ប៉ូឡូញចងចាំ ព្រឹត្តិការណ៍សម្លាប់រង្គាល បណ្ដាជនជ្វីហ្វ ដោយពួកហ្វាស៊ីស ពី៧០ឆ្នាំមុន

នៅមុនសង្គ្រាមលោកលើកទីពីរ ទីក្រុងវ៉ាសូវី មានបណ្ដាជនជ្វីហ្វ រស់នៅច្រើនជាងគេ នៅក្នុងពិភពលោក បន្ទាប់ពីទីក្រុង ញ៉ូយក។ ហើយនៅពេលនោះ ពួកអាឡឺម៉ង់ បានប្រមូលផ្ដុំបណ្ដាជនជ្វីហ្វ អោយមករស់នៅក្នុងសង្កាត់នេះ យ៉ាងច្រើនជា ទីបំផុត។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាព្រឹត្តិការណ៍ដ៏ សោកសៅ និងអមនុស្សធម៌ជាទីបំផុត នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលពួកហ្វាស៊ីស អាឡឺម៉ង់ ក្រោយការដឹកនាំរបស់ ហ៊ីត្លែ នៅពេលនោះ បានអនុវត្តន៍នូវផែនការកំទេច និងចំរ៉ាញ់ចោល នូវបណ្ដាជន ជ្វីហ្វ ចំនួន ប្រមាណជាជាង ២៦០ ០០០នាក់ ក្នុងទីក្រុងវ៉ាសូវី នៃប្រទេសប៉ូឡូញ។ នៅថ្ងៃអាទិត្យទី ២២កក្កដាកន្លងមកនេះ ប្រទេស ប៉ូឡូញ ជាពិសេសបណ្ដាអ្នករស់នៅ ក្នុងទីក្រុងវ៉ាសូវី បានរំលឹកឡើងវិញ នៅពេល៧០ឆ្នាំក្រោយមក នៃអនុស្សាវរីយ៍ ដ៏ខ្លោចផ្សារនេះ។


បណ្ដាជនជ្វីហ្វ ដែលត្រូវនាំចេញដោយពួកអាឡឺម៉ង់ ហើយអាចត្រូវយកទៅសម្លាប់។ រូបថត៖ wikipedia.org

វប្បធម៌ទំនៀមទំលាប់ នៃជនជាតិមួយ ត្រូវតែរលាយអោយបាត់...

ប្រវត្តិវិទូម្នាក់ ឈ្មោះ ប៉ាវែល ស្ពឺអេវ៉ាក់ (Pawel Spiewak) ជាប្រធានវិទ្យាស្ថាន ប្រវត្តិសាស្ត្រ នៃជនជាតិជ្វីហ្វ បានរំលឹក ឡើងវិញថា «នៅថ្ងៃទី ២២កក្កដា ឆ្នាំ ១៩៤២ ពួកឈ្លានពានអាឡឺម៉ង់ បានចេញក្រិត្យមួយ ដែលប្រាប់ទៅ បណ្ដាជនណា ដែលគ្មាន ប័ណ្ដអនុញ្ញាតិអោយធ្វើការពិសេស អោយបង្ហាញខ្លួន នៅទីលានមួយ ឈ្មោះ អ៊មឆ្លាផ្លាត្ស (Umschlagplatz) ស្ថិតនៅកណ្ដាលសង្កាត់មួយ ដែលសម្បូរទៅដោយ ពួកបណ្ដាជនជ្វីហ្វរស់នៅ នៃទីក្រុងវ៉ាសូវី។»

នៅមុនសង្គ្រាមលោកលើកទីពីរ ទីក្រុងវ៉ាសូវី មានបណ្ដាជនជ្វីហ្វ រស់នៅច្រើនជាងគេ នៅក្នុងពិភពលោក បន្ទាប់ពីទីក្រុង ញ៉ូយក។ ហើយនៅពេលនោះ ពួកអាឡឺម៉ង់ បានប្រមូលផ្ដុំបណ្ដាជនជ្វីហ្វ អោយមករស់នៅក្នុងសង្កាត់នេះ យ៉ាងច្រើនជា ទីបំផុត។

ប្រវត្តិវិទូបានបន្តទៀតថា «ក្នុងរយះពេលតែ៣ខែប៉ុណ្ណោះ បណ្ដាជន ដែលរស់នៅក្នុងសង្កាត់នេះ ចំនួនជាង ២៦០ ០០០ នាក់ ត្រូវបានពួកអាឡឺម៉ង់ នាំចេញទៅសម្លាប់។ ចំនួននេះ ស្មើនឹង១ភាគ៤ នៃប្រជាជនទាំងអស់ ដែលរស់នៅក្នុង ទីក្រុងវ៉ាសូវី។ សំរាប់ពួកហ្វាស៊ីស វប្បធម៌ទំនៀមទំលាប់ នៃបណ្ដាជន ដែលរស់នៅក្នុងសង្កាត់នេះ ត្រូវតែរលាយ អោយបាត់ពីពិភពលោក។»

បន្ទាប់ពីបានចូលឈ្លានពាន ប្រទេសប៉ូឡូញ បានមួយឆ្នាំក្រោយមក ពួកអាឡឺម៉ង់ បានបង្កើតនៅខែតុលាឆ្នាំ១៩៤០ នូវ សង្កាត់ពិសេសមួយ ស្ថិតនៅចំកណ្ដាលទីក្រុងវ៉ាសូវី ជាមួយនឹងជញ្ជាំងខ័ណ្ឌចែក ដើម្បីបង្ខាំងបណ្ដាជនជ្វីហ្វប្រមាណជា ជាងកន្លះលាននាក់។ គ្រោះទូរភិក្ស និងជំងឺរាតត្បាត បានរុករាន បណ្ដាជននៃសង្កត់នេះ ដែលមានសិទ្ធតែនៅក្នុងក្រឡា ផ្ទៃ ប្រហែលជា៣គីឡូមែត្រក្រឡាប៉ុណ្ណោះ។

បណ្ដាជនជ្វីហ្វ ២លាននាក់ បានស្លាប់ និងបាត់ខ្លួន នៅក្នុងមណ្ឌល ចំរ៉ាញ់ចោល ត្រេប្លាំងកា (Treblinka)

នៅឆ្នាំ ១៩៤១ ពួកអាឡឺម៉ង់ បានចេញក្រិត្យមួយ មានគោលដៅអនុវត្តន៍ នូវផែនការមួយដ៏ធំ ក្នុងការកំទេច និងចំរ៉ាញ់ ចោល នៃបណ្ដាជនជ្វិហ្វ ដែលរស់នៅក្នុង សង្កាត់នេះ នៃទីក្រុងវ៉ាសូវី និងនៅតាមបណ្ដាខេត្តផ្សេងទៀត ក្នុងប្រទេស ប៉ូឡូញ។ ផែនការនេះ បានធ្វើអោយ បណ្ដាជនជ្វីហ្វ ជាង២លាននាក់ស្លាប់ នៅក្នុងមណ្ឌល ត្រេប្លាំងកា (Treblinka) ស៊ប៊ីប៊រ (Sobibor) និងប៊ែលហ្សិច (Belzec)។

មណ្ឌល ចំរ៉ាញ់ចោល ត្រេប្លាំងកា (Treblinka) ស្ថិតនៅជាង ១០០គីឡូមែត្រ ប‍៉ែងខាងជើង ទីក្រុងវ៉ាសូវី បានទទួល មនុស្សយកទៅសម្លាប់ ដោយដុតទាំងរស់ អស់ជាច្រើនរាប់សិបម៉ឺននាក់ ដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិ។ តែរយះពេល ៣ខែប៉ុណ្ណោះ នៅក្នុងសង្កាត់ នៃទីក្រុងវ៉ាសូវី នៅសល់បណ្ដាជនជ្វីហ្វតែ ៣៥ ០០០ប៉ុណ្ណោះ ដែលចុះក្នុងបញ្ជី និង ប្រហែលជា ២៥ ០០០ទៀត រស់នៅដោយលាក់ខ្លួន។

ខួប៧០ឆ្នាំ នៃអនុស្សាវរីយ៍ខ្លោចផ្សារ

កាលពីថ្ងៃអាទិត្យនេះ ក្បួនដង្ហែរមួយ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកជាពិសេស ទៅដល់វិញ្ញាណខ័ន បណ្ដាជនរងគ្រោះ ដែលមានវ័យក្មេងជាងគេ ព្រមទាំងទៅដល់អ្នកដែលបានបូជាជីវិតរបស់ខ្លួន ក្នុងការការពារសិទ្ធរស់នៅរបស់ ជនរងគ្រោះ វ័យក្មេងទាំងនោះ។

នៅក្នុងរយះពេល ៣ខែនៃផែនការ កំទេចចំរ៉ាញ់ចេញ របស់ពួកហ្វាស៊ីសអាឡឺម៉ង់ មានកុមារតែ ៥០០នាក់ប៉ុណ្ណោះ ដែល នៅសល់បានរួចរស់មានជីវិត។

ការរំលឹកខួប៧០ឆ្នាំនេះ បានបញ្ចប់ទៅ ជាមួយ នឹងការប្រគុំតន្ត្រីមួយ ស្ថិតនៅកណ្ដាលសង្កាត់ នៃបណ្ដាជនជ្វីហ្វនេះ។ ហើយនេះជាលើកដំបូងហើយ របស់ប្រទេសប៉ូឡូញ ដែលគេប្រារព្ធពិធីរំលឹកខួបនៅក្នុងថ្ងៃនេះ។ លោកប្រវត្តិវិទូ ប៉ាវែល ស្ពឺអេវ៉ាក់ បានប្រាប់ពីមូលហេតុថា «ថ្ងៃទី២២កក្កដា មិនមាននៅក្នុង កាលវិភាគជផ្លូវការ របស់ប្រទេសទេ ដោយហេតុ ប្រទេសប៉ូឡូញ បានជាប់ផុងខ្លួនជាច្រើនឆ្នាំ ក្នុងរបបកុម្មុយនីស ហើយ នៅក្រោមរបបនេះ គេចង់អោយប្រារព្ធធ្វើបុណ្យ ណា ដែលមានន័យ បំរើអោយបដិវត្តន៍ប៉ុណ្ណោះ។ ដូច្នេះហើយ ព្រឹត្តិការណ៍មួយទៀត ដែលមាននៅក្នុងកាលវិភាគផ្លូវការ និងមានន័យ សំរាប់បណ្ដាជនជ្វីហ្វនៃសង្កាត់នេះដែរ គឺការងើបក្រោបឡើងប្រឆាំង ទល់នឹងពួកឈ្លានពានអាឡឺម៉ង់ នៅ ថ្ងៃទី១៩មេសា ឆ្នាំ១៩៤៣។»

ខណៈដែលពួកអាឡឺម៉ង់ សំរេចចិត្តថា នឹងបោសសំអាច ជាចុងក្រោយអោយអស់ នូវបណ្ដាជនក្នុងសង្កាត់នេះ នៅថ្ងៃទី ១៩មេសា ឆ្នាំ១៩៤៣ ក្រុមសហគមន៍ជ្វីហ្វ បានរួមគ្នាងើបឡើង ទាំងអស់សង្ឃឹម ដើម្បីប្រឆាំងទល់នឹងពួកអាឡឺម៉ង់។ ការងើបបះបោរនេះ បានរងនូវការបង្រ្កាបយ៉ាងខ្លាំង ពីពួកហ្វាស៊ីស ដោយបានឈូសចោល សឹងតែរាបដល់ដី នូវសង្កាត់ នេះទាំងមួល។

នៅថ្ងៃទី១សីហាឆ្នាំ១៩៤៥ នៅពេលបានដឹងថា កងទ័ពរបស់សហភាពសូវៀត បានវាយលុក ចូលមកជិតដល់ មាត់ទ្វានៃ ទីក្រុងវ៉ាសូវី ការងើបបះបោរតស៊ូ របស់ប្រជាជនប៉ូឡូញ បានចាប់ផ្ដើមមានកំលាំង និងមានរចនាសម្ព័នឡើងវិញ។

នៅពេលនោះ មានទាហ៊ាន ១៨០​ ០០០នាក់ និងជនសមញ្ញ ២០០ ០០០នាក់ បានស្លាប់ នៅក្នុងផែនការមួយរបស់ អាឡឺម៉ង់ ដើម្បីកំទេចចោលទាំងស្រុង បណ្ដាជនប្រឆាំង ក្នុងទីក្រុងទាំងមូល៕

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...