«កម្ពុជា​នៅ​ខ្វះ​៧ពិន្ទុ​ទៀត ទើប​អាច​ចូល​ជា​សមាជិក OGP បាន»

មន្រ្តីអង្គការសង្គមស៊ីវិលបានថ្លែងថា ពិន្ទុចំនួន១៦ ដែលលក្ខខណ្ឌ OGP តម្រូវឱ្យមាន សម្រាប់ប្រទេស​ដែល​មាន​បំណង​ចូល​ជា​សមាជិក កម្ពុជាបំពេញបានជាងពាក់កណ្តាលហើយ នៅសល់តែ៧ពិន្ទុទៀតប៉ុណ្ណោះ។ សង្គមស៊ីវិល ក៏​ដូច​ជា​យុវជន សង្ឃឹមថា រដ្ឋភិបាលកម្ពុជា នឹងពិចារណាក្នុងការចូលជាសមាជិក OGP នេះ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 25, 2014
  • ប្រធានបទ: និតិរដ្ឋ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

OGP ជា​វេទិកា​សកល សំរាប់​ជួយ​រដ្ឋាភិបាល​កាន់​តែ​ប្រសើរ មាន​តម្លាភាព គណនេយ្យ​ភាព ពង្រឹង​អំណាច​និង​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ ឆ្លើយ​តប​នឹង​តម្រូវ​ការ និង​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ។ OGP មាន​កំណើត​តាំង​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​ប្រទេស​ស្ថាបនិក​ចំនួន​៨។ បច្ចុប្បន្ន​នេះ OGP មាន​សមាជិក​ចំនួន ៦៤ហើយ។ តែ​កម្ពុជា​វិញ នៅ​មិន​ទាន់​ចូល​ជា​សមាជិក​ភាព បាន​នៅ​ឡើយ។

បើតាម​លោក សឿង សារឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ គណកម្មាធិការ​សហ​ប្រតិបត្តិការ ដើម្បី​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​ប្រទេស​ដែល​ចង់​ចូល​ជា​សមាជិក OGP បាន លុះ​ត្រា​តែ​មាន​ពិន្ទុ​១៦ ដោយ​ផ្អែក​ទៅ​លើ​លក្ខណៈ​វិនិឆ្ឆ័យ​ចំនួន​៤ តម្លា​ភាព​ថវិកា ការ​ទទួល​បាន​ព័ត៌មាន ការ​ប្រកាស​ចំណូល និង​ទ្រព្យ​សម្បត្តិ និង​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ។

ការថ្លែងរបស់លោក សឿង សារឿន បានធ្វើឡើងនៅក្នុងសន្និសីទយុវជនមួយ ស្តីពីគោលនយោបាយ​អភិវឌ្ឍន៍ និងភាពជាដៃគូរបស់រដ្ឋាភិបាលបើកទូលាយ (OGP) កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បី​ផ្សព្វ​ផ្សាយ​ពីគុណតម្លៃ យន្តការការធ្វើការរួមគ្នា ជាមួយរដ្ឋាភិបាល និងអត្ថប្រយោជន៍ ដែលបានមកពីការ​ចូលរួម​របស់ OGP ទៅឱ្យយុវជននៅប្រទេសកម្ពុជា និងដើម្បីចែករំលែក សេចក្តីព្រាងផែនការការងាររបស់​អង្គការ​សង្គម​ស៊ីវិលលើ OGP។

លោក សឿង សារឿន បានបន្ថែមទៀតថា កម្ពុជានៅមានខ្វះខាតនូវចំណុចមួយចំនួន ដូចជា បើទោះបីជា​កម្ពុជា​មានច្បាប់ថវិការ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថវិកាជាតិ ប្រព័ន្ធទទួលយោបល់ ពីមូលដ្ឋានទាក់ទងនឹង​ថវិកា​ជាតិ គឺមិនទាន់មានទូលំទូលាយ ហើយការអនុវត្តមិនបានពេញលេញ។ បញ្ហាទី២ គឺច្បាប់នៃការប្រកាស​ទ្រព្យសម្បត្តិ នៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ មានក៏ពិតមែន ប៉ុន្តែច្បាប់នេះបានត្រឹមតែជំរុញថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រកាស នៅក្នុងស្រោមសំបុត្រប៉ុណ្ណោះ មិនមានភាពបើកទូលាយជាសាធារណៈនោះទេ។

លោកបញ្ជាក់បន្ថែមថា៖ «យើងមានច្បាប់ យើងបាន២ - ៣ ពិន្ទុ ហើយ ទាល់តែអនុវត្តអីទៀត ទើបបាន៤ពិន្ទុ អញ្ចឹងជារួម យើងនៅខ្លះ៧ពន្ទុទៀត»។ សម្រាប់មន្ត្រីមេដឺកនាំអង្គការរូបនេះ OGPជាឧបករណ៍ដ៏សំខាន់ ក្នុង​ការលើកកម្ពស់ ឱ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព។ លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹង​យកចិត្ត​ទុកដាក់ ក្នុងការសម្រេចចិត្តចូលជាសមាជិករបស់ OGP ក្នុងពេលដ៏ខ្លីខាងមុននេះ។

មានវត្តមានក្នុងសន្និសីទនោះដែរ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា ប្រសិន​បើរដ្ឋាភិបាល ចូលជាសមាជិកភាពជាដៃគូររដ្ឋាភិបាលបើកទូលាយ (OGP) កម្ពុជាអាចមានតម្លាភាព ល្អ​ប្រសើរ​ជាងមុន មានគណនីភាព ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាច​ទទួលបាន​សេវាកម្មល្អ និងទាន់ពេលវេលា មានអភិបាលកិច្ចល្អ មានយុត្តិធម៌ និងការអភិវឌ្ឍសង្គមល្អប្រសើរជាងមុន។

លោកបន្ថែមថា ចំពោះការបំពេញ លក្ខខណ្ឌវិន្និច្ឆ័យអប្បរមាកម្ពុជា នៅមានកង្វះខាតតិចតួចប៉ុណ្ណោះ។ លោក​ថា ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ សមរម្យល្មមអាចទទួលយកបាន លក្ខខណ្ឌដែលនៅខ្វះខាត គឺមាន​បីចំណុច ការផ្សព្វផ្សាយនិតិវិធីពាក់ព័ន្ធនឹងថវិកាជាតិ អនុម័តច្បាប់ទទួលព័ត៌មាន និងធ្វើឱ្យមានការប្រកាស​ទ្រព្យសម្បត្តិ ជាសាធារណៈ។

ប្រធានអង្គការតម្លាភាពរូបនេះ បានពន្យល់ថា៖ «ទី១ គឺដំណើការនៃការធ្វើផែនការថវិការជាតិ ឬក៏ច្បាប់ថវិការ​ជាតិហ្នឹង បើគាត់ផ្តល់ឱកាស មានការចូលរួមពិគ្រោះយោបល់ ហើយផ្សព្វផ្សាយឯកសារ​ពាក់ព័ន្ធណ្នឹងនៅ​លើ​គេហទំព័រ មដំណាក់កាលនីមួយៗ។ គាត់បានធ្វើហើយ ប៉ុន្តែទាល់តែបញ្ចប់ បានគាត់ប្រកាស។ ហើយចំណុច​មួយទៀត ច្បាប់ស្តីពីសិទ្ធិបានព័ត៌មាន បើយើងអនុម័តច្បាប់ហ្នឹងហើយ  ការប្រកាសទ្រព្យសម្បត្តិ មិនទាន់ត្រូវ​តាមស្តង់ដានោះទេ អញ្ចឹងយើងមានច្បាប់ប្រឆាំងអំពើរលួយ តម្រូវឱ្យមន្ត្រីប្រកាសទ្រព្យសម្បត្តិ ប៉ុន្តែប្រកាស​មិនទាន់ជាសាធារណៈទេ ប្រកាសដាក់ស្រោមសំបុត្រ អញ្ចឹងយើងត្រូវដូរមកជាប្រកាសជាធារណៈ។»

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអង្គការសង្គមស៊ីវិល បានធ្វើសិក្ខាថ្នាក់ជាតិ ដើម្បីផ្សាយពី​គោល​ការណ៍ និងអត្ថប្រយោជន៍ នៃការចូលជាសមាជិកភាពដៃគូរដ្ឋាភិបាលបើកទូលាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...