បារាំង៖ ផ្ទុះគ្រាប់ពីសម័យសង្គ្រោមលោក សម្លាប់យុវជនម្នាក់ និងរបួស៩នាក់
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 07, 2014
- ប្រធានបទ: គ្រាប់មិនទាន់ផ្ទុះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនថាតែនៅក្នុងប្រទេសកម្ពុជា ដែលទើបនឹងងើបពីសង្គ្រាមហែកហួរនោះទេ តែបើសូម្បីប្រទេសបារាំង ដែលបានចេញផុតពីសង្គ្រាមលោកលើកទីពីរ ប្រមាណជា ៧០ឆ្នាំទៅហើយ តែគ្រាប់មិនទាន់ផ្ទុះ នៅតែបន្តលងប្រទេសនេះនៅឡើយ។ បន្ទាប់ពីការស៊ើបអង្កេត លើសំនុំរឿង«ឃាតកម្មដោយអចេតនា»ត្រូវបានបើកធ្វើភ្លាមៗ នៅព្រឹកថ្ងៃអាទិត្យនេះ បានបង្ហាញលទ្ធផលជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃដដែលថា នោះទំនងច្បាស់ជាគ្រាប់បែក ដែលមិនទាន់ផ្ទុះ ហើយត្រូវបានបន្សល់ទុកតាំងពីសង្គ្រាមលោកលើកទី២។
គ្រាប់បែកនេះ បានកម្រើកឡើងវិញ និងបន្ទាប់មកបានផ្ទុះ ដោយសារតែភ្លើងភ្នក់ ដែលដុតបំភ្លឺនៅពេលយប់ដោយក្រុមយុវជន ដែលបានទៅបោះជំរុំ ធ្វើវិសមកាលនៅតំបន់ឆ្នេរសមុទ្រ លើកោះហ្គ្រ័រ។ គ្រាប់បែក ទំនងជាបានងើបឡើង មកនៅក្នុងស្រទាប់ខាងលើនៃឆ្នេរខ្សាច់ ដោយសារទឹកជោរ។ នគរបាលដែលទទួលបន្ទុកស៊ើបអង្កេត បាននិយាយថា៖ «ចំនុចសំខាន់ក្នុងពេលនេះ បានចាត់ទុកហេតុការណ៍ត្រឹមជា"ឧប្បត្តិហេតុ" ប៉ុន្តែចំនុចសង្ស័យផ្សេងទៀត មិនទាន់ត្រូវបានបញ្ជៀសចេញនៅឡើយ»។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២ព្រឹកព្រហាម ថ្ងៃអាទិត្យទី៧ ខែកញ្ញា ខណៈពេលដែលក្រុមយុវជនអាយុប្រមាណជា២០ឆ្នាំ ចំនួនជាង ១០នាក់ ហៀបចូលទៅគេងនៅក្នុងតង់ក្រណាត់របស់ពួកគេ ដែលបានបោះនៅលើឆ្នេរខ្សាច់«ក្រហម» ផ្នែកខាងកើតនៃកោះ។ យុវជនម្នាក់អាយុ២៦ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែង។ យុវជនម្នាក់ទៀត អាយុ២៥ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ មកកាន់មន្ទីរពេទ្យនៅទីក្រុងណង់ (Nantes)។ យុវជនរងគ្រោះស្រាល ចំនួនប្រាំបីនាក់ផ្សេងទៀត ក៏ត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យមួយទៀត នៅទីក្រុង ឡូរីយ៉ង់ (Lorient) ដែលសុទ្ធតែស្ថិតក្នុងតំបន់ជាមួយគ្នា។
បើទោះជាមកដល់ក្នុងអំឡុងពេលនេះ គ្រោះថ្នាក់បែបនេះបានកើតឡើងដោយកម្រក្ដី តែគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាមលោក នៅតែត្រូវបានគេរកឃើញជាញឹកញាប់ ក្នុងប្រទេសនានានៅទ្វីបអ៊ឺរ៉ុបនៅឡើយ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ ត្រូវបានកប់ជ្រៅទៅក្នុងធម្មជាតិ ឬដីច្បារដំណាំ ហើយត្រូវបានរកឃើញមកវិញ បន្ទាប់ពីតំបន់ទាំងនោះ ត្រូវបានកាយគាស់ធ្វើជាការដ្ឋានសាងសង់ ឬភ្ជួររាស់ ...។ មជ្ឈមណ្ឌលអន្តរតំបន់ជំនាញខាងដោះមីន របស់ប្រទេសបារាំងបានឲ្យដឹងថា គ្រាប់បែក និងគ្រាប់កាំភ្លើងធំច្រើនជាង ១,៥ពាន់លានគ្រាប់ ត្រូវបានបាញ់ចេញ ក្នុងអំឡុងសង្គ្រាមលោកលើកទីមួយ ហើយពីក្នុងចំណោមនោះ ២០%នៅមិនទាន់ផ្ទុះនៅឡើយ៕