ប្រទេសកម្ពុជា កាន់មរណទុក្ខអតីតព្រះមហាក្សត្រ សីហនុ

ព្រះបុរមសព នៃអតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ដែលទ្រង់សោយទីវង្គត កាលពីថ្ងៃទី១៥តុលាកន្លងទៅ នៅទីក្រុង​ប៉េកាំង ប្រទេសចិននោះ បានដង្ហែយាងត្រឡប់មកមាតុប្រទេស និងយកមកតំកល់នៅក្នុងព្រះបុរមរាជវាំង នាទីក្រុងភ្នំពេញ​រួចរាល់ហើយ នៅថ្ងៃពុធទី១៧តុលារសៀល។ ក្បួនដង្ហែ ដែលបានឆ្លងកាត់ ហ្វូងមនុស្សយ៉ាងសន្ធឹកសន្ធាប់ មិនដែលធ្លាប់​មាន នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះបុរមសព នៃអតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ដែលទ្រង់សោយទីវង្គត កាលពីថ្ងៃទី១៥តុលាកន្លងទៅ នៅទីក្រុង​ប៉េកាំង ប្រទេសចិននោះ បានដង្ហែយាងត្រឡប់មកមាតុប្រទេស និងយកមកតំកល់នៅក្នុងព្រះបុរមរាជវាំង នាទីក្រុងភ្នំពេញ​រួចរាល់ហើយ នៅថ្ងៃពុធទី១៧តុលារសៀល។ ក្បួនដង្ហែ ដែលបានឆ្លងកាត់ ហ្វូងមនុស្សយ៉ាងសន្ធឹកសន្ធាប់ មិនដែលធ្លាប់​មាន នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។


ហ្វូងមនុស្សយ៉ាងសន្ធឹកសន្ធាប់ នៃអ្នកមានសមាណចិត្តនឹងអតីតព្រះមហាវីរក្សត្រ។ រូបថតលើ ហ្វេសប៊ុក។

ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើសេចក្ដីអត្ថាធិប្បាយរួចហើយ ក្នុងទំព័រផ្សាយបន្ដផ្ទាល់របស់ខ្លួន ពីព្រឹត្តិការណ៍នេះ ថាបណ្ដាអ្នកមានសមាណចិត្ត ស្រឡាញ់ គោរពដល់អង្គសម្ដេចឪ ព្រះបាទនរោត្ដម សីហនុ មិនតិចជាង ១លានអ្នក នឹងធ្វើ​ដំណើរមកធ្វើគាវរកិច្ចចុងក្រោយ ចំពោះព្រះបុរមសព នៅថ្ងៃនេះ។ ពួកគេទាំងនោះ មានទាំងប្រុសទាំងស្រី ក្មេងចាស់ និង​មានមកពីបណ្ដាខេត្តផង បានរាយបណ្ដាក់គ្នានៅតាមដងផ្លូវនានា រាប់ចាប់ផ្ដើមពីអាកាសយានដ្ឋានអន្តរជាតិ ពោធ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរូស្សី ឆ្លងកាត់តាមមហាវិថីព្រះនរោត្ដម រហូតមកដល់វិមានឯករាជ្យ (និមិត្តរូប នៃការទាមទារ​ឯករាជ្យភាពរបស់ព្រះអង្គ ពីអាណានិគមបារាំង) មុននឹងប្រមូលគ្នាយ៉ាងមូលមីតាន់តាប់ រហូតដល់មុខព្រះបុរមរាជវាំង។

ព្រះបុរមសព បានដឹកចេញពីមន្ទីពេទ្យទីក្រុងប៉េកាំង ប្រទសចិន តាំងពីម៉ោង១១ព្រឹកថ្ងៃដដែល តាមព្រះទីនាំងមួយ រៀបចំ​ចាត់ចែងដោយអាជ្ញាធរចិន ដោយមានអមធ្វើចរាចរណ៍ ដោយកងកំលាំងនគរបាលចិនផង មកកាន់អាកាសយានដ្ឋាន​អន្តរជាតិ ដើម្បីបញ្ជូនតាមយន្ដហោះទៅកាន់ប្រទេសកម្ពុជា។ អមព្រះរាជដំណើររបស់ព្រះបុរមសព មានអ្នកទទួលខុសត្រូវ​ជាន់ខ្ពស់ម្នាក់របស់ គណបក្សកុម្មុយនីសចិន - សម្ដេចម៉ែ មុន្នីនាថ សីហនុ - ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្ដម សីហមុន្នី និងលោកនាយករដ្ឋមន្ដី្រខ្មែរ ហ៊ុន សែន។ ក្រោយពីចុះចតដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នៅម៉ោង០២ម៉៤៥​ រសៀល និងព្រះសង្ឃបានសូត្របង្សកូលនៅទីនោះ ប្រហែលជា ១ម៉ោង ទើបព្រះបុរមសព នៅក្នុងព្រះបុរមកោដមាន​ពណ៌​មាស បានរំកិលខ្លួនបន្ដចម្ដងៗ ធ្វើដំណើរឆ្ពោះមកកាន់ព្រះបុរមរាជវាំង ទីកន្លែងដែលអតីតព្រះមហាក្សត្រ ទ្រង់នឹងត្រូវគេ​តំកល់ដើម្បីការគោរពវិញ្ញាណខ័ន មិនតិចជាង៣ខែ។

ការកាន់ទុក្ខជាផ្លូវការ និងមានកំរិតថ្នាក់ជាតិ បានប្រកាសចាប់ពីថ្ងៃនេះដដែលទៅ រហូត៧ថ្ងៃក្រោយ។ ការកំណត់យកថ្ងៃ​បូជាព្រះបុរមសព នឹងត្រូវកំណត់នៅពេលក្រោយ និងមិនធ្វើមុនពេល៣ខែក្រោយឡើយ។ បុណ្យប្រពៃណីជាតិ អុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទីក្រុងភ្នំពេញ ត្រូវបានរដ្ឋាបាលប្រកាសលប់ចោល ជានិមិត្តរូបឆ្លើយតប ទៅនឹងការកាន់ព្រះមរណទុក្ខថ្នាក់ជាតិ ដែលមានកំរិតដ៏កំពូលនេះ។

ហ្វូងមនុស្សដ៏ធំ មិនដែលធ្លាប់មានកន្លងមក

បរិមាណដែលហ្វូងមនុស្សបានមកជួបជុំគ្នា ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធទី១៧តុលានេះ បានបង្ហាញ​ពីភាពមិនអាចខ្វះ​បាន របស់ប្រជាជនកម្ពុជា ជាមួយនឹងអតីតព្រះមហាក្សត្រនរោត្ដម សីហនុ។ អតីតព្រះវីរក្សត្រ ដែលជីវិតទាំងមូល​របស់​ព្រះអង្គ​ បានបូជាទាំងស្រុងទៅក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ស្វែង​រក​សន្តិភាពអោយប្រទេសព្រះអង្គ បើទោះជាប្រវត្តិសាស្ត្របានជេស្ដីព្រះអង្គ ពីការប្រកាន់ជំហរមិនត្រឹមត្រូវខ្លះៗក៏ដោយ។

មានមនុស្សជាច្រើនបានងើបតាំងពីព្រលឹមស្រាងៗ ដើម្បីមកដាក់តាំងកន្លែងរបស់ខ្លួនអង្គុយ ហើយបានប្រឈមនឹង​កម្ដៅ​ថ្ងៃយ៉ាងខ្លាំង តែគោលបំណងតែមួយគត់របស់ពួកគេ គឺដើម្បីបានគោរព«លា»ជាចុងក្រោយ អង្គ«សម្ដេចឪ» ដែលពួកគេ​ទាំងនោះបានតំកល់ «ជីវិតលើត្បូង»។

សូមបញ្ជាក់ថា នៅទីលានធានអានម៉េង (Tiananmen) កណ្ដាលទីក្រុងប៉េកាំង អាជ្ញាធរចិន បានទំលាក់ទង់ជាតិរបស់ខ្លួន​មក​កណ្ដាលដង ជាសញ្ញាកាន់មរណទុក្ខ ដែលនេះជាគាវរកិច្ចដ៏កំរមួយ របស់ប្រទេសចិន ផ្ដល់ទៅអោយវីរជន​សំខាន់​ ជាជន​ជាតិបរទេស៕

សូមទស្សនាវីដេអូខាងក្រោម ដែលទូរទស្សន៍បារាំងបានទៅថតផ្ដិតផ្ទាល់ ពីទិដ្ឋភាពនេះ៖

----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...