បង្កើត​គណកម្មាធិការ​ប្រឹក្សា​យោបល់ ប្រចាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា?

ការបង្កើត«គណកម្មាធិការប្រឹក្សាយោបល់ ប្រចាំគណបក្សនយោបាយ»នៅកម្ពុជា ជាការផ្តើមគំនិតមួយ របស់​មូលនិធិ​ខុនរ៉ាតអាឌិនណៅអ៊ែរ សម្រាប់គ្រប់គណបក្សនយោបាយ ដែលជាប់ឆ្នោតក្នុងអាណត្តិទីប្រាំនេះ រួមមាន​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ការផ្តើមគំនិតរបស់មូលនិធិខាងលើនេះ ក្នុងគោលបំណង​ចង់ឲ្យគណបក្សនយោបាយទាំងអស់មានជោគជ័យនៅក្នុងការដឹកនាំ និងការទាញយកប្រជាប្រិយថែមទៀត ពី​ពលរដ្ឋម្ចាស់ឆ្នោត។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្កើត«គណកម្មាធិការប្រឹក្សាយោបល់ ប្រចាំគណបក្សនយោបាយ»នៅកម្ពុជា ជាការផ្តើមគំនិតមួយ របស់​មូលនិធិ​ខុនរ៉ាតអាឌិនណៅអ៊ែរ សម្រាប់គ្រប់គណបក្សនយោបាយ ដែលជាប់ឆ្នោតក្នុងអាណត្តិទីប្រាំនេះ រួមមាន​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ការផ្តើមគំនិតរបស់មូលនិធិខាងលើនេះ ក្នុងគោលបំណង​ចង់ឲ្យគណបក្សនយោបាយទាំងអស់មានជោគជ័យនៅក្នុងការដឹកនាំ និងការទាញយកប្រជាប្រិយថែមទៀត ពី​ពលរដ្ឋម្ចាស់ឆ្នោត។


សិក្ខាសាលា នៅ​សណ្ឋាគារសាន់វ៉េ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សម្ព័ន្ធប្រឹក្សាគណបក្សនយោបាយ - គណបក្សនយោបាយមិនអាចពឹងផ្អែកតែទៅលើ «រចនាសម្ព័ន្ធ»និង​«ធនធាន»​ខាងក្នុងប៉ុណ្ណោះទេ។ ជាមួយគ្នានេះ នៅមានកត្តាជាច្រើនទៀត ដែលនាំឲ្យមានផលប៉ះពាល់​ដល់​គោលនយោបាយ ការរៀបចំគោលនយោបាយ ប្រកបដោយគុណភាព និងវេទិការគណនេយ្យទូទៅ​របស់​គណបក្ស។ «គណបក្សនយោបាយលើពិភពលោក ត្រូវការរចនាសម្ព័ន្ធប្រឹក្សា ដ៏មានប្រសិទ្ធិភាព ដើម្បីរៀបចំ​ការវិភាគនយោបាយ ទស្សនៈតាមកម្មវិធីការងារ និងគោលនយោបាយក្នុងវិស័យសំខាន់ៗនានា។» នោះជាការ​លើកឡើងដោយលោក ដេនីស ស្រៃយ៍ (Denis Schrey) តំណាងមូលនិធិមូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ នៅ​សណ្ឋាគារសាន់វ៉េ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។

លោក ដេនីស ស្រៃយ៍ បានបន្តរថា សិក្ខាសាលាស្តីពី«សេចក្តីណែនាំអំពីផលប្រយោជន៍ និងការងាររបស់​គណកម្មាធិការប្រឹក្សាយោបល់ របស់គណបក្សនយោបាយនៅប្រទេសអាឡឺម៉ង់ ជាមេរៀន​សម្រាប់គណបក្ស​នយោបាយនៅកម្ពុជា»។ លោកបន្តរថា រាល់ការផ្លាស់ប្តូរសង្គម ផ្លាស់ប្តូរថ្នាក់ដឹកនាំ និងបញ្ហាប្រឈមនានា ដូច​ជាការពិភាក្សាអន្តរគណបក្ស ការខ្វែងគំនិតគ្នាពីកត្តាគន្លឹះ សម្រាប់រៀបចំអភិវឌ្ឍន៍ទិសដៅ​គោលនយោបាយ​គណបក្ស ក៏អាចជះឥទ្ធិពលដល់គោលជំហររបស់«គណបក្ស»ផងដែរ។

លោកបានចាត់ទុកថា ការបង្កើតឲ្យមាន«គណកម្មាធិការប្រឹក្សា»សម្រាប់គណបក្សនយោបាយនៅកម្ពុជា ដែល​ជាគំនិតមួយថ្មីបំផុត។ លោកក៏បានពន្យល់ពីផលប្រយោជន៍ ដែលបានទទួលពីគណកម្មាធិការប្រឹក្សានេះថា ជាការផ្តល់ប្រឹក្សាលើវិស័យសំខាន់ៗ នានាដល់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ការធ្វើការងារលើបញ្ហា​បច្ចេកទេស ជាការផ្តល់យោបល់សម្រាប់ការរៀបចំ ការបិនិត្យវេទិការនយោបាយ និងក៏មានមុខងារជា​ធនធាន​សម្រាប់គណបក្សក្នុងការរៀបចំគោលនយោបាយ។

គណកម្មាធិការប្រឹក្សាយោបល់ សម្រាប់គណបក្សនយោបាយនៅកម្ពុជា លោក ដេនីស ស្រៃយ៍ បានបញ្ជាក់ថា ត្រូវតែមាននូវសមាសភាពចម្រុះដែលមានចំនួនចាប់ពី១៥-២០នាក់ ដែលរួមមានសមាជិកបក្ស ទៅតាមជំនាញ​ពាក់ព័ន្ធ (មកពីវិស័យច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្ម អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល) ដែលជាការនាំមកនូវគុណតម្លៃបន្ថែម ចំពោះកិច្ចពិភាក្សាលើខ្លឹមសារសំខាន់ៗ ដើម្បីធ្វើឲ្យគណបក្សនយោបាយ កាន់តែមានលក្ខណៈជាអាជីព។

មានវត្តមាននៅក្នុងសិក្ខាសាលានេះដែរ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើក​ឡើងថា សម្រាប់គណបក្សលោកផ្ទាល់ ក្នុងពេលកន្លងមកនេះ​ មិនទាន់មាន គណកម្មាធិការប្រឹក្សាយោបល់នេះ​នៅឡើយទេ តែគណបក្សរបស់លោក ក៏បានគ្រោងរួចជាស្រេចហើយ ក្នុងការបង្កើតឲ្យមាននូវ​គណកម្មាធិការ ប្រឹក្សាយោបល់នេះ។ លោកបានពន្យល់ថា សម្រាប់តួនាទី និងការងាររបស់គណកម្មាធិការ​ខាងលើនេះ ពិតជា​មានតម្លៃសម្រាប់តម្រង់ទិស និងជួយបង្កើនឲ្យមានប្រជាប្រិយភាពរបស់គណបក្សនយោបាយ ជាពិសេស​ពី​ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

អ្នកនាំពាក្យរូបនេះបានបន្តរថា គណបក្សរបស់លោក នឹងស្តាប់មតិយោបល់ពីវគ្គសិក្ខាសាលានេះ ដើម្បីធ្វើការ​សិក្សាកែលំអឲ្យកាន់តែប្រសើរថែមទៀត។ លោកយល់ឃើញថា «គណកម្មាធិការនេះមានទួនាទី និងភារកិច្ច​ក្នុង​ការស្រាយជ្រាវ ដើម្បីចងក្រងជាឯកសារ នូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ និងអ្វីដែលត្រូវរៀបចំជា​កម្មវិធី​នយោបាយ ក្នុងការដឹកនាំប្រទេស ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។ នេះ វារឹតតែធ្វើ ឲ្យមានភាពកាន់តែប្រសើរជាងមុនទៅទៀត។ (…) យើងនឹងពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែច្បាស់​ពីគោល នយោបាយ ការដឹកនាំ និងការអនុវត្តជាក់ស្តែងរបស់គណបក្ស»។

ដោយឡែកទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការធ្វើអត្ថាធិប្បាយ ពីគណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកំពុងកាន់អំណាចបានទេក្នុងល្ងាចនេះ។ បើតាមការបញ្ជាក់របស់មន្រ្តីមូលនិធិខុនរ៉ាដ អាឌិនណៅអ៊ែរ ដែលជាអ្នករៀបចំនោះបានលើកឡើងថា សិក្ខាលាសានេះត្រូវបានរៀបចំឡើងក្នុងកិច្ចការចម្រុះ ដែលមានវត្តមាន​មន្រ្តីមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ មន្រ្តីរូបនេះបន្តរថា គួឲ្យសោកស្តាយចំពោះ អវត្តមាន នៃមន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលមិនបានឆ្លើយតបទៅនឹងសំណើររបស់មូលនិធិខុនរ៉ាង។ តែទោះ​ជាយ៉ាងនេះក៍ដោយមន្រ្តីនេះថា នឹងព្យាយាមធ្វើទំនាក់ទំនងនាពេលក្រោយដ៏សមគួរមួយទៀត ជាមួយគណបក្ស​ដែលមានអសនៈក្នុងរដ្ឋសភា ហើយ​អវត្តមានក្នុងវគ្គសិក្ខាលានាថ្ងៃនេះ។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...