សម រង្ស៊ី ថា​បារាំង​«ពន្លឿន​រឿង​ក្តី​» គប់​គ្រាប់​បែក​នៅ​កម្ពុជា​ឆ្នាំ១៩៩៧

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានអះអាងនៅថ្ងៃទី២៩ មីនា នេះ ថាប្រទេសបារាំងកំពុងពន្លឿង​រឿងក្តី ករណីគប់គ្រាប់បែកនៅកម្ពុជា កាលពីឆ្នាំ១៩៩៧។ រឿងក្តីគប់គ្រាប់បែកឆ្នាំ១៩៩៧ ដែលមានមនុស្សស្លាប់​១៦នាក់ និងរបួសជាង១៥០ទៀតនេះ គឺជារឿងក្តីដ៏រសើបមួយ ដែលជនរងគ្រោះ នៅមិនទាន់ទទួលបានយុត្តិធម៌​នៅឡើយ។
សម រង្ស៊ី ថា​បារាំង​«ពន្លឿន​រឿង​ក្តី​» គប់​គ្រាប់​បែក​នៅ​កម្ពុជា​ឆ្នាំ១៩៩៧
ជនរងគ្រោះបន្ទាប់ពីការគប់គ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត ឯកសារ)
Loading...
  • ដោយ: អ៊ុំ បូរី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មីនា ២០១៤
  • កែប្រែចុងក្រោយ: March 29, 2014
  • ប្រធានបទ: ប្រព័ន្ធយុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្ជាប់ជាមួយលិខិតរបស់តុលាការបារាំងមួយច្បាប់ផងនោះ ទំព័រហ្វេប៊ុកផ្លូវការរបស់ លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អាជ្ញាធរបារាំង ទើបតែបានចាត់ចៅក្រមថ្មីម្នាក់ប្រចាំតុលាការទីក្រុង ប៉ារីស ដើម្បីពន្លឿនការ ស៊ើប​អង្កេតទៅលើការគប់គ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧។ នេះជាកាតព្វកិច្ច នៃអាជ្ញាធរ បារាំង ពីព្រោះមានជនរងគ្រោះ ឬជនដែលគេប៉ុនប៉ងសម្លាប់ មួយចំនួននៅពេលនោះ ដែលមានសញ្ជាតិបារាំង ទន្ទឹមនឹង​សញ្ជាតិខ្មែរ។»

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំរដ្ឋធានីប៉ារីស មិនអាចស្វែងរកការបញ្ជាក់ពី ចៅក្រមស៊ើប​អង្កេតថ្មីនោះ ជុំវិញករណីដ៏រសើបនេះបានទេ។ ប៉ុន្តែ​ដោយឡែក សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ សំនុំរឿងនេះ ហាក់ដូចជាមិនបានកម្រើកសោះឡើយ នៅក្នុង​រយៈ​ពេលជាច្រើនឆ្នាំកន្លងមកនេះ។

គិតមកដល់ពេលនេះ មានរយៈពេល១៧ឆ្នាំមកហើយ ដែលសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា មិនទាន់បំបែកសំណុំ​រឿង​គប់គ្រាប់បែក៤គ្រាប់ លើហ្វូងបាតុករទាមទារប្រព័ន្ធតុលាការឯករាជ្យ នៅមុខមន្ទីររដ្ឋសភាចាស់ ដឹកនាំដោយលោក សម រង្ស៊ី កាលពីខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមានជនរងគ្រោះ១៦នាក់ស្លាប់ និងជាង១៥០រងរបួស ក្នុង​ចំណោមនោះក៏មានជនបរទេសផងដែរ។

ការអូសបន្លាយពេលនៃការបំបែសំណុំរឿងគប់គ្រាប់បែក ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃកន្លងមក បានលើក​ឡើង​ថា សំណុំរឿងគប់គ្រាប់បែកនេះ នៅតែបន្តស៊ើបអង្កេតនៅឡើយ។ តែសម្រាប់ការិយាល័យសហព័ន្ធ​ស៊ើបអង្កេត​របស់សហរដ្ឋអាមេរិក(FBI) ដែលបានបើកការស៊ើបអង្កេតករណីគប់គ្រាប់បែកនេះ បានអះអាងថា ខ្លួនត្រូវបានគេ​បង្ខំឲ្យចាកចេញពីកម្ពុជា នៅពេលដែលដំណើរការស៊ើបអង្កេត កាន់តែមានរូបរាងច្បាស់នោះ។ តែការអះអាង​របស់​ការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក (FBI) ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជាបដិសេធ។

លោក នី ចរិយា មន្ត្រីជាន់ខ្ពស់មួយរូប នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ៖ «ខ្ញុំគ្នានជំនឿថា សមត្ថកិច្ច​រដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយរឿងក្តីនេះទេ ព្រោះវាមានការផ្សារភ្ជាប់​ក្នុង​រឿង​នយោបាយ នៅពីក្រោយខ្នងច្រើន។ ដូច្នេះរឿងនេះ វាកើតឡើងពីការរៀបចំរបស់អ្នកនយោបាយមួយក្រុម។ រឿង​នេះ មើលទៅអាចរើកកាយបាន ទាល់តែមានការផ្លាស់ប្តូរអំណាចគ្រប់គ្រង។»

មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកដដែលនេះ បន្ថែមថា ករណីគប់គ្រាប់ថ្ងៃ៣០ ខែមីនា ឆ្នាំ​១៩៩៧ គឺបានបង្ហាញច្បាស់ ថាសមត្ថកិច្ច និងប្រព័ន្ធតុលាការកម្ពុជា អសមត្ថភាព ឬគ្មានឆន្ទៈពិតប្រាកដ ក្នុងការ​បំបែកសំណុំរឿងដ៏រសើបមួយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...