមី ក្រេស្វែល (Amie Cresswell) យុវតីជំទង់ជាតិអង់គ្លេសមួយរូប អាយុ១៦ឆ្នាំ បានស្ម័គ្រចិត្តរៀបការ ជា​មួយ​សង្សា​របស់​នាង នៅក្នុងមន្ទីរពេទ្យ។ តែអនិច្ចា... ស្វាមីនាងបានស្លាប់ នៅ៣ថ្ងៃក្រោយមក។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 28, 2015
  • ប្រធានបទ: ស្នេហាអមតៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រំភើបក៏រំភើប... តែបើសោកស្ដាយវិញ ក៏សោកសៅណាស់ដែរ។ នៅខណៈពេលដែលដឹងថា សង្សាបណ្ដូល​ចិត្ត នៅ​សល់តែប៉ុន្មានថ្ងៃទៀត នឹងធ្វើមរណៈភាពនោះ នាង អេមី ក្រេស្វែល ដែលមានអាយុទើបនឹង១៦ឆ្នាំ (*) បាន​យល់ព្រម បំពេញបំណងចុងក្រោយ របស់យុវជនកំពូលស្នេហ៍ ដោយបានរៀបការ យកគ្នាជា​ប្ដី​ប្រពន្ធ នៅ​ក្នុង​មន្ទីរពេទ្យ។ នេះជាសេចក្ដីរាយការណ៍ របស់សាព័ត៌មានអង់គ្លេស «Metro UK» ចេញផ្សាយ​​ក្នុង​​សប្ដាហ៍​កន្លង​មក។

ធ្លាក់ខ្លួនមានជំងឺមហារីកឈាម (ឈាមសស៊ីឈាមក្រហម) បន្ទាប់ពីបានរងគ្រោះសន្លប់ នៅក្នុងការ​ប្រកួត​កីឡា​​បាល់​ទាត់​មួយ កាលពីឆ្នាំទៅម៉ិញ យុវជន អូម៉ា អាល់សាអ៊ីខ (Omar Al Shaikh) នៅមានក្ដីសុបិន្ដ តែ​មួយ​គត់របស់​នាយ នោះគឺបានរៀបការជាមួយនារី ដែលខ្លួនស្រឡាញ់ តាំងពីបានឃើញនាងដំបូង នៅ​​សាលា​រៀន។ កាលពីខែវិច្ឆិកាកន្លងទៅ ជំងឺរបស់យុវជន អូម៉ា មិនមានអាការៈរើមកវិញទេ ដែលជា​ឱកាស​ឲ្យ​​ពួក​គេ​ទាំងពីរ កាន់តែស្គាល់ចិត្តថ្លើមគ្នា ហើយឪពុកម្ដាយទាំងសងខាង ក៏បានទទួលដឹងឮដែរ។

ប៉ុន្តែអាការៈជំងឺ ដែលមិនរើមកវិញនេះ បានកើតមានសម្រាប់ឲ្យយុវជន បានសប្បាយចិត្តតែមួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ស្ថានភាព​សុខភាព​របស់យុវជន បានធ្លាក់ចុះ ឈឺធ្ងន់ជាថ្មីម្ដងទៀត។ ដំណឹងនេះ បាន«សម្លាប់​ដួងចិត្ត»យុវតី អេមី។ ជាមួយ​នឹងបេះដូង ដែលធ្លាក់បែកខ្ចេចខ្ទាំ យុវតីជំទង់បានថ្លែងឡើងថា៖ «ខ្ញុំ​ធ្លាក់​ថ្លើម​រន្ធត់ណាស់។ ខ្ញុំបានយល់​ភ្លាម ​នៅពេលនោះ ថាខ្ញុំចង់នៅជិតគាត់ សម្រាប់ជីវិតដ៏ជូរចត់នេះ។» ប៉ុន្តែ​ទោះ​ជា​មានកម្លាំងចិត្ត ពីនារី​ម្ចាស់​ស្នេហ៍​យ៉ាងណាក៏ដោយ ក៏មិនអាចមានអ្វី អាចមកហាមឃាត់ ជំងឺ«មហារីក»​​ដ៏​ខ្លាំង​ក្លា​បានឡើយ។

នៅដើមខែមិថុនានេះ ដំណឹងពីគ្រូពេទ្យ បានចូលមក ផ្ដាច់ព្រលឹងអ្នកទាំងពីរបន្ថែមទៀតថា យុវជន អូម៉ា នៅ​មានជីវិត តែ​ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។

«កាត់បេះដូងជូនបង»

ដើម្បីសម្រេច នូវបំណងចុងក្រោយ យុវជន អូម៉ា បានសុំ អេមី រៀបការទទួលយុវជន ជាស្វាមីពេញច្បាប់។ ជា​សំណើរ ដែលនាង អេមី បាន«កាត់បេះដូង»ទទួលយក យ៉ាងពេញចិត្ត។ ជាមួយនឹងការយល់ព្រម ពីឪពុក​ម្ដាយ​ទាំងសងខាងផង អ្នកទាំងពីរ បានរៀបអាពាហ៍ពិពាហ៍ នៅក្នុងមន្ទីរពេទ្យ ដោយយុវជន អូម៉ា បាន​បំពាក់​ជញ្ជៀនឲ្យនាង អេមី ដើម្បីក្លាយជាស្វាមីភរិយ នៅចំពោះការលួចបង្ហូរទឹកភ្នែក របស់មនុស្ស​ញាតិ​មិត្ត​ច្រើន​នាក់។

នៅបីថ្ងៃក្រោយអាពាហ៍ពិពាហ៍នោះ យុវជន អូម៉ា អាលសាអ៊ីខ បានចុះចាញ់ជំងឺមហារីកជាស្ថាពរ ដោយ​បានទទួលមរណៈភាព នៅក្នុងរង្វង់ទ្រូងភរិយាថ្មីថ្មោង របស់នាយ។

ភរិយាមេមាយទាំងវ័យជំទង់ បានថ្លែងរៀបរាប់ថា៖ «ខ្ញុំបានកាត់បេះដូងជូនគាត់ តាំងពីយូរហើយ។ យើង​ធ្លាប់​បាន​និយាយ​គ្នា ថានឹងរៀបការជាមួយគ្នា មិនថាខ្ញុំឬគាត់ ទើបនឹងមានអាយុ១៦ឆ្នាំនោះឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង យើង​បាន​គិតស្រឡាញ់គ្នា រហូតដល់ចាស់ ហើយស្លាប់ជាមួយគ្នានោះទៀត។» ប៉ុន្តែយ៉ាងហោច​ណាស់ អេមី បាន​បន្សល់​ទុកក្នុងជីវិត ដែលនៅសេសសល់របស់នាង នូវអនុស្សាវរីយ៍ដ៏ផ្អែមល្អែមជាច្រើន ជា​មួយបុរស​កំពូល​ស្នេហ៍ ជាពិសេសគឺ​អាពាហ៍ពិពាហ៍​នេះ​តែ​ម្ដង៕


(*) នៅអ៊ឺរ៉ុប អាយុ១៦ឆ្នាំ នៅជាអាយុស្ថិតក្រោម ការគ្រប់គ្រង របស់ឪពុកម្ដាយនៅឡើយ។ អាយុនេះ មិន​មាន​ការទទួលខុសត្រូវ នៅចំពោះមុខច្បាប់នោះទេ។ ហើយការរៀបការនៅមុនអាយុ១៨ឆ្នាំ ជារឿងមួយកម្រណាស់។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...