យន្ដហោះ MH370 របស់​ម៉ាឡេស៊ី ពិត​ជា​បាញ់​ទម្លាក់​ដោយ​កងទ័ព​អាមេរិក?

អតីតនាយកក្រុមហ៊ុនអាកាសចរណ៍បារាំងមួយរូប បានរំពឹងថាកងទ័ពអាមេរិកាំង បានបាញ់កំទេចយន្ដហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ហើយបន្ទាប់មកបានកាយកប់ នូរគ្រប់ភស្ដុតាង និងសាក្សី។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២៤ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 25, 2014
  • ប្រធានបទ: បាត់យន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ម៉ាក ឌុយហ្គាំង (Marc Dugain) អតីត​នាយក​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​មួយ​ឈ្មោះ ប្រូស្ទ័រ (Proteus) បាន​រក​ឃើញ​នូវ​ចំណុច​សង្ស័យ​ដ៏​ធំ​មួយ ទាក់​ទង​នឹង​ការ​បាត់​ខ្លួន​របស់​យន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិនា ឆ្នាំ​២០១៤ កន្លង​ទៅ បន្ទាប់​ពី​យន្ដហោះ​បាន​ងើប​ហោះ ចេញ​ពី​រដ្ឋធានី​កូឡាឡំពួរ ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង។ លោក​បាន​ចង្អុល​ដាក់​កង​ទ័ព​អាមេរិក ថា​ទំនង​ជា​បាន​បាញ់​ទម្លាក់​យន្ដហោះ ប៊ូអ៊ិញ ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ MH370 ព្រោះ​កង​ទ័ព​អាមេរិក​បាន​សង្ស័យ​ពី​ការ​វាយ​ប្រហារ នៃ​អំពើ​ភេវរកម្ម​មួយ (ដូច​គ្នា​ទៅ​នឹង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ នៅ​ក្រុង​​ញ៉ូយក) ទៅ​លើ​មូលដ្ឋាន​យោធា​របស់​ខ្លួន នៅ​កណ្ដាល​មហា​សមុទ្រ​ឥណ្ឌា។

ផ្ដល់កិច្ចសម្ភាសទៅឲ្យទស្សនាវដ្ដីបារាំងដ៏ធំមួយ ឈ្មោះ ប៉ារីស ម៉ាច (Paris-Match) លោកអតីតនាយក​ក្រុមហ៊ុន បានអះអាងថា តាមការពិត យន្ដហោះដ៏កំសត់របស់ប្រទេសម៉ាឡេស៊ី បានទៅធ្លាក់បោកខ្លួន នៅ​ក្បែរ​មូលដ្ឋានយោធាអាមេរិក នៅក្នុងដែនដីមួយកាន់កាប់ដោយចក្រភពអង់គ្លេស ហៅថា Diego Garcia និង​​មិន​​មែន​ទៅធ្លាក់នៅលំហសមុទ្រខាងត្បូង ក្បែរនឹងកោះអូស្ត្រាលី ដូចដែលប្រទេសជាសម្ព័ន្ធមិត្តជាច្រើន បាន​ធ្វើការ​​រុក​រកក្នុងពេលកន្លងមកនោះទេ។

នៅក្នុងវិទ្យុបារាំងមួយទៀតឈ្មោះ France Inter លោក ឌុយហ្គាំង បានថ្លែងថា៖ «ជាមូលដ្ឋានយោធាមួយ ប្រកបដោយឥទ្ធិពលខ្លាំងណាស់។ វាមិនមែនជារឿងមួយធម្មតាទេ ដែលយោធាអាមេរិក បានបំបាត់ចោល​អស់រលីង នូវស្រមោលដានរបស់យន្ដហោះនេះ។ យើងមិននិយាយពីអាថ៌កំបាំងអ្វីផ្សេងទេ តែកងទ័ព​អាមេរិក​ទំនងជាបានសម្រេចចិត្ត បាញ់ទម្លាក់យន្ដហោះ។»

ចោរអាកាសចាប់ពង្រត់យន្ដហោះ

កោះ atoll ស្ថិតនៅចំងាយប្រមាណជា ៣០០០ម៉ៃ ផ្នែកខាងពាយ័ព្យនៃកោះអូស្ត្រាលី ត្រូវបានប្រើជាមូលដ្ឋាន​យោធារបស់អាមេរិក ទាំងពីឆ្នាំ១៩៧០ ដែលមានទាហានឈរជើងប្រមាណជា ១៧០០នាក់។ អតីតនាយក​ក្រុមហ៊ុនអាកាសចរណ៍ បានសម្ដែងការងឿយឆ្ងល់ថា តើយន្ដហោះមានទំហំធំអាស្ចារ្យ មានបណ្ដោយដល់​ទៅ​៦៣ម៉ែត្រ អាចបាត់ខ្លួនដោយគ្មានស្លាកស្នាមដូចម្ដេចទៅកើត? តែផ្ទុយទៅវិញ ការខិតខំប្រឹងប្រែង​ដ៏អាស្ចារ្យ​មួយ ដូចជាខំប្រឹងធ្វើឲ្យគេឯងដឹងឮ ដើម្បីអាចបំបាត់ភស្ដុតាងកាន់តែច្រើនឡើង។

មិនមែនជាលើកទីមួយទេ ដែលការចោទប្រកាន់ថា ការបាត់ខ្លួនដ៏ចម្លែករបស់យន្ដហោះ MH370 មានជាប់​ពាក់​ព័ន្ធទៅនឹងកងទ័ពអាមេរិក។ ប៉ុន្តែរាល់ការលើកឡើងទាំងនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកបដិសេធ ជាពិសេស​ថា យន្ដហោះមិនបានហោះទៅក្បែរប្រជុំកោះ Diego Garcia នោះឡើយ។

ប៉ុន្តែសម្រាប់លោក ម៉ាក ឌុយហ្គាំង នៅតែប្រកាន់យកសេចក្ដីសន្និដ្ឋានរបស់លោក ដោយបានលើក​យកសាក្សី​ជាច្រើននាក់ នៅលើប្រជុំកោះម៉ាលឌីវ (Maldives) ដែលបានបញ្ជាក់ប្រាប់លោក ថាបានឃើញយន្ដហោះដ៏ធំ មានពណ៌​ដូចយន្ដហោះម៉ាឡេស៊ីអ៊ែរឡាញ បានហោះនៅកំពស់ដ៏ទាបមួយ។ លោកបានពន្យល់ទៀតថា យន្ដហោះ​ទំនងជាត្រូវបាន«ចោរអាកាស» ចាប់ពង្រត់ចេញពីផ្លូវដើមរបស់វា ហោះឆ្ពោះទៅកាន់ប្រជុំកោះ Diego Garcia និងបន្ទាប់មកត្រូវបានបាញ់ឲ្យធ្លាក់ ដោយកងទ័ពអាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...