កូរ៉េខាងជើង យំចំពោះមរណភាពរបស់ ហ្វីដែល កាស្ត្រូ
ប្រទេសកូរ៉េខាងជើង បានប្រកាសកាន់ទុក្ខ ចំនួនបីថ្ងៃ កាលពីថ្ងៃចន្ទកន្លងទៅនេះ ចំពោះមរណភាពរបស់លោក ហ្វីដែល កាស្ត្រូ ដែលប្រទេសកុម្មុយនីស បានចាត់ទុកថា «ជាមិត្ត និងជាសម្ព័ន្ធមិត្ត» ដ៏ជិតស្និតបំផុតរបស់ខ្លួន ប្រឆាំងនឹង«អាមេរិកាំងឈ្លានពាន»។ ទង់ជាតិកូរ៉េខាងជើងនានា នៅក្នុងប្រទេស នឹងត្រូវទម្លាក់ មកនៅត្រឹមពាក់កណ្ដាល ដើម្បីឧទ្ទិសនូវកិត្តិយស ដ៏«មហាថ្លៃថ្លា» របស់«បីតាបដិវត្តន៍គុយបា» ដែលបានលាចាកលោកទៅ នៅថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩០ឆ្នាំ។
សារព័ត៌មានផ្លូវការ «Rodong Sinmun» របស់គណបក្សពលករកូរ៉េ ដែលជាគណបក្សដឹកនាំប្រទេសតែមួយ បានផ្សាយអត្ថបទមួយ អមដោយរូបថតរបស់លោក ហ្វីដែល កាស្ត្រូ ក្នុងសម្លៀកបំពាក់យោធា ដោយបានរំលឹកមកនិយាយឡើងវិញ ពីទស្សនកិច្ចផ្លូវរដ្ឋរបស់លោក កាស្ត្រូ កាលពីឆ្នាំ១៩៨៦ នៅកូរ៉េខាងជើង ជាមួយនឹងជំនួប«ជាប្រវត្តិសាស្ត្រ» ជាមួយ«បីតាស្ថាបនិក» [...]