​ភូមា​ប្រកាស​តំឡើង​ប្រាក់​បៀវត្ស​ទាប​បំផុត ៣០%

ប្រាក់បៀវត្សទាបបំផុត នៅក្នុងប្រទេសភូមា នឹងត្រូវកម្រិត នៅត្រឹម៣,៧ដុល្លារ (ប្រមាណជា៣អ៊ឺរ៉ូ) ក្នុងមួយថ្ងៃ។ នេះ បើតាមការប្រកាស របស់រដ្ឋាភិបាលភូមា កាលពីដើមឆ្នាំ២០១៨ ដែលជាការតំឡើង ប្រមាណជា៣០ភាគរយ ទៅលើប្រាក់បៀវត្ស​ទាបបំផុត ក្នុងពេលកន្លងមក។ 
​ភូមា​ប្រកាស​តំឡើង​ប្រាក់​បៀវត្ស​ទាប​បំផុត ៣០%
អ្នកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ជ័យលាភីណូបែលសន្តិភាព។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ មករា ២០១៨
  • កែប្រែចុងក្រោយ: January 12, 2018
  • ប្រធានបទ: សេដ្ឋកិច្ចភូមា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានកាន់អំណាច មិនដល់២ឆ្នាំស្រួលបួលផងទេ តែបានប្រកាសរួចជាស្រេច ពីការតំឡើងប្រាក់បៀវត្ស ទៅដល់មន្ត្រីនយោជិកទាំងឡាយ ទាំងមន្ត្រីរដ្ឋការ ទាំងក្នុងវិស័យឯកជន (អនុវត្តន៍លើសហគ្រាស ដែលមានបុគ្គលិកចាប់ពី១០នាក់ឡើង)។

ការសម្រេចតំឡើងប្រាក់បៀវត្សនេះ ធ្វើឡើងបីឆ្នាំបន្ទាប់ពីរដ្ឋាភិបាលយោធា (មុនរដ្ឋាភិបាលអ្នកស្រី ស៊ូជី) បានដាក់ឲ្យមាន នូវកម្រិតប្រាក់បៀវត្សទាបបំផុត ក្នុងឆ្នាំ២០១៥ កន្លងទៅ។ នៅក្នុងសេចក្ដីរាយការណ៍មួយ ដែលចេញផ្សាយ ដោយសារព័ត៌មានផ្លូវការ «Global New Light of Myanmar» របស់រដ្ឋភូមា បានឲ្យដឹងថា ប្រាក់បៀវត្សថ្មី មានកម្រិត៤៨០០ឆា ក្នុងមួយថ្ងៃ។ សារព័ត៌មានបានស្រង់ប្រភពផ្លូវការមួយ មកសរសេរថា៖ «ប្រាក់បៀវត្សទាបបំផុតថ្មី នឹងត្រូវបានអនុវត្តន៍ នៅគ្រប់តំបន់ទាំងអស់ និងសម្រាប់គ្រប់សហគ្រាសទាំងអស់ ដែលមានបុគ្គលិក ចាប់ពី១០នាក់ឡើង»។

រដ្ឋាភិបាលអ្នកស្រី អ៊ុងសាន ស៊ូជី មាននយោបាយ ផ្ដល់អាទិភាពសំខាន់ ទៅលើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមកិច្ច ហើយក៏ជាអ្វីដែលអ្នកស្រី ម្ចាស់ជ័យលាភីណូបែលសន្តិភាព និងគណបក្សអ្នកស្រី បានសន្យានៅពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត កាលពីចុងឆ្នាំ២០១៥នោះដែរ។

ប៉ុន្តែសន្ទុះសេដ្ឋកិច្ច របស់ប្រទេសភូមា បន្ទាប់ពីការរំលាយខ្លួន របស់របបដឹកនាំបែបយោធានិយម ក្នុងឆ្នាំ២០១១នោះមក មានកម្រិតកើនឡើង គួរឲ្យចាប់អារម្មណ៍។ បើតាមរបាយការណ៍ របស់មូលនិធិរូបិយបណ្ណអន្តរជាតិ (IMF) បានគណនាឃើញ ពីកំណើត៥,៩% នៃផលិត​ផល​សរុប​ក្នុងស្រុក (ហៅកាត់ជាភាសាអង់គ្លេស GDP - និងភាសាបារាំង PIB) សម្រាប់ឆ្នាំ២០១៧កន្លងមក និងប៉ាន់ប្រមាន ពីកំណើត៦,៧% នៃផលិត​ផល​សរុប​ក្នុងស្រុក សម្រាប់ឆ្នាំ២០១៨នេះ។

យ៉ាងណា សម្រាប់ប្រទេសដ៏ក្រីក្រមួយ ដែលបានស្ថិតនៅក្នុងភាពឯកោ តាំងពីច្រើនទសវត្សន៍មកនេះ រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នៅមិនទាន់អាចធ្វើអ្វី ឲ្យបានច្រើនជាងនេះទេ ខណៈប្រាក់បៀវត្សទាបបំផុត ដែលទើបនឹងត្រូវបានតម្លើង ក៏នៅតែមានកម្រិត ទាបជាងប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា និងវៀតណាមជាដើមនោះ នៅឡើយដែរ។ ជាពិសេស វិបត្តិជនជាតិភាគតិច រ៉ូហ៊ីងយ៉ា (នៅភាគខាងលិច) នៅក្នុងរយៈពេលចុងក្រោយនេះ អាចនឹងមានផលប៉ះពាល់ ទៅដល់ការវិនិយោគទុន ក៏ដូចជាការធ្វើកំណែទម្រង់ទាំងឡាយ នៅក្នុងប្រទេស។

ផ្ទុយទៅវិញ របាយការណ៍កាលពីខែតុលា ឆ្នាំ២០១៧ របស់មូលនិធិរូបិយបណ្ណអន្តរជាតិ បានបង្ហាញទិន្នន័យ ប្រកបដោយសុទិដ្ឋិនិយមថា ក្នុងឆ្នាំ២០២២ខាងមុខ បណ្ដាជនភូមា នឹងរកចំណូលបាន ច្រើនជាងពលរដ្ឋកម្ពុជា។ របាយការណ៍នោះ បានគណនាថា សម្រាប់បួនឆ្នាំទៅមុខ ពលរដ្ឋកម្ពុជាម្នាក់ៗ រកចំណូលជាមធ្យម បាន ១ ៩៧៩ដុល្លារ ខណៈពលរដ្ឋភូមាម្នាក់ៗ រកចំណូលជាមធ្យម បាន ២ ០៤៨ដុល្លារ ក្នុងមួយឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...