យន្ដហោះឥណ្ឌាដែលធ្លាប់រុករកយន្ដហោះបាត់ខ្លួន បានធ្លាក់ស្លាប់៦នាក់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់ ៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់យន្ដហោះកងទ័ពមួយគ្រឿង របស់ប្រទេសឥណ្ឌា នៅក្នុងការហ្វឹកហាត់មួយ នៅក្នុងរដ្ឋរ៉ាចាថាន់ (ផ្នែកខាងលិច នៃប្រទេសឥណ្ឌា) កាលពីថ្ងៃទីសុក្រទី២៨ ខែមីនានេះ។
យន្ដហោះ C-130J Super Hercules របស់កងទ័ពឥណ្ឌា ដែលបានធ្លាក់។ (រូបភាព chinanews)
ធ្លាក់យន្ដហោះ - អ្នកទទួលខុសត្រូវមួយរូប នៅក្នុងកងទ័ពឥណ្ឌាក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងថា «យន្ដហោះបានធ្លាក់ នៅជាប់ព្រំដែនរវាងរដ្ឋពីរ (រដ្ឋ រ៉ាចាថាន់ និងរដ្ឋ អ៊ុយតា) បន្ទាប់ពីបានបង្ហើបខ្លួន ចេញពីបន្ទាយយោធា អាហ្គ្រា ដែលស្ថិតក្នុងរដ្ឋអ៊ុយតា ប្រាដេស (ផ្នែកខាងជើង)។ រហូតមកដល់ពេលនេះ មានសាកសពចំនួន៦នាក់ ត្រូវបានរកឃើញនៅក្នុងហេតុការណ៍នេះ។»
លោកបានបន្ថែមថា «ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ទៅលើគ្រោះថ្នាក់នេះ»។ រីឯប្រអប់ថតសម្លេង របស់យន្ដហោះ ក៏ត្រូវបានយកទៅធ្វើការពិសោធន៍ដែរ។
យន្ដហោះ C-130J Super Hercules ជាយន្ដហោះមួយ ក្នុងចំណោមយន្ដហោះចំនួន ៦ ដទៃទៀត ដែលទិញមកពីសហរដ្ឋអាមេរិក ពីបីឆ្នាំមុន ហើយទើបនឹងត្រូវបានប្រើនៅក្នុងកងទ័ពជើងអាកាស របស់ប្រទេសឥណ្ឌា កាលពីឆ្នាំទៅម៉ិញ។ យន្ដហោះនេះ ក៏ត្រូវបានដាក់ពង្រាយដើម្បីតាមជួយរកយន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអែរឡាញ ដែលបាត់ចេញពីប្រព័ន្ធចាប់រលកអាកាស តាំងពីថ្ងៃទី៨ខែមីនានោះមក៕
-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៨ មីនា ២០១៤