ធី សុវណ្ណថា ប្រកាស​អធ្យាស្រ័យ​ឲ្យ សាន្ដ ប៊ុនធឿន ជា​មួយ​លក្ខខណ្ឌ

ពាក្យបណ្ដឹង បានចូលទៅដល់តុលាការ តាំងពីពីរថ្ងៃមុន តែនៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានប្រកាសដើរថយក្រោយ មួយជំហានវិញ។ នោះ គឺកញ្ញាបានអះអាងថា នឹងអធ្យាស្រ័យ ឲ្យលោក សាន្ដ ប៊ុនធឿន វិញ ប្រសិនណាអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គមរូបនេះ បំពេញនូវលក្ខខណ្ឌមួយចំនួន។
ធី សុវណ្ណថា ប្រកាស​អធ្យាស្រ័យ​ឲ្យ សាន្ដ ប៊ុនធឿន ជា​មួយ​លក្ខខណ្ឌ
ពីឆ្វេង​ទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា និងលោក សាន្ដ ប៊ុនធឿន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 28, 2017
  • ប្រធានបទ: តារាហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សាន្ដ ប៊ុនធឿន មានរយៈពេល១២ម៉ោង ក្នុងការបំពេញលក្ខខណ្ឌទាំងនេះ។ កញ្ញា ធី សុវណ្ណថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រកាសថា នាងនឹងអធ្យាស្រ័យ ឲ្យអ្នកសារព័ត៌មានរូបនេះ ប្រសិនណាជាលោក «ព្រមធ្វើលិខិតទទួលស្គាល់កំហុស» ចំពោះមុខនាង។

កញ្ញា «ចៅតា» បានសរសេរដូច្នេះ នៅមុននេះបន្តិច លើទំព័រហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំនឹងអធ្យាស្រ័យឲ្យ សាន្ត ប៉ុនធឿន បើលោកព្រមធ្វើ លិខិតទទួលស្គាល់កំហុស ចំពោះមុខខ្ញុំ»។

យុវតីអ្នកគាំទ្រគណបក្សកាន់អំណាច បានពន្យល់ថា ក្នុងលិខិតនោះ ត្រូវលោក សាន្ដ ប៊ុនធឿន ទទួលស្គាល់ដូចតទៅ៖ «១- លោកបានជេរប្រមាថ មើលងាយខ្ញុំ និងគ្រួសារខ្ញុំ។ ២- លោកបានបរិហាកេរ្តិ៍ខ្ញុំ ចូល CPP បានលុយ ឡាន វីឡា។ ៣- លោកបានជ្រុលនិយាយ ឲ្យព័ទ្ធឡានខ្ញុំ ឲ្យចាត់ការខ្ញុំ។»។

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា នាងមិនត្រូវការ ឲ្យអ្នកសារព័ត៌មានរូបនេះ សុំទោសនាងនោះទេ តែកញ្ញា បានបញ្ជាក់ថា៖ «ខ្ញុំត្រូវការឲ្យលោកទទួលស្គាល់កំហុស រួចផ្សាយកែតម្រូវឡើងវិញ»។

ការប្ដូរជំហររបស់អតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីប្រតិកម្ម បានកើតឡើងរីកព្រោងព្រាត ទាក់ទងនឹងការដាក់ពាក្យបណ្ដឹង ដែលហាក់ដូចជា «ងាយជ្រុល» ក្នុងការប្ដឹង​នរណាម្នាក់ បើគ្រាន់តែមនុស្សនោះ លេងសើចជ្រុលជ្រុស នៅលើបណ្ដាញសង្គម។ ការដាក់ពាក្យបណ្ដឹងក្នុងគ្រានេះ របស់​អ្នកគាំទ្រ​គណបក្សប្រជាជន​កម្ពុជា​វ័យ​ក្មេង ថែមទាំងបានបង្ក ឲ្យមានរូបភាពមិនល្អសោះឡើយ ទៅដល់ប្រព័ន្ធយុត្តិធម៌ របស់ប្រទេសកម្ពុជា ដែលកន្លងមក តែងបានសម្រេច​ ឲ្យចាប់ខ្លួន​មនុស្សជាច្រើន ដោយសារពាក្យបណ្ដឹងមុនៗ របស់នាង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...