ញ៉ូយក៖ ឃាត់ខ្លួនជនម្នាក់ ស្ថិតនឹងអាល-កៃដា ដោយជាប់អន្ទាក់ FBI
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 18, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរខាងយុត្តិធម៌ របស់សហរដ្ឋអាមេរិក បានប្រកាសអោយដឹងថា បុរសម្នាក់ ដែលអួតថា ខ្លួនមានជាប់ទាក់ទង នឹងបណ្ដាញភេវរកម្មអាល-កៃដា ហើយចង់ដាក់ បំផ្ទុះគ្រាប់បែកទំងន់៤៥គីឡូ នៅពីមុខអាគារឯកសារមួយរបស់សហព័ន្ធ នៅទីក្រុងញ៉ូយកនោះ ត្រូវបានគេឃាត់ខ្លួន កាលពីថ្ងៃពុធទី១៧តុលាព្រឹក។
កាហ្សី មូហាមេដ និងអាគារដែលគេចង់ដាក់គ្រាប់បែបបំផ្ទុះ។
បុរសនោះអាយុ២១ឆ្នាំ មានដើមកំណើតមកពីបង់ក្លាដេស ត្រូវបានគេចាប់ឃាត់ខ្លួន ក្រោយពីជននេះបានខិតខំ បំផ្ទុះគ្រាប់បែករបស់ខ្លួន តែមិនបានសំរេច ដោយហេតុជននេះ ត្រូវភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយ (FBI) តាមដានតាំងពីច្រើនខែមកហើយ។ កាហ្សី មូហាមេដ រេហ្សវាណុល អាសាន់ ណាហ្វីស (Quazi Mohammad Rezwanul Ahsan Nafis) មានបំណង់ចង់ដាក់អោយផ្ទុះអាគារមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពី អតីតអាគារពាណិជ្ជកម្មភ្លោះ (World Trade Center) ក្នុងផ្នែកខាងត្បូងនៃសង្កាត់ ម៉ាណាតាន់។
លោករដ្ឋអាជ្ញាសហព័ន្ធ នៅសង្កាត់ប្រូកគ្លីន (Brooklyn) បានបញ្ជាក់អះអាងក្នុងសេចក្ដីប្រកាសពត៌មានថា បុរសវ័យក្មេងរូបនេះ បានមកដល់សហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ២០១២ ក្នុងគោលបំណងចង់ធ្វើភេវរកម្ម។ ដោយធ្លាប់មានទំនាក់ទំនង ជាមួយនឹងបណ្ដាញភេវរកម្មអាល-កៃដា (Al-Qaïda) ជននេះបានស្វែងរក បង្កើតប្រព័ន្ធភេវរករមួយនៅសហរដ្ឋអាមេរិក។
តែមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ដែលជននេះស្វែងរកនោះ ជាភ្នាក់ងារសម្ងាត់របស់ អេហ្វប៊ីអាយ ហើយបានចូលរួមក្នុងការត្រៀមរៀបចំរបស់ជននេះ។ គឺភ្នាក់ងារនេះហើយ ដែលបានប្រគល់ទៅអោយជននេះ ទៅតាមការចង់បាន គឺម្សៅបំផ្ទុះទំងន់២២,៥គីឡូក្រាម ចំនួន២០កញ្ចប់។ បុរសវ័យក្មេងបានទិញម៉ាស៊ីនដាក់បញ្ជាអោយផ្ទុះមួយទៀត ដោយនិយាយជាច្រើនដងពីកន្លែងដែល គេចង់ធ្វើសកម្មភាព។
នៅក្នុងសេចក្ដីថ្លែងការណ៍សរសេរដោយដៃ បាននិយាយថា កាហ្សី មូហាមេដ បានត្រៀមធ្វើសកម្មភាពនេះ ក្នុងនាម អាល-កៃដា ដោយអះអាងពីបំណងចង់បំផ្លាញសហរដ្ឋអាមេរិក ហើយអ្វីដែលត្រូវធ្វើអោយមានប្រសិទ្ធិភាព គឺត្រូវបំផ្លាញអោយចំគោលដៅ «សេដ្ឋកិច្ចអាមេរិកាំង»។ លោករដ្ឋអាជ្ញាបានបន្តថា ជននេះបានបញ្ជាក់ហើយបញ្ជាក់ទៀតថា «ខ្លួនស្រឡាញ់ អ៊ូសាម៉ា ប៊ែនឡាដែន យ៉ាងជ្រាលជ្រៅ»។
នៅថ្ងៃពុធព្រលឹមឡើងស្រាងៗ ជននេះបានជួបម្ដងទៀត ភ្នាក់ងារសម្ងាត់របស់ អេហ្វប៊ីអាយ ជាថ្មីទៀត ហើយបានធ្វើដំណើរទៅជាមួយគ្នា នៅក្នុងឃ្លាំងមួយ ដើម្បីផ្គុំគ្រឿងផ្ទុះ ដែលជននេះគិតថា នឹងអាចប្រើបាន។ តែគ្រឿងម៉ាស៊ីនទាំងនេះ សុទ្ធតែមិនដំណើរការទាំងអស់ តែជននេះមិនបានគិតដល់នោះទេ។ បន្ទាប់មកជននេះ បានចេញដំណើរទៅកាន់ អាគារឯកសាររបស់សហព័ន្ធ កន្លែងដែលខ្លួនបានចតឡានជិតនោះ។ ជននេះបានឆ្លៀតថតវីដេអូមួយ នៅក្នុងសណ្ឋាគារជិតនោះ ដោយបាននិយាយថា «យើងនឹងមិនបឈ្ឈប់ទេ បើមិនទាន់ទទួលបានជ័យជំនះ» បន្ទាប់មក បានសាកល្បង នឹងបំផ្ទុះគ្រាប់បែកឡើង ជាមួយនឹងទូរស័ព្ទដៃ។
កងកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជននេះ ដោយបានចោទ ពីបទខិតខំប្រើប្រាស់អាវុធបំផ្លិចបំផ្លាញ និងខិតខំផ្ដល់ ទៅអោយបណ្ដាញអាល-កៃដា នូវការគាំទ្រជាសម្ភារះ។ ជនដ៏ក្មេងនេះ អាចនឹងមានទោសជាប់ពន្ធនាគា មួយជីវិត៕
--------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ