មេធាវី មាជ សុវណ្ណារ៉ា៖ តុលាការគួរចាប់ខ្លួនសន្តិសុខ ដែលប្រើហឹង្សាពិតប្រាកដ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 25, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ ហៅលោក មាជ សុវណ្ណារ៉ា មកធ្វើការសាកសួរដេញដោល រឿងអង្គសេចក្តី ពាក់ព័ន្ធអំពើហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងមកនោះ លោកមេធាវី ហែម សុជាតិ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា តាមវីដេអូឃ្លីប ដំបងទាំងអស់ ដែលមាននៅទីលានប្រជាធិបតេយ្យក្នុងថ្ងៃនោះ ត្រូវបានសន្តិសុខរបស់សាលាក្រុងជាអ្នកយកមក។ ដំបងមួយស្បោងនោះ ក៏ត្រូវបានក្រុមសន្តិសុខទាំងនោះ ធ្វើការចែកគ្នាកាន់ម្នាក់មួយៗ។ ឯខាងបាតុករគ្មានដំបងទេ មានតែបំពង់ជ័រសម្រាប់ជាដងបដា នៃពាក្យស្លោកមួយចំនួនពាក់ព័ន្ធនឹងសេរីភាពប៉ុណ្ណោះ។
មេធាវីរូបនេះ បានបញ្ជាក់ថា «ដំបងជារបស់ក្រុមសន្តិសុខស៊ីឈ្នួល របស់សាលាក្រុងភ្នំពេញ។ ខាងបាតុករគ្មានអ្វីទាំងអស់។ (…) មកពីយើង (ក្រុមសន្តិសុខ) វាយក្បាលគេ ឈាម គេឈឺ អាចជាប្រតិកម្ម វាមិនមានការពាក់ព័ន្ធទៅនឹងអ្នកតំណាងរាស្រ្ត ក៏ដូចជា មាជ សុវណ្ណារ៉ា ទេ។»
ករណីហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ជាការប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា ដែលជាដើមបណ្តឹងអាជ្ញាក្នុងនាម ជាមន្ត្រីយុត្តិធម៌របស់សង្គម។ មេធាវីម្នាក់ទៀត លោក ចាន់ ចេន បានបន្តថា ដូច្នេះវាមិនមែនជារឿងបុគ្គលនោះទេ ជារឿងសង្គម ដូច្នេះតុលាការ ដែលមានព្រះរាជអាជ្ញា ជាដើមបណ្តឹងអាជ្ញា ត្រូវហៅភាគីទាំងពីរមកតទល់គ្នា ហើយពិនិត្យ និងរកឲ្យឃើញថាអ្នកណាខុស អ្នកណាត្រូវ។ លោកមេធាវីបានបង្ហាញនូវការសោកស្តាយ ដែលតុលាការមិនហៅភាគីពាក់ព័ន្ធមកធ្វើការសាកសួរ ពិសេសក្រុមសន្តិសុខស៊ីឈ្នួលរបស់សាលាក្រុងភ្នំពេញ។ លោកបានថ្លែងឲ្យដឹងថា៖ «ក្នុងរឿងនេះ មិនមានឃើញកោះហៅអ្នកពាក់ព័ន្ធ ក្រៅពីកូនក្តីខ្ញុំបាទ និងដើមបណ្តឹង»។
សូមរំលឹកថា លោកមាជ សុវណ្ណារ៉ា ជាអតីតបេក្ខភាពតំណាងរាស្ត្រលំដាប់ទី៣ មកពីខាងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ។ លោកត្រូវបានឃុំខ្លួនដោយដីកាតុលាការ ពីបទដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស។
ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស សមាគមអាដហុក លោក ណៃ វ៉ង់ដា ក៏ធ្លាប់បានលើកឡើង ក្រោយពីមានហិង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមកថា តុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនទាំងអស់ នោះទើបអាចរស្ថានភាពនយោបាយនៅកម្ពុជា ហើយក៏ជាការបង្ហាញពីភាពឯករាជ្យរបស់តុលាការដែរ។ ព្រោះអ្នកទាំងនោះ គ្មានពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍«ហិង្សា» ដែលកើតចេញពីបាតុកម្ម«អហិង្សា»នោះឡើយ។
សូមរំលឹកថា ការប៉ះទង្គិចគ្នាមួយបានកើតឡើងរវាងសកម្មជនគណបក្ស និងកងសន្តិសុខខ័ណ្ឌដូនពេញកាលពីថ្ងៃទី១៥ ខែកក្កដា ខណៈតំណាងរាស្ត្រ និងសកម្មជនគណបក្សមួយចំនួន ទាមទារឲ្យ«ដោះលែង»សួនប្រជាធិបេតយ្យ។ ហិង្សានោះយ៉ាងហោចណាស់មានមនុស្សជាង៥០នាក់បានរងរបួស។