ក្រសួងការពារជាតិ៖ ទណ្ឌកម្មអាមេរិកប្រឆាំង ហ៊ីង ប៊ុនហៀង រំលោភច្បាប់កម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 13, 2018
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសម្រេចបង្កកទ្រព្យសម្បត្តិ មិនផ្ដល់ទិដ្ឋការ និងបង្កកផលប្រយោជន៍ផ្សេងទៀត ពីសំណាក់នាយកដ្ឋានរតនាគារជាតិអាមេរិក ដែលជាទណ្ឌកម្មប្រឆាំងមនុស្សជំនិតរបស់លោក ហ៊ុន សែន គឺជាទង្វើ«ដ៏គគ្លើន»។ នេះ ជាប្រតិកម្មរបស់ក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាមុននេះបន្តិច។
ការិយាល័យកិច្ចការសាធារណៈ នៃនាយកដ្ឋានរតនាគារជាតិអាមេរិក បានចេញសេចក្ដីប្រកាស នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ម្សិលម៉ិញ ដាក់បញ្ចូលមនុស្សពីរនាក់ ទៅក្នុងបញ្ជីខ្មៅ នៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ក្រោមច្បាប់ គ្លូប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY)។ ពីក្នុងចំណោមមនុស្សទាំងពីរនោះ មានមន្ត្រីជាន់ខ្ពស់ម្នាក់ របស់រដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការ នៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សហរដ្ឋអាមេរិក បានរកឃើញថា លោក ហ៊ីង ប៊ុនហៀង បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងអំពើហិង្សា នៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងអំពើហិង្សាវាយដំតំណាងរាស្ត្រពីររូប មកពីគណបក្សប្រឆាំង នៅមុខរដ្ឋសភា នៅឆ្នាំ២០១៥។
សេចក្ដីប្រកាស របស់នាយកដ្ឋានរតនាគារជាតិអាមេរិក បានពន្យល់ថា គឺលោក ប៊ុនហៀង និងកងអង្គរក្សរបស់លោក ហ៊ុន សែន នេះហើយ ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការបង្រ្កាប លើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែក លើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសពលរដ្ឋអាមេរិក មួយរូបផង។
» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យមុនគេ
ក្រៅពីសម្ដែងការសោកស្ដាយ ច្រានចោល និងថ្កោលទោស ទៅលើទង្វើ«ដ៏គគ្លើន»ខាងលើនេះ សេចក្ដីថ្លែងការណ៍ របស់ក្រសួងការពារជាតិកម្ពុជា នៅបានអះអាងទៀតថា ការបង្កកទ្រព្យសម្បត្តិ មកលើមន្ត្រីជាន់ខ្ពស់កម្ពុជាដូចនេះ គឺជា «ការរំលោភដល់ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ យ៉ាងអយុត្តិធម៌ជាទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់»។
អត្ថបទប្រតិកម្ម របស់ក្រសួងការពារជាតិ បានអំពាវនាវឲ្យនាយកដ្ឋានរតនាគារជាតិអាមេរិក ឲ្យបញ្ឈប់ជាបន្ទាន់ នូវការដាក់ទណ្ឌកម្មខាងលើ ដែលជាការសម្រេចដ៏«ល្ងង់ខ្លៅ»។ សេចក្ដីថ្លែងការណ៍ សរសេរថា៖ «ការដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិនេះ គឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្តសហរដ្ឋអាមេរិក ដែលកម្ពុជា មិនអាចទទួលស្គាល់បានឡើយ»៕