នរណាជាប្រធានាធិបតីថ្មី របស់ប្រទេសភូមា?
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មករា ២០១៦
- កែប្រែចុងក្រោយ: January 30, 2016
- ប្រធានបទ: នយោបាយភូមា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្ត្រ និងជាសមាជិកសភានីតិកាលទីមួយ ដែលភាគច្រើន ជាអ្នកស្និតនឹងអតីតរបបយោធា បានអនុម័តច្បាប់រដ្ឋធម្មនុញ្ញ ដោយកំហិតមិនឲ្យពលរដ្ឋភូមាណា ដែលមានកូនរបស់ខ្លួនកាន់សញ្ជាតិបរទេស អាចឈរឈ្មោះធ្វើប្រធានាធិបតីបានឡើយ។ ការកំហិតនេះ ជាការបាញ់ឆ្ពោះ សំដៅរារាំងមេដឹកនាំប្រឆាំង គឺអ្នកស្រី អង់សាន ស៊ូជី ដែលមានស្វាមីជាជនជាតិអង់គ្លេស ហើយកូនទាំងពីររបស់អ្នកស្រី មានសញ្ជាតិអង់គ្លេសនោះ មិនឲ្យឡើងឈរឈ្មោះ ជាប្រធានាធិបតី។
នៅក្នុងនីតិវិធីជាគោលការណ៍ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បេក្ខជនប្រធានាធិបតីថ្មី នឹងត្រូវបានបោះឆ្នោតជ្រើសតាំង ដោយរដ្ឋសភា នៅប៉ុន្មានសប្ដាហ៍ខាងមុន ហើយបេក្ខជនរូបនោះ នឹងក្លាយជាប្រធានាធិបតីពេញច្បាប់ នៃប្រទេសភូមា ចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ ហើយដើម្បីអាចឲ្យពលរដ្ឋភូមាទូទៅ (ជាពិសេសអ្នកស្រី ស៊ូជី ខ្លួនឯង) អាចឈរឈ្មោះជាប្រធានាធិបតីបាន អ្នកស្រីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានព្យាយាមគ្រប់វិធី ដើម្បីស្នើសុំទៅរដ្ឋសភាក្នុងនីតិកាលចាស់ ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទៅលើមាត្រាដែលពាក់ព័ន្ធនេះ។ ប៉ុន្តែការព្យាយាមនោះ មិនបានសម្រេចទេ។
ប៉ុន្តែរដ្ឋសភានីតិកាលថ្មី ដែលមានសម្លេងភាគច្រើន មកពីគណបក្ស សម្ព័ន្ធដើម្បីលិទ្ធិប្រជាធិបតេយ្យ ឬ«NLD» របស់អ្នកស្រី អង់សាន ស៊ូជី នោះ នឹងអាចធ្វើវិសោធនកម្ម ទៅលើរដ្ឋធម្មនុញ្ញបាន ប្រសិនណាជាតំណាងរាស្ត្រយោធា (ដែលគ្មានការបោះឆ្នោត និងត្រូវបានតែងតាំងដោយយោធា) ដែលមានសម្លេងប្រមាណជា ២៥% គាំទ្រគម្រោងកែប្រែមាត្រាខាងលើនេះ។
យ៉ាងណា បើទោះជារដ្ឋធម្មនុញ្ញ មិនត្រូវបានធ្វើវិសោធនកម្ម និងមានអ្នកផ្សេង ជាប់ជាប្រធានាធិបតីក៏ដោយ ក៏អ្នកស្រី ស៊ូជី ធ្លាប់បានប្រកាសហើយថា អ្នកស្រីនៅតែមានអំណាច ពីលើប្រធានាធិបតីនោះ ជាដរាប៕