ភូមាទន្ទឹងលទ្ធផលឆ្នោតសកល៖ ការស្ទង់មតិថា បក្សប្រឆាំងឈ្នះ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 09, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សជាច្រើនលាននាក់ បានចុះទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យនេះ នៅប្រទេសភូមា តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១៦ល្ងាច។ លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនេះ នឹងត្រូវប្រកាស ក្នុងច្រើនថ្ងៃទៅមុខទៀត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ ថាមនុស្សប្រមាណជា៨០ភាគរយ នៃពលរដ្ឋដែលអាចបោះឆ្នោតបាន ប្រមាណជា ៣០លាននាក់ បានចេញទៅបោះឆ្នោត ហើយលទ្ធផលជាជំហានដំបូង នឹងប្រកាសឲ្យដឹង នៅព្រឹកថ្ងៃចន្ទនេះ។
ចំនួនពលរដ្ឋដ៏ច្រើនលើសលប់ នៃការចេញទៅបោះឆ្នោតនេះ ដោយសារពលរដ្ឋទាំងនោះទន្ទឹងឲ្យមានការផ្លាស់ប្ដូររបបដឹកនាំរបស់ប្រទេស ដែលបានធ្លាក់ចូលទៅក្នុងរបបដឹកនាំបែបយោធានិយម តាំងពីឆ្នាំ១៩៦២មក។ នេះបើតាមសាស្ត្រាចារ្យមួយរូប ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីរដ្ឋធានី រ៉ង់ហ្គូន ប្រទេសភូមា។ គណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី វិញ ក៏បានលើកយកការស្ទាបស្ទង់ ជាជំហានដំបូងមួយដែរថា ខ្លួនបានឈ្នះរហូតដល់ទៅ៨០% នៃសន្លឹកឆ្នោត។ ប៉ុន្តែគណបក្សប្រឆាំង នៅមានភាពប្រយ័ត្នប្រយែង ជុំវិញការប្រកាសនេះ ដោយហេតុថា លទ្ធផលជាបណ្ដោះអាសន្ន ប្រកាសដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់ឲ្យដឹងនៅឡើយ។
ទទួលយកដោយស្ងប់ស្ងៀម...
នៅចំពោះមនុស្សជាច្រើនរយពាន់នាក់ ដែលស្រែក«ម៉ែស៊ូៗ» និងដែលបានប្រមូលគ្នា មកជួបជុំខាងមុខទីស្នាក់ការ គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ អ្នកស្រី អ៊ុងសានស៊ូជី ម្ចាស់ពានរង្វាន់សន្តិភាព ក្នុងសម្លៀកបំពាក់ឈុតក្រហម (ពណ៌របស់គណបក្សអ្នកស្រី) បានថ្លែងឡើងថា៖ «សូមបងប្អូនទាំងអស់គ្នា ទៅរងចាំស្ដាប់លទ្ធផល នៅផ្ទះរបស់បងប្អូន។ ហើយនៅពេលដែលលទ្ធផល នៃការបោះឆ្នោត នឹងត្រូវប្រកាសនោះ ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នា ទទួលយកដោយស្ងប់ស្ងៀម។»
ការបោះឆ្នោតមានលក្ខណៈសេរី?
មេដឹកនាំប្រឆាំង វ័យ៧០ឆ្នាំរូបនេះ ត្រូវបានបង្ខាំងដោយរបបយោធា ឲ្យរស់នៅក្នុងគេហដ្ឋានអ្នកស្រី អស់ជាង១៥ឆ្នាំ ហើយទើបតែធ្វើការដោះលែងវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០។ និមិត្តរូបនៃការអត់ធ្មត់ និងការតស៊ូដោយអហិង្សា អ្នកស្រីបានបោះឆ្នោត កាលពីថ្ងៃអាទិត្យ ជាលើកទីពីរ នៃជីវិតរបស់អ្នកស្រី នៅក្នុងការិយាល័យបោះឆ្នោតមួយ ក្នុងសាលារៀនកណ្ដាលរដ្ឋធានី រ៉ង់ហ្គូន ក្រោមការតាមប្រមាញ់ ពីអ្នកសារព័ត៌មានមកពីគ្រប់ទិសទី នៅក្នុងលោក។ ការបោះឆ្នោតលើកទីមួយ ដែលគេជឿថា មានលក្ខណៈសេរីដែរ បានធ្វើឡើងនៅឆ្នាំ១៩៩០ និងបានផ្ដល់ជ័យជំនះ ទៅឲ្យគណបក្ស របស់អ្នកស្រីរួចហើយ។ ប៉ុន្តែនៅពេលនោះ មេដឹកនាំយោធា មិនបានទទួលស្គាល់ នូវលទ្ធផលនៃការបោះឆ្នោតនេះទេ និងបានបន្តរបបដឹកនាំ បែប«យោធានិយម»របស់ខ្លួន រហូតដល់រយៈពេល ជិតកន្លះសតវត្សន៍ (ពីឆ្នាំ១៩៦២ មកទល់នឹងឆ្នាំ២០១១)។
បន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទទ្វា នៅល្ងាចថ្ងៃអាទិត្យម្សិលម៉ិញនេះ ប្រធានក្រុមបេសកកម្មឃ្លាំមើលរបស់សហភាពអ៊ឺរ៉ុប បានអះអាងថា មិនបានរកឃើញសញ្ញា នៃការលួចបន្លំណាមួយឡើយ។ ប៉ុន្តែលោកបានអះអាងបន្តថា នីតិវិធីនៅវែងឆ្ងាយតទៅទៀត និងការលួចបន្លំ អាចកើតឡើងបានគ្រប់ពេល នៅពេលដែលគេចាប់ផ្ដើមរាប់ ឬនៅពេលដឹកហិបឆ្នោតទាំងនោះ។ នេះគេនៅមិនទាន់និយាយដល់ ភាពមិនប្រក្រតីមួយចំនួន ដែលលើកឡើងដោយគណបក្ស LND និងដោយអ្នកឃ្លាំមើលមួយចំនួន នៅក្នុងតំបន់ភាគខាងក្រោម នៃទន្លេ«Irrawaddy»។
កងទ័ពភូមា ស្ម័គ្រទទួលយក...
ខណៈចំណោទបានចោទសួរ អំពីប្រតិកម្មរបស់យោធាភូមា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតនោះ អគ្គមេបញ្ជាការយោធា របស់ប្រទេសភូមា លោកឧត្ដមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) បានប្រកាសពីក្រុង «Naypyitaw» មកថា ការបោះឆ្នោតក្នុងឆ្នាំ២០១៥នេះ មិនដូចគ្នា ទៅនឹងការបោះឆ្នោត នាឆ្នាំ១៩៩០នោះឡើយ។ លោក បានថ្លែងឡើងថា៖ «បើប្រជាជន បានជ្រើសរើស (គណបក្សប្រឆាំង) វាគ្មានហេតុផលអ្វី ដែលយើងមិនទទួលយកនោះទេ»។
បន្ទាប់ពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនេះរួច នៅប៉ុន្មានខែខាងមុខ នឹងមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដោយរដ្ឋសភាភូមា។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានហាមឃាត់ ដោយរដ្ឋធម្មនុញ្ញ (បង្កើត និងអនុម័តឡើង ដោយក្រុមយោធា) មិនឲ្យឈរឈ្មោះ ព្រោះអ្នកស្រីមានស្វាមីជាតិអង់គ្លេស និងមានកូនជាកូនកាត់នោះ បានថ្លែងត្រៀមទុកជាមុនហើយ ថាអ្នកស្រីនឹងដឹកនាំរដ្ឋាភិបាល ហើយនឹងមានអំណាច ជាងប្រធានាធិបតី ប្រសិនណាជាគណបក្សអ្នកស្រី បានឈ្នះឆ្នោតក្នុងពេលនេះ។ ប៉ុន្តែករណីនេះ វាមានភាពស្មុគ្រស្មាញ នៅត្រង់ថា ដើម្បីដឹកនាំប្រទេស និងអាចជ្រើសរើសប្រធានាធិបតី ដែលចេញពីគណបក្សអ្នកស្រីបាន លុះត្រាគណបក្ស LND ឬរួមជាមួយគណបក្សសម្ព័ន្ធភាពផ្សេងទៀត អាចរកសម្លេងបាន ច្រើនជាង២ភាគ៣ នៃសម្លេងក្នុងរដ្ឋសភាទាំងអស់។ ស្មុគ្រស្មាញខ្លាំង ដោយសារតែកៅអីចំនួន១ភាគ៤ នៃកៅអីតំណាងរាស្ត្រទាំងអស់ នៅក្នុងរដ្ឋសភា ត្រូវបានរដ្ឋធម្មនុញ្ញកំណត់ឲ្យប្រគល់ ទៅឲ្យក្រុមឧត្តមសេនីយ៍គ្រាក់ៗ នៃកងទ័ពភូមា៕