មេធាវី៖ មាជ សុវណ្ណារ៉ា នឹងត្រូវដោះលែង បើមិនមែនជារឿង«នយោបាយ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 25, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយការសាកសួរក្នុងថ្ងៃនេះ តុលាការនឹងដោះលែងលោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពឡើងវិញ បើតុលាការបានពិនិត្យភស្តុតាង នូវខ្សែវីដេអូប្រាំដុំ និងឯកសារមួយចំនួន ដែលបានដាក់ជូនតុលាការនោះ។ នេះជាក្ដីសង្ឃឹមរបស់លោក ចាន់ ចេង មេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា នៅក្នុងការថ្លែងមួយ មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។
តែសម្រាប់ លោកមេធាវី ហែម សជាតិ មិនបានដាក់ក្តីសង្ឃឹមដូចមេធាវី ចាន់ ចេង ទេ។ លោកបានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូដែរថា បើតុលាការឯករាជ្យ មិនស្ថិតក្រោមអំណាចនៃអ្នកនយោបាយ នោះទាំងឯកសារ និងភស្តុតាងដែលមាននោះ ទើបអាចចាត់ទុកថា មានប្រយោជន៍សម្រាប់កូនក្តីលោក។
យ៉ាងណាក៏ដោយ លោក មាជ សុវណ្ណារ៉ា ស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ នឹងត្រូវតុលាការ នាំខ្លួនមកសាកសួរបន្ថែម នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ រឿងញុះញង់ឲ្យមានអំពើហឹង្សា នៅទីលានប្រជាធិបតេយ្យនាពេលកន្លងមក។ លោកមានមេធាវីចំនួនប្រាំរូប ក្នុងការតតាំងក្តីនេះ ជាមួយនឹងបណ្តឹង ដែលប្តឹងដោយក្រុមសន្តិសុខដែលបានដាក់ពាក្យប្ដឹង ដោយមិនចំពោះមុខនោះ។
លោមេធាវី ចាន់ ចេន បានបន្តថា កូនក្តីរបស់លោកត្រូវតែរួចខ្លួន ពីការចោទប្រកាន់ទាំងនេះ។ ព្រោះកូនក្តីលោក មិនមានជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់នោះឡើយ។ ខ្សែរវីដេអូចំនួនប្រាំដុំ ដែលលោកចាត់ទុកជាភស្ដុតាងសំខាន់នោះ បានចាប់បានប នូវគ្រប់សកម្មភាពទាំងមុនព្រឹត្តិការណ៍ ក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍ បានបង្ហាញថា កូនក្តីលោក មិនមានជាបពាក់ព័ន្ធ ក្នុងការបញ្ជាឲ្យប្រើហិង្សានោះឡើយ។
លោកបានថ្លែងទៀតថា៖ «ទាំងសកម្មភាព សំដីសំដៅ កាយវិការ គ្មានអ្វីដែលបង្ហាញថា ជាលក្ខណៈបង្កហេតុហើយ។ ផ្ទុយមកវិញលោកមានតែប្រើពាក្យថា ឲ្យខ្មែរស្រលាញ់គ្នា ធ្វើអ្វីដោយអហិង្សា កុំឲ្យយកខ្មែរណាជាសត្រូវ អនុវត្តសិទ្ធិរបស់ខ្លួនក្រោមប្រព័ន្ធច្បាប់ តាមការគ្រប់គ្រងរដ្ឋបែបលិទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមានការសោកស្តាយ ដែលតុលាការធ្វើការឃុំខ្លូនលោក (មាជ សុវណ្ណារ៉ា) យ៉ាងនេះ។»
លោកបានបញ្ជាក់ថា បើតុលាការស្ថិតលើគោលការណ៍នៃការគោរពច្បាប់ តុលាការនឹងធ្វើការចាក់ផ្សាយ នូវខ្សែរវីដេអូដែលលោកបានស្នើឡើងនោះ ទាំងក្នុងបន្ទប់ និងផ្សាយបន្តមកក្រៅតុលាការ ដើម្បីបានជ្រាបដល់សាធារណៈជន ពិនិត្យមើលទាំងអស់គ្នា ថា តើអ្នកណាជាអ្នកប្រើប្រាស់ នូវអំពើហិង្សានោះ ហើយនឹងធ្វើការដោះលែងកូនក្តីលោក ដោយគ្មានលក្ខខណ្ឌ។
ដោយឡែក លោកមេធាវី ហែម សុជាតិ បានបន្ថែមថា តុលាការនឹងធ្វើការកាត់ក្តីលោក មាជ សុវណ្ណារ៉ា រួមទាំងតំណាងរាស្រ្តប្រាំពីរនាក់ផ្សេងទៀត។ តែលោកមិនមានសង្ឃឹមថា តុលាការនឹងដោះលែងកូនក្តីលោកឡើយ ព្រោះលោកយល់ថា នេះជារឿងនយោបាយ បើទោះជាមានភស្តុតាងដោះបន្ទុក ជាខ្សែរវីដេអូបញ្ជាក់យ៉ាងច្បាស់ក៏ដោយ។
តែលោកសហមេធាវី បែរជាដាក់ក្តីសង្ឃឹម ចំពោះការដោះលែងកូនក្តីនោះវិញថា បើមានការដោះស្រាយផ្នែកនយោបាយ ទើបមានការដោះលែងដ៏ពិតប្រាកដមួយ។ លោកមេធាវី ហែម សុជាតិ បានថ្លែងឲ្យដឹងទៀតថា៖ «ជារឿងនយោបាយ ក្នុងការធ្វើបាបមកលើសកម្មជន និងតំណាងរាស្រ្តគណបក្សប្រឆាំង។ (...) តាមខ្សែវីដេអូទាំងប្រាំ មិនមានចំណុចណាមួយ ដែលបង្ហាញថា មានការបង្គាប់បញ្ជា ញុះញុងឲ្យមានអំពើហិង្សាឡើយ។ (...) ទាំងនេះជារឿងនយោបាយសុទ្ធសាធ បើមានការសម្របសម្រួលខាងនយោបាយ នោះកូនក្តីខ្ញុំ អាចនឹងត្រូវបានរួចខ្លួន។ (....) តែបើបុគ្គល ឬមន្រ្តីតុលាការឯករាជ្យ អព្យាក្រិត្យ ឈរលើគោលការណ៍និងឆន្ទះច្បាប់នោះ កូនក្តីរបស់ខ្ញុំ នឹងត្រូវបានទម្លាក់ចោល នូវបទចោទប្រកាន់ទាំងឡាយ។»
មេធាវីសហភាតារបស់លោក មាជ សុវណ្ណារ៉ា រួមមាន លោកមេធាវី ចាន់ ចេន, លោក ហែម សុជាតិ, លោក ជួង ជូងី, លោក កែវ សីហា និងលោក គង់ ពិសី។ តាមការបញ្ជាក់របស់លោកមេធាវី ហែម សុជាតិ ថ្ងៃទី២៥ ខែធ្នូនេះ លោកព្រះរាជអាជ្ញា កែវ សុជាតិ នឹងធ្វើការនាំខ្លួនលោក មាជ សុវណ្ណារ៉ា មកធ្វើការសារសួរបន្តរ៕