កូន​ប្រុស​នាយក​រដ្ឋ​មន្ត្រី បបួល​«ភ្នាល់»​ដាក់​ប្រាក់​២០០​​លាន

ប្រតិកម្មទៅនឹងការលើកឡើង របស់លោក ម៉ែន ណាត អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីម្នាក់ ទាក់ទងនឹងការលាក់ប្រាក់ ច្រើនរយលាន នៅធានាគារ បេអ៊ិនប៉េ (BNP) និងការដេញថ្លៃយកអាគារស្នាក់ការ របស់គណបក្សសង្គមនិយម ក្នុងប្រទេសបារាំងនោះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខមកបដិសេធ ហើយបានប្រកាសភ្នាល់ តបទៅលើលោក ម៉ែន ណាត វិញ។
កូន​ប្រុស​នាយក​រដ្ឋ​មន្ត្រី បបួល​«ភ្នាល់»​ដាក់​ប្រាក់​២០០​​លាន
លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 31, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានក្រុមប្រឹក្សាឃ្លាំមើលម្ពុជា ដែលមានទីតាំងនៅប្រទេសន័វេស៍ លោក ម៉ែន ណាត បានបង្ហោះនៅលើគណនីហ្វេសប៊ុកលោក តាំងពីច្រើនថ្ងៃហើយ ជុំវិញដំណឹង ដែលលោកអះអាងទទួលបាន ពីមន្ត្រីបារាំង ថាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី មានលាក់ប្រាក់ប្រមាណជា ២០០លានដុល្លារ នៅក្នុងធនាគារ បេអ៊ិនប៉េ (BNP) និងការដេញថ្លៃ ទិញអាគារទីស្នាក់ការគណបក្សសង្គមនិយម នៅក្នុងប្រទេសបារាំង។ ប៉ុន្តែនៅមុននេះ លោក ហ៊ុន ម៉ាណែត បានចេញមុខមកបដិសេធ និងថែមទាំងបាន បបួលលោក ម៉ែន ណាត ភ្នាល់ជាមួយលោក នោះទៀតផង។

 

កូនប្រុសច្បងនាយករដ្ឋមន្ត្រី បានហៅលោក ម៉ែន ណាត ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ដ៏ល្បី ថាជា«អ្នកក្លាហាន»មួយរូប ក្នុងការបញ្ចេញព័ត៌មាន។ លោក ហ៊ុន ម៉ាណែត បានថ្លែងឡើងថា៖ «នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡេីង ក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដេីម្បីកេងចំណេញនយោបាយ»។

លោក ហ៊ុន ម៉ាណែត បានបបួលលោក ម៉ែន ណាត ភ្នាល់ថា លោកនឹងឲ្យរយៈពេលពីរសប្ដាហ៍ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ ដើម្បីបង្ហាញឯកសារជាភស្ដុតាង ទាក់ទងនឹងការលើកឡើងខាងលើ។ លោកថា៖ «បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថា ខ្ញុំពិតជាមានប្រាក់ និងកំពុងដេញថ្លៃអគារ ដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន (១) ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថាមាននោះ ឲ្យទៅលោក (២) ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈ ថាខ្ញុំនឹងឈប់ប្រឡូក ក្នុងនយោបាយអស់មួយជីវិត»។

កូនប្រុសនាយករដ្ឋមន្ត្រី ដែលមានពាក់ផ្កាយបី នៅលើស្មារផងនោះ បានបន្ថែមលក្ខខណ្ឌត្រឡប់ទៅ លោក ម៉ែន ណាត វិញថា៖ «ប៉ុន្តែបើលោក ម៉ែន ណាត មិន ហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដ ដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ ខ្ញុំសុំឲ្យលោក ម៉ែន ណាត (១) ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ និង(២) ធ្វើកិច្ចសន្យាជាសាធារណៈ ថាលោកនឹងឈប់ប្រឡូក ក្នុងនយោបាយតាមគ្រប់រូបភាព អស់មួយជីវិត»។

ជាចម្លើយតបវិញភ្លាមៗ លោក ម៉ែន ណាត បានបដិសេធការបបួលភ្នាល់នោះ។ លោកបានសរសេរតប នៅលើបណ្ដាញសង្គមថា៖ «ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេត រឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់ យកឈ្នះចាញ់គ្នាទេ។»។

រីឯលោក ប៉ាង សុខឿន ដែលមានរហស្សនាម «ខ្មែរ សុវណ្ណភូមិ» បានចាត់ទុកការលើកឡើង របស់លោក ហ៊ុន ម៉ាណែត ថាធ្វើឡើង គ្រាន់ដើម្បី«បោកក្មេង» និងបោកអ្នកគាំទ្រឲ្យជឿ ទាំងគ្មានការពិចារណាប៉ុណ្ណោះ។ លោក ប៉ាង សុខឿន ដែលរស់នៅក្នុងប្រទេសន័វេស៍ដែរ បានសរសេរពន្យល់ ជំនួសលោក ម៉ែន ណាត នៅលើបណ្ដាញសង្កមថា ការភ្នាល់នេះ មិនអាចកើតឡើងបានឡើយ ព្រោះ«ហ៊ុន ម៉ាណែត ដឹងថា លោក ម៉ែន ណាត មិនអាចធ្វើបាន» ខណៈការស្នើសុំរកឯកសារធនធាននរណាម្នាក់ ពីធនាគារនៅបស្ចឹមលោក មិនមែននរណាៗ ក៏ចេះតែអាចចូលទៅយក ឬចូលទៅមើល បានដោយគ្មានច្បាប់ទម្លាប់​នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...