អត្ថន័យ«នយោបាយ» ទៅតាមរបបគ្រប់គ្រងប្រទេស
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនយល់ថា នយោបាយគឺជារឿងដែលគេមិនគួរប៉ះពាល់ នយោបាយគឺជា«នយោបោក»ជាដើម ហើយពួកគេតែងតែនិយាយថា មនុស្សទូទៅគេមិនគួរពាក់ព័ន្ធ នឹងបញ្ហានយោបាយនោះទេ។ ប៉ុន្តែនៅក្នុងបរិបទសព្វថ្ងៃ មានមនុស្សច្រើនឡើងៗ កាន់តែយល់ពីបញ្ហានយោបាយ។ តែពួកគេខ្លះទៀត នៅមិនទាន់ចែកឲ្យដាច់ស្រេចពីពាក្យនយោបាយនេះនៅឡើយ។ នោះគឺដោយសារតែអត្ថន័យនៃ«នយោបាយ» ទទួលបានការបកស្រាយខុសៗគ្នា និងប្រែប្រួលទៅតាមរបបសង្គមដែលប្រទេសមួយប្រកាន់យក។
លោក ហ៊ុន សែន អ្នកនយោបាយខ្មែរមួយរូប ដែលបានប្រែប្រួលមិនឈប់ឈរ រាប់ចាប់តាំងពីលោក នៅជាជនកុំម្មុយនីសបែបខ្មែរក្រហមរហូតមកសព្វថ្ងៃ។ រូបនេះថតនៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)
នៅពេលដែលគេនិយាយដល់ពាក្យថា«នយោបាយ» ឬជាភាសាអង់គ្លេសថា «Politics» ជាទូទៅមនុស្សទាំង អស់តែងតែផ្តល់និយមន័យ និងមានការយល់ឃើញខុសៗគ្នា ដោយផ្អែកទៅលើបទពិសោធន៍ និងការជួបប្រទះ ព្រមទាំងកម្រិតនៃការយល់ដឹងរៀងៗខ្លួន ឬអាចនិយាយបានថា អាស្រ័យលើសង្គមដែលគេកំពុងតែរស់នៅ។ ខាងក្រោមនេះ ជាការបកស្រាយ៖
អត្ថន័យនយោបាយ សម្រាប់ជនដែលរស់នៅក្នុងប្រទេសផ្តាច់ការ
សម្រាប់មនុស្សដែលបានរស់នៅ ក្រោមឥទ្ធិពលនៃប្រទេសមួយ ដែលប្រកាន់យកនូវលិទ្ធិអំណាចនិយម ឬកុម្មុយនីសនិយម ពួកគេបានយល់ឃើញថា នយោបាយគឺជារឿងផ្ដាច់មុខរបស់វណ្ណៈអ្នកគ្រប់គ្រង ឬអ្នកធំៗ ដែលត្រូវតែប្រើប្រាស់អំណាច ដើម្បីគ្រប់គ្រង់ប្រទេស រៀបចំរបៀបរៀបរយនៅក្នុងប្រទេស និងប្រមូលធនធានដែលមាននៅក្នុងប្រទេស យកមកធ្វើការអភិវឌ្ឍន៍។
អ្នកនៅក្រោមបង្គាប់ ពោលគឺប្រជារាស្រ្តតែម្តង ត្រូវតែស្តាប់បង្គាប់ និងប្រតិបត្តិតាមឲ្យបានតឹងរឹងជាទីបំផុត ព្រមទាំងច្បាប់ ដែលអ្នកដឹកនាំបានបញ្ញត្តិ ប្រសិនបើមានជនណាល្មើសនោះ ឬរំលោភបំពាន ត្រូវតែចាប់យកមកផ្តន្ទា ទោសជាកំហិត។ សម្តីរបស់មេដឹកនាំ គឺជាច្បាប់។ ប្រជាជននៅក្នុងសង្គមនេះយល់ថា អ្នកអាចដឹកនាំប្រទេសបាន លុះត្រាតែជននោះ ស្ថិតនៅក្នុងវណ្ណៈអ្នកគ្របគ្រង ពោលគឺខ្សែស្រឡាយអ្នកដឹកនាំតែម្តង ទើបមានសមត្ថភាព និងការចេះដឹង អាចដឹកនាំស្រុកទេសបាន តែចំពោះពលរដ្ឋធម្មតាវិញ មិនអាចមានគុណសម្បត្តិគ្រប់គ្រាន់ និងមិនមានការចេះដឹង អាចដឹកនាំប្រទេសបានឡើយ។
អត្ថន័យនយោបាយ សម្រាប់ជនដែលរស់នៅក្នុងប្រទេស កំពុងមានការប្រែប្រួលពីផ្ដាច់ការទៅប្រជាធិបតេយ្យ
សម្រាប់ជនដែលបានរស់នៅក្នុងប្រទេស ដែលកំពុងតែមានការប្រែប្រួលវិញ ពោលគឺផ្លាស់ប្តូរពីប្រទេសផ្តាច់ការ ឫអំណាចនិយម ទៅរកប្រជាធិបតេយ្យនិយម ពួកគេយល់ឃើញថា នយោបាយគឺជារឿងគ្រប់គ្រង ប្រជាជន ដោយឈរនៅលើឧត្តមគតិប្រជាធិបតេយ្យ។ អំណាចដឹកនាំប្រទេស កើតឡើងអំពីប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ។ តែជនមួយចំនួនទៀត ដែលនៅមិនទាន់ដាច់ស្រឡះ ពោលគឺធ្លាប់បានទទួល ការបណ្តុះបណ្តាលពីរបបអំណាចនិយមឬកុម្មុយនីស ពូកគេយល់ថា អ្នកដឹកនាំប្រទេស ទុកឲ្យអ្នកដែលស្ថិតនៅក្នុងវណ្ណៈអ្នកគ្រប់គ្រងសិនទៅ ព្រោះប្រជាពលរដ្ឋនៅមិនទាន់មានការចេះដឹង នោះទេ។ តែនៅពេលដែលប្រជាពលរដ្ឋមានការចេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ហើយនោះទើបពលរដ្ឋធម្មតាទាំងនោះ អាចរំកិលខ្លួនទៅដឹកនាំស្រុកទេសបាន។
អត្ថន័យនយោបាយ សម្រាប់ជនដែលធ្លាប់ទទួលរងសម្ពាធពីនយោបាយបុគ្គល
ជនមួយចំនួនទៀតយល់ថា នយោបាយជារឿងស្វែងរកអំណាច ហើយយកអំណាចទាំងនោះទៅប្រើប្រាស់ ដើម្បីតែផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។ ការយល់បែបនេះ គឺដោយសារតែជនទាំងនោះ ធ្លាប់ ទទួលរងសម្ពាធ ពីនយោបាយបុគ្គល ហើយស្អប់ខ្ពើមនយោបាយ មិនចង់ចូលរួមប្រឡូកក្នុងឆាកនយោបាយ ទោះដោយប្រយោលឬផ្ទាល់ក៏ដោយ។ ពួកគេទាំងនោះ ជានិច្ចជាកាលព្យាយាមដកខ្លួន ចេញពីបញ្ហានយោបាយនេះជានិច្ច រហូតដល់មានអ្នកខ្លះយល់ថា រឿងនយោបាយជារឿងស្មោគគ្រោក ជារឿងដណ្ណើមផល ប្រយោជន៍គ្នាដោយគ្មានខ្លាចរអារ ដើម្បីតែផលប្រយោជន៍របស់ខ្លួន ដើម្បីតែអំណាចរបស់ខ្លួន បក្សពួកខ្លួន ហើយអ្នកនយោបាយហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ក្នុងគោលបំណងបន្តុះបង្ហាប់ បរិហារ មូលបង្កាច់ ចំពោះ គូរប្រកួតប្រប្រជែងរបស់ខ្លូនឲ្យខាងបង់ ខូចកិត្តិយស ជាដើម។ ដូច្នេះពួកគេយល់ឃើញថា មនុស្សដែលល្អ ដែលត្រឹមត្រូវមិនគួរយកខ្លួន ទៅបៀតនឹងបញ្ហានយោបាយនោះទេ ព្រោះវានាំឲ្យមានទុក្ខទោស ខូចកិត្តិយស់ខ្លួនឯង និង គ្រួសារតែប៉ុណ្ណោះ។
អត្ថន័យនយោបាយ សម្រាប់ជនដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យ
សម្រាប់ជនដែលបានរស់នៅក្រោមឥទ្ធិពល នៃប្រទេសដែលប្រកាន់យកនូវរបបប្រជាធិបតេយ្យវិញ ពួកគេយល់ថា នយោបាយ គឺជារឿងរបស់ប្រជាពលរដ្ឋទំាងមូល អំណាចនយោបាយគឺជាអំណាចរបស់ ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ គឺជាម្ចាស់អំណាចអធិបតេយ្យយ៉ាងពិតប្រាកដ ហើយអ្នកដែលកំពុងប្រើប្រាស់ អំណាចនយោបាយ គឺជាអ្នកដែលទទួលសិទ្ធិ ឬការជឿទុកចិត្តពីពលរដ្ឋតែប៉ុណ្ណោះ។ ការប្រើប្រាស់ អំណាចនយោបាយ ត្រូវធ្វើឡើងស្របទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹង ផលប្រយោជន៍ពលរដ្ឋ។ ប្រជាពលរដ្ឋមានសិទ្ធិអំណាចធំបំផុត ក្នុងការកំណត់ ឬដកហូតដំណែងអ្នកដឹកនាំ។ ការយល់របស់ពលរដ្ឋបែបនេះ វាជាកត្តាធ្វើឲ្យពលរដ្ឋមានភាពទទួលខុសត្រូវ មានតួនាទី និង មានការចូលរួមចំណែកក្នុងសកម្មភាពនយោបាយយ៉ាងសកម្ម តាមដាននិងត្រូតពិនិត្យមើលអ្នកដឹកនាំ ដែលខ្លូនផ្តល់សិទ្ធិអំណាចឲ្យ ថាតើបានអនុវត្តបានត្រឹមត្រូវតាមទឹកចិត្តពលរដ្ឋដែរ ឬយ៉ាងណា។
សូមអ្នកចោទសួរខ្លួនអ្នកថា «ឆ្លងតាមការអានអត្ថបទខាងលើ តើអ្នកជាពលរដ្ឋស្ថិតនៅក្នុងសង្គមបែបណា ហើយមានការយល់ឃើញ យ៉ាងណាចំពោះពាក្យថា នយោបាយនេះ? តើកម្ពុជាជាប្រទេស ដែលប្រកាន់របបគ្រប់គ្រងបែបណា ?»
(សូមរងចាំអានបន្តទៀត៖ យើងនឹងលើកយកទស្សនរបស់អ្នកធំៗ មានលោក ផ្លាតុង និងអារីស្តួតជាដើម នៅក្នុងអត្ថន័យនយោបាយនេះ មកជម្រាបជូន ក្នុងអត្ថបទលើកក្រោយ)
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ