អ្នកបើកបរ និយាយទាំងខ្សិបខ្សួលថា៖ «យើងត្រូវចុះចតយន្ដហោះលើផ្ទៃសមុទ្រ»
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 07, 2014
- ប្រធានបទ: គ្រោះយន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើការធ្វើដំណើរតាមយន្ដហោះ កាន់តែធ្វើឲ្យភ័យខ្លាចទៅៗ ឬយ៉ាងណា? តើនៅថ្ងៃទី២៣ ខែសីហា កន្លងមកនេះ មានរឿងអ្វីកើតឡើងពិតប្រាកដ នៅលើជើងហោះហើរ ពីទីក្រុង សព្លីត ប្រទេសក្រូអាស៊ី មកទីក្រុង ណង់ ប្រទេសបារាំង? សូមតាមដានការរៀបរាប់របស់លោក ប៊េនចាមីន ហ្សីរ៉ា (Benjamin Girard) ជាមេធាវី និងជាអ្នកដំណើរមួយរូប ដែលបានជិះនៅលើយន្ដហោះ ប៊ូអីង ៧៣៧នោះ។
«អ្នកបើកបរយន្ដហោះ បានប្រកាសថា នៅសល់ពេលតែ៦នាទីប៉ុណ្ណោះ មុននឹងយន្ដហោះត្រូវធ្លាក់ ប៉ុន្តែអ្នកបើកបររូបនេះ បានសុំកុំឲ្យយើងតក់ស្លុក និងឆោឡោ» លោកមេធាវី ដែលបានធ្វើដំណើរទាំងគ្រួសារ មានទាំងប្រពន្ធ និងកូនស្រីពីរនាក់នោះផង បានបន្តទៀតថា មេបញ្ជាការបើកបរយន្ដហោះ បាននិយាយប្រាប់ពីខ្យល់កួចដ៏ខ្លាំងមួយ នៅចំពីមុខ។
បន្ទាប់ពីធ្វើដំណើរបន្តបាន៣០នាទីក្រោយមក ស្រាប់តែនៅខាងក្រោយយន្ដហោះ មានភាពរជើបរំជួលខ្លាំងឡើង ពីម៉ាស៊ីនប្រតិកម្មរបស់យន្ដហោះ ថាបានខូច ហើយបន្ទាប់មក មេបញ្ជាការបើកបរយន្ដហោះ ក៏បានអះអាងដែរថា ម៉ាស៊ីនប្រតិកម្មដែលខូចនោះស្ថិតនៅខាងឆ្វេង ជំរុញឲ្យយន្ដហោះ ត្រូវតែចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះក្រុង វើនីស (Venise) ប្រទេសអ៊ីតាលី។ មេបញ្ជាការ បាននិយាយទៀតថា នេះជាឱកាសសម្រាប់អ្នកដែលមិនទាន់ស្គាល់ ទីក្រុងបូរាណសង់លើទឹកដ៏ល្បី របស់អតីតចក្រភពរ៉ូម៉ាំង។
ប៉ូន្តែសម្ដីរបស់អ្នកបើកបរយន្ដហោះ ដូចជាបានក្លាយ ជាការប្រកាសអាសន្នទៅវិញ ព្រោះនៅពេលបន្ទាប់មក អ្នកដំណើរទាំងអស់បានដឹងថា យន្ដហោះនឹងចុះចតនៅលើផ្ទៃសមុទ្រ ហើយអាចនឹងឆេះផ្ទុះឡើង។
«ប្រពន្ធខ្ញុំមានកូនស្រីអាយុ៦ខែនៅនឹងដៃ ហើយគ្មាននរណាមករវល់ជួយពាក់អាវការពារឲ្យនាងទេ។ រីឯខ្ញុំនៅជិតកូនស្រីច្បងអាយុ៦ឆ្នាំ ហើយខ្ញុំមិនចង់បង្ហាញឲ្យកូនស្រីខ្ញុំ ដឹងពីបញ្ហានេះឡើយ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ ពីការជ្រួលច្របល់នៅក្នុងយន្ដហោះទាំងមូល ព្រោះអ្នកដំណើរ ត្រូវបានបញ្ជាឲ្យពាក់អាវការពារទាំងអស់។»
មេបញ្ជាការបើកបរយន្ដហោះ បានប្រកាសដោយក្ដី«អួលអាក់»ជាថ្មីទៀត ពីការចុះចតលើផ្ទៃសមុទ្រ របស់យន្ដហោះ។ មនុស្សទាំងអស់នាំគ្នាស្រែកឡើង និងយំ ខណៈពេលដែលយន្ដហោះ បានសំយ៉ុងបន្ទាបខ្លួនចុះ យ៉ាងខ្លាំងខុសពីធម្មតា។ លោក ប៊េនចាមីន បានបន្តទៀតថា៖ «យើងមើលឃើញសមុទ្រ កាន់តែកៀកខ្លាំងឡើង»។ តែផ្ទុយទៅវិញ ខុសពីការប្រកាសរបស់មេបញ្ជាការបើកបរ យន្ដហោះបែរជាបានចុះចតនៅព្រលានយន្ដហោះ ក្រុងវើនីស យ៉ាងសុវត្ថិភាពទៅវិញ។ អ្នកដំណើរដដែលបានបញ្ជាក់ទៀតថា ហើយមានរថយន្ដជួយសង្គ្រោះជាច្រើន បានមកទទួលជួយឈឺឆ្អាលពួកគេ នៅដល់ជើងយន្ដហោះតែម្ដង។
តែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វិញ បានបដិសេធការរៀបរាប់ទាំងនេះ ដោយបញ្ជាក់នៅក្នុងការប្រកាសព័ត៌មានមួយថា៖ «ប្រសិនជាយន្ដហោះបានចុះចតនៅក្រុងវើនីស បន្ទាប់ពីម៉ាស៊ីនប្រតិកម្មមួយចំហៀងបានខូចនោះក៏ដោយ តែមិនមានភាពជ្រួលច្របល់នៅក្នុងយន្ដហោះនោះទេ។ ហើយក៏គ្មានភ្លើងឆេះ រហូតមានក្រុមអ្នកពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍នោះដែរ។» ក្រុមហ៊ុន អ៊ឺរ៉ុប អ៊ែរប៉ុស្ដ៍ ដែលមានទីតាំងនៅក្នុងប្រទេសបារាំង បានបញ្ជាក់ថា អ្នកដំណើររាល់រូបត្រូវបានថែទាំងយ៉ាងខ្ជាប់ខ្ជួន មុននឹងឡើងជិះយន្ដហោះមួយទៀត ហោះមកកាន់ក្រុងណង់ ប្រទេសបារាំងនៅថ្ងៃបន្ទាប់មក៕