CNRP ឲ្យជម្រើស​ពីរ​សម្រាប់ ហ៊ុន សែន

គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ តាំងពីខែវិច្ឆិកានោះ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅមុននេះបន្តិច គាំទ្រសេចក្ដីប្រកាសរួម របស់បណ្ដាប្រទេសទាំង៤៥ នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប និងគាំទ្រការព្រមាន របស់ដៃគូ និងសម្ព័ន្ធមិត្តពាណិជ្ជកម្ម ទាំង២៨របស់កម្ពុជា។ គណបក្សប្រឆាំង បានផ្ដល់ជម្រើសពីរ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជ្រើសរើស។
CNRP ឲ្យជម្រើស​ពីរ​សម្រាប់ ហ៊ុន សែន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 23, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើលោក ហ៊ុន សែន មិនងាកមករកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញទេនោះ មានន័យថា លោក ហ៊ុន សែន សម្រេចចិត្តយកសុខុមាលភាព និងវិបុលសុខរបស់ប្រជាពលរដ្ឋខ្មែរ មកប្រថុយនឹងគ្រោះថ្នាក់»។ នេះ ជាជម្រើសពីរ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគណបក្សសង្គ្រោះជាតិ លើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់គណបក្ស។

សេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង ដែលទើបនឹងចេញផ្សាយ នៅមុននេះ បានសរសេរសាទរ សេចក្ដីថ្លែងការណ៍រួម របស់ប្រទេសចំនួន ៤៥ នៅក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជុំវិញជំហររបស់ប្រទេសទាំងនេះ ព្រមានមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ ប្រសិនណា ជាគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ចូលរួមទេនោះ។

គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយអំណាចសាលដីកា ដ៏ចម្រូងចម្រាស់ របស់តុលាការកំពូល កាលពីពាក់កណ្ដាល ខែវិច្ឆិកានោះ បានគាំទ្រផងដែរ ពីការព្រមានរបស់ «ដៃគូ និងសម្ព័ន្ធមិត្តពាណិជ្ជកម្ម ទាំង២៨ របស់កម្ពុជា» ដែលអះអាងថា បើគ្មានការដោះលែង ប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងគ្មានការស្ដារ នីតិសម្បទា​គណបក្សសង្គ្រោះជាតិ ឡើងវិញទេនោះ ការបោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា នឹងមិនត្រូវបាន ចាត់ទុកថាស្របច្បាប់ឡើយ។

យ៉ាងណា គណបក្សរូបសញ្ញា​ព្រះអាទិត្យ​មួយនេះ នៅបន្តអំពាវនាវ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកជ្រើសរើស ការសន្ទនានយោបាយដោយផ្ទាល់ និងបើកចំហរ ក្នុងការដោះស្រាយវិបត្តិនយោបាយ និងស្ដារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ «ពិតប្រាកដ» ដើម្បី «ចៀសវាង នូវវិធានការជាក់ស្ដែង និងទណ្ឌកម្មនានា ពីសហគមន៍អន្តរជាតិ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...