រដ្ឋាភិបាលព្រមានគេហទំព័រដើមត្នោត ព្រោះផ្សាយពីការតែងតាំងចៅហ្វាយខេត្តបាត់ដំបង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ តុលា ២០១៧
- កែប្រែចុងក្រោយ: October 10, 2017
- ប្រធានបទ: កៀនកោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីសារព័ត៌មានធំៗ ដែលបានបិទទ្វា (និងត្រូវបានបិទទ្វា) ជាបន្តបន្ទាប់នោះ រដ្ឋាភិបាលលោក ហ៊ុន សែន ទំនងជាកំពុងក្ដៅស្លឹកត្រជៀក ជាមួយនឹងគេហទំព័រសារព័ត៌មានដើមត្នោតមួយទៀត ដែលចេះតែផ្សាយ ពីអត្ថបទរសើបៗ ទាក់ទងនឹងរឿងរ៉ាវកៀកកោះ ប្រឡោះប្រហោងនានា របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយកាលពីម្សិលម៉ិញ តែទើបមកដល់ដៃអ្នកសារព័ត៌មាន ក្នុងយប់ថ្ងៃនេះ បានព្រមានស្ថាប័នសារព័ត៌មាន «Online» មួយនេះ ជុំវិញអត្ថបទមួយរបស់ខ្លួន ដែលចេញផ្សាយ តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ដីពីការតែងតាំងចៅហ្វាយខេត្តបាត់ដំបង ដែលទំនងជាត្រូវបានធ្វើឡើង តាមរយៈបក្ខពួកនិយម និងអំពើពុករលួយ។
ដោយស្រង់ប្រភពលាក់ឈ្មោះមួយ គេហទំព័រនេះ បានសរសេរចោទជាសំនួរ ដំបូងឡើងថា «ជាង៥០ម៉ឺនដុល្លារ បានធ្វើចៅហ្វាយខេត្ត ?» មុននឹងពន្យល់ថា «លោក ងួន រតនៈ អតីតជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដនសស) ខេត្តបាត់ដំបង និងបច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អាចនឹងត្រូវរៀបចំតែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង» ជំនួសលោក ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបច្ចុប្បន្ន ដែលត្រូវដល់អាយុ ត្រូវចូលនិវត្តន៍ នាពេលខាងមុខ។
បើតាមប្រភពលាក់ឈ្មោះ ដែលសារព័ត៌មាននិយាយថា ជា«ព័ត៌មានរហិចរហៀង ក្បែរទីស្តីការក្រសួងមហាផ្ទៃ»នោះ បានអះអាងទៀតថា ការរៀបចំតែងតាំងនេះ ជា«ការផ្ចុងផ្តើមគំនិត និងគូសវាស» ដោយលោក ប្រាជ្ញ ចន្ទ អតីតអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង-ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្ន ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ អត្ថបទបានសរសេរថា៖ «តម្លៃសេវារត់ការលោក ងួន រតនៈ ឲ្យឡើងកាន់តំណែង ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង តាមរយៈឯកឧត្តម ប្រាជ្ញ ចន្ទ គឺមានទំហំទឹកប្រាក់ ប្រមាណជាង៥០ម៉ឺនដុល្លារអាមេរិក»។
ប៉ុន្តែសម្រាប់ក្រសួងមហាផ្ទៃ ការផ្សាយពីដំណឹងខាងលើ បញ្ចេញមកសារព័ត៌មាន ដោយប្រភព«លាក់មុខ» វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងជាការបំផ្លើសការពិត ក្នុងគោលបំណង «បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងធ្វើឲ្យសាធារណមតិយល់ច្រឡំ មកលើការដឹកនាំរបស់ក្រសួង»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ដោយព្រមានត្រឡប់ទៅសារព័ត៌មាន និងប្រភព«លាក់មុខ»នោះ ថា«ត្រូវទទួលខុសត្រូវ» ចំពោះមុខច្បាប់។
លខិតប្រកាសព័ត៌មាន របស់ក្រសួង ដែលគ្មានចុះលេខនោះ បានពន្យល់ថា រាល់ការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្រ្តីរាជការ ទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុលោមតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ នៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។
តែតាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើ ក្រសួងមហាផ្ទៃ ហាក់ដូចជាបានប្រកាស ឲ្យដឹងជាមុន និងទទួលស្គាល់រួចជាស្រេច ថាលោក នួន រតនៈ ពិតជានឹងត្រូវតែងតាំង ឲ្យឡើងធ្វើចៅហ្វាយខេត្តបាត់ដំបង ដូច«ព័ត៌មានរហិចរហៀង»នោះមែន។
ភ្លាមៗនេះ មិនទាន់មានប្រតិកម្ម ពីសារព័ត៌មានដើមត្នោត ទៅនឹងការចេញលិខិតព្រមាន របស់ក្រសួងមហាផ្ទៃនេះ នៅឡើយ៕