ISIS អង្គការភេរវនិយមដែលគម្រាមពិភពលោកខ្លាំងជាងគេ បើតាមចារកម្មអាមេរិក
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ កុម្ភៈ ២០១៦
- កែប្រែចុងក្រោយ: February 11, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានក្លាយជាក្រុមភេរវជនដ៏ធំ ដែលគម្រាមដល់ពិភពលោកខ្លាំងជាងគេ ជាមួយនឹងបរិមាណ នៃការវាយប្រហារនានា ដែលចេះតែកើនឡើង នៅជុំវិញផែនដី។ នេះជាការលើកឡើង របស់អ្នកសម្របសម្រួល ផ្នែកចារកម្មទាំង១៧ស្ថាប័នរបស់អាមេរិក លោក ជេម ក្លាផើរ (James Clapper)។
លោក ជេម បានថ្លែងពន្យល់ជាមួយនឹង របាយការណ៍ប្រចាំឆ្នាំមួយ ដែលធ្វើការវាយតម្លៃ ដល់ការគម្រាមនានានៅជុំវិញផែនដី យ៉ាងដូច្នេះថា នៅសហរដ្ឋអាមេរិក ការគម្រាមសំខាន់បំផុត របស់ក្រុមអ៊ីស្លាមនិយមជ្រុល បានកើតឡើងនៅលើទឹកដីអាមេរិកផ្ទាល់តែម្ដង។ ការគម្រាមនោះ បង្កឡើងដោយពលរដ្ឋអាមេរិកាំង ឬជនបរទេស ដែលរស់នៅលើទឹកដីអាមេរិក។
របាយការណ៍បានបន្តថា ភាពជោគជ័យ នៃការវាយប្រហារជាលក្ខណៈឯកជន នៅក្នុងក្រុង «Chattanooga» នៃរដ្ឋ «Tennessee» (ភាគខាងកើត នៃសហរដ្ឋអាមេរិក) កាលពីខែកក្កដាកន្លងទៅ និងនៅក្នុងក្រុង «San Bernardino» កាលពីពេលថ្មីៗនេះ នឹងអាចជា«គំរូ» ដើម្បីមនុស្សដទៃធ្វើត្រាប់តាម ហើយបើកការវាយប្រហារផ្សេងទៀត។
ទឹកដីព្រះជាម្ចាស់...
អ្នកសម្របសម្រួលផ្នែកចារកម្មរូបនេះ បានឲ្យដឹងទៀតថា៖ «ក្រុមរដ្ឋអ៊ីស្លាម បានក្លាយជាក្រុមភេរវជនដ៏សំខាន់ ដោយសារពួកនេះ បានប្រកាសដោយខ្លួនឯង នូវទឹកដីព្រះជាម្ចាស់ នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ បូករួមនឹងបរិមាណកើនឡើង នៃការវាយប្រហារនានា។ ការគម្រាមទាំងនោះ នឹងអាចកើតឡើងទៀត ហើយនឹងជាគំរូ ដើម្បីធ្វើការវាយប្រហារ នៅជុំវិញផែនដី។»
«ចំពោះក្រុមភេរវនិយមសម្ព័ន្ធមិត្ត ដែលមានឈ្មោះ អាល់កៃដា (Al-Qaïda) វិញ បើទោះជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានវាយបង្រាបអង្គការចាត់តាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ត និងប៉ាគីស្តង់រួចហើយក៏ដោយ ក៏ក្រុមនេះបានពង្រឹង រចនាសម្ព័ន្ធរបស់ខ្លួន នៅក្នុងរយ:កាលកន្លងមក ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសកម្មភាព សម្រាប់ឆ្នាំ២០១៦ នេះ។»
សូមជម្រាបជូនថា លោក ជេម ក្លាផើ ជាអ្នកសម្របសម្រួល ទៅលើភ្នាក់ងារចារកម្មចំនួន១៧ស្ថាប័ន មានដូចជា CIA, NSA ឬ DIA (ចារកម្មយោធាអាមេរិក) ជាដើម។ លោកក៏ជាទីប្រឹក្សាដ៏សំខាន់មួយរូប របស់ប្រធានាធិបតីអាមេរិក ក្នុងវិស័យព័តមានសំងាត់នោះដែរ៕