សម រង្ស៊ី ប្រកាសដាក់ជីវិត ជាថ្នូរនឹងអាយុជីវិតជាតិ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: December 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីយប់ថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ បានប្រកាសលះបង់ជីវិតរបស់ខ្លួននៅចំពោះមុខក្រុមបាតុករជាច្រើនពាន់នាក់ ដើម្បីជាថ្នូរនឹងអាយុជីវិតរបស់ប្រទេសជាតិ។ ការប្រកាសរបស់លោក សម រង្ស៊ី បែបនេះ បានធ្វើឲ្យក្រុមបាតុករទះដៃកងរំពងឡើង ដោយក្តីរំភើបនិងមានសង្ឃឹម នៅពេលបានឮការប្តេជ្ញារបស់ប្រមុខមេដឹកនាំខ្លួនបែបនេះ ។
នៅលើរថយន្ដកណ្ដាល៖ លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី លើកទង់ជាតិ និងដៃទៅរកអ្នកគាំទ្រ ក្នុងពេលដង្ហែក្បួនបាតុកម្មកាត់រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - «ខ្ញុំបានប្តេជ្ញាចិត្តហើយ! ខ្ញុំចាស់ហើយ ខ្ញុំអត់ខ្លាចស្លាប់ទេ! ដល់ពេលហើយ ដែលខ្ញុំត្រូវហ៊ានបូជាជីវិតដើម្បីឲ្យជាតិរស់» នេះគឺជាពាក្យពេចន៍នៃវីរៈបុរស ក្នុងដួងចិត្តរបស់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅទីលានប្រជាធិបតេយ្យ នៅយប់ថ្ងៃទី ១៧ ខែធ្នូ ពោលគឺនៅពេលដែលលោកបានត្រឡប់មកពីដឹកនាំក្រុមបាតុកដង្ហែក្បួន នៅតាមដងផ្លូវមួយចំនួន កាត់រាជធានីភ្នំពេញរួចមក។
លោក សម រង្ស៊ី បានរៀបរាប់រម្លឹកឡើងវិញ ពីពេលដែលរូបលោកត្រូវបានតុលាការនៃប្រទេសកម្ពុជា សម្រេចដាក់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែន កាលពីឆ្នាំ ២០០៩ ដែលធ្វើឲ្យរូបលោកត្រូវនិរទេសខ្លួនទៅរស់នៅប្រទេសបារំាងអស់រយៈពេលជាង ៤ ឆ្នាំ។ មេបក្សប្រឆាំងរូបនេះ បានថ្លែងបន្តទៅកាន់អ្នកគាំទ្រទៀតថា មុនពេលដែលលោកសម្រេចចិត្តចូលមកប្រទេសកម្ពុជាវិញនេះ គឺដោយសារតែកម្ពុជាកាន់តែ«ដុនដាប»ទៅៗ។ ម្លោះហើយ បានជាជម្រុញឲ្យលោកធ្វើការសម្រេចចិត្តចូលស្រុកវិញ ជាមួយនឹងពាក្យថា «ទៅហើយ! សុខចិត្តស្លាប់ដើម្បីជាតិ»។
គ្រាន់តែលោក សម រង្ស៊ី និយាយពាក្យនេះចប់ សំឡេងទះដៃអបអរសាទរ បានបន្លឺឡើងយ៉ាងទ្រហឹងអ៊ឹងអាប់ ពីសំណាក់ក្រុមបាតុករនៅពាសពេញសួនសេរីភាព ដោយម្នាក់ៗមើលទៅហាក់ពេញពេញថ្លើម និងពាក្យពេចន៍ប្តេជ្ញារបស់មេបក្សរបស់ខ្លួនក្រៃលែង បើទោះបីជាអាកាសធាតុនៅថ្ងៃនេះ ចុះត្រជាក់ និងមានភ្លៀងផ្គរយ៉ាងណាក៏ដោយ។
លោក មាស ញាញ់ ជាបាតុករម្នាក់មកពីខេត្តព្រៃវែង ឈរនៅកណ្តាលទីលានប្រជាធិបតេយ្យ កំពុងស្តាប់លោក សម រង្ស៊ី ថ្លែងនៅលើវេទិកា និងមានទឹកមុខញញឹមផងនោះ លោកបាននិយាយថា «ខ្ញុំរំភើបខ្លាំងណាស់នៅពេលដែលខ្ញុំបានឮសម្តីលោក សម រង្ស៊ី ដែលហ៊ានដាក់ជីវិតរបស់ខ្លួន ដើម្បីការពារជាតិមាតុភូមិ ដោយមិនសោកស្តាយពីជីវិតរបស់ខ្លួន។ ខ្ញុំឮសម្តីគាត់ ធ្វើឲ្យខ្ញុំកាន់តែមានចិត្តតស៊ូជាមួយគាត់ទៅមុខទៀត ដោយមិនរាថយឡើយ បើទោះបីជាថ្ងៃនេះរងាយ៉ាងណាក៏ដោយ។»
ខោសើម អាវសើម ដៃញ័រទទ្រើត លោកតា ឆយ ដែលនៅហាលភ្លៀងតាំងពីព្រឹកមកនោះ បានព្យាយាមស្តាប់លោក សម រង្ស៊ី ដោយយកចិត្តទឹកដាក់បំផុតនិងបានឆ្លៀតប្រាប់គេហទំព័រមនោរម្យព័ងអាំងហ្វូឲ្យដឹងថា «ខ្ញុំមិនរងាទេ បើទោះបីជាដៃខ្ញុំញ័រដោយសារត្រជាក់ក៏ដោយ តែចិត្តរបស់ខ្ញុំកក់ក្តៅខ្លាំងណាស់នៅថ្ងៃនេះ។ កក់ក្តៅដោយសារខ្ញុំបានឮអ្នកស្នេហាជាតិក្នុងចិត្តខ្ញុំគឺលោក សម រង្ស៊ី ប្រកាសដាក់ជីវិតរបស់ខ្លួន បូជាដើម្បីជាតិមាតុភូមិ។»
បាតុករមានវ័យចំណាស់រូបនេះ បានបន្តថា អ្វីដែលលោកតាស្រណោះ នឹងមិនអាចបំភ្លេចបាន សម្រាប់ការប្តេជ្ញារបស់មេដឹកនាំបក្សប្រឆាំងនៅថ្ងៃនេះទេ គឺលោក សម រង្ស៊ី បាននិយាយថា «ខ្ញុំចាស់ហើយ! ខ្ញុំអត់ខ្លាចស្លាប់ទេ!» ពាក្យនេះធ្វើឲ្យលោកតាព្រឺរោមតែម្តង។ លោកតា ឆយ បានអះអាងបន្តទៀតថា «ខ្ញុំនឹងលះបង់ជីវិត ដើម្បីជាតិដូចលោកប្រធានដែរ»។
គេមិនអាចដឹងថា តើនៅពីក្រោយការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង ទំនងជាមានជាប់ពាក់ព័ន្ធនឹងការគម្រាមកំហែងដល់អាយុជីវិតលោក ឬយ៉ាងណានោះទេ។ ហើយជុំវិញពាក្យប្ដេជ្ញាចិត្តរបស់លោក សម រង្ស៊ីនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ក៏នៅមិនទាន់ទទួលបានប្រតិកម្ម ពីគណបក្សប្រជាជនកម្ពុជា ឬពីរដ្ឋាភិបាលលោក ហ៊ុន សែន ថាយ៉ាងដូចម្ដេចនៅឡើយដែរ នៅយប់ថ្ងៃអង្គារដដែលនេះ៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ