ណ័រវែស៖ ខួបមួយឆ្នាំ នៃការបាញ់សម្លាប់រង្គាល ២២កក្កដា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 25, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃនោះ ឃាតករ ដែលប្រកាន់នយោបាយ ស្ដាំនិយមជ្រុល ឈ្មោះ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក បានបាញ់សម្លាប់ មនុស្ស ៧៧នាក់។
បណ្ដាជនបានដាក់ផ្កា ដើម្បីរំលឹកទៅដល់អ្នកស្លាប់ ដោយការបាញ់ប្រហារនៅលើកោះ អ៊ុយតើយ៉ា។
ក្នុងប្រទេសណ័រវែស កាលពីថ្ងៃអាទិត្យនេះ នៅសឹងតែ គ្រប់ទីសក្ការសាសនា គំរោងរៀបចំ នៃការជួបជុំគ្នា និងធ្វើការប្រគុំ តន្ត្រី ដើម្បីជាខួបមួយឆ្នាំ នៃការរំលឹកឡើងវិញ នូវព្រឹត្តិការណ៍បាញ់រង្គាល ដែលបានធ្វើអោយ ឧបទ្វីបស្កន់ឌឺណាវ ទាំងមូល តក់ស្លុតរន្ធត់ជាទីបំផុត កាលពីថ្ងៃ២២កក្កដាឆ្នាំមុន។
ថ្ងៃនោះ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក (Anders Behring Breivik) ជនសង្ស័យជា ឃាតករឈាមត្រជាក់ បានសំលាប់ មនុស្សចំនួន ៧៧នាក់ ដែលភាគច្រើនសុទ្ធសឹងជាក្មេងជំទង់ ក្នុងមជ្ឈមណ្ឌលយុវជនមួយ នៅលើកោះ អ៊ុយតើយ៉ា (Utoeya) ក្រោយ ពីបាន បំផ្ទុះគ្រាប់បែកមួយគ្រាប់ នៅក្នុងសង្កាត់រដ្ឋបាល នៃទីក្រុងអូស្លូ។
មួយឆ្នាំក្រោយពីព្រឹត្តិការណ៍នេះ ដែលចូលជាប្រវត្តិបាញ់សម្លាប់ ដ៏ឃោឃៅមួយថ្មី បន្ទាប់ពីសង្គ្រាមលោក លើកទី២មក ប្រទេសណ័រវែសទាំងមូលបានរៀបចំ ជាកម្មវិធីសូត្រធម៌ រំលឹកវិញ្ញាណខ័ន ទៅដល់អ្នកដែលបានស្លាប់ រាប់តាំងពីរដ្ឋធានី អូស្លូ កោះអ៊ុយតើយ៉ា (Utoeya) ដែលជាកន្លែងកើតហេតុ រហូតទៅដល់កោះទឹកកក ដែលមានចំងាយ ១ ១០០គីឡូមែត្រ ពីភូមិភាគខាងជើងបំផុតនៃប្រទេស។
ជនសង្ស័យជា ឃាតករឈាមត្រជាក់ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក លើកដៃបង្ហាញពីភាពដាច់ខាតរបស់ខ្លួន។
នៅថ្ងៃអាទិត្យដដែលនោះ លោក ហ្សង់ ស្តូតេនប៊ែរ (Jens Stoltenberg) នាយករដ្ឋមន្ត្រី នៃប្រទេសនេះ បានបញ្ជាក់ថា អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក បាន«បរាជ័យ» ក្នុងការប៉ុនប៉ង អោយសង្គមណ័រវែសផ្លាស់ប្ដូរ។
«គ្រាប់បែក និងគ្រាប់កាំភ្លើង ចង់អោយសង្គមណ័រវែស ផ្លាស់ប្ដូរ។ តែប្រជាជនណ័រវែស បានឆ្លើយតបយ៉ាងច្បាស់លាស់ ជាមួយនឹង ភាពថ្លៃថ្លានៃប្រជាជាតិរបស់យើង។ ឃាតករបានបរាជ័យ ហើយប្រជាជនបានជោគជ័យ។»
នាយករដ្ឋមន្ត្រីរូបនេះ បានដាក់កំរងផ្កា នៅនឹងទីកន្លែង ដែលឃាតករបានបំផ្ទុះគ្រាប់បែក នៅម៉ោង៩ម៉៣០នាទីព្រឹក មុន នឹងទៅចូលរួមសូត្រធម៌ជាមួយនឹង ព្រះរាជា និងមហេសី នៅក្នុងព្រះវិហាមួយ ក្នុងទីក្រុងអូស្លូ នៅម៉ោង១១ម៉០០។ លោក បានថ្លែងសុន្ទរកថា នៅលើកោះ អ៊ុយតើយ៉ា វេលាម៉ោង១៤ម៉១០រសៀល មុននឹងជួបជាមួយ គ្រួសារនៃយុវជនរងគ្រោះ នៅ ម៉ោង១៥ម៉១៥នាទី។ លោកបានដាក់កំរងផ្កាមួយទៀត នៅលើកោះអ៊ុយតើយ៉ានេះ នៅម៉ោង១៨ម៉៤៥នាទីល្ងាច។
ដើម្បីបញ្ចប់ ថ្ងៃប្រកបដោយទុក្ខព្រួយនេះ លោកនាយករដ្ឋមន្ត្រី ក៏បានទៅចូលរួមក្នុងការប្រគុំតន្ត្រីរលឹកវិញ្ញាណខ័នមួយ ដែលបានតម្លើងរៀបចំឆាកដោយ បណ្ដាសិល្បករ នៃប្រទេស ដែលនឹងចាប់ផ្ដើមនៅម៉ោង ២០ម៉០០យប់។
ជនសង្ស័យជា ឃាតករឈាមត្រជាក់ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក កំពុងរងចាំសាលក្រមរបស់តុលាការ ដែលនឹងចេញជាស្ថាពរនៅថ្ងៃទី ២៤សីហា។ សាវនាការកាត់ទោស ជននេះ បានបញ្ចប់រួចរាល់ហើយ កាលពីថ្ងៃ ២២មិថុនាកន្លងទៅ៕
រូបថត និងសេចក្ដីលំអិត នៅជុំវិញព្រឹត្តិការណ៍នេះ សូមចុចលើខ្សែរភ្ជាប់នេះ៕
---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ