គុយបា៖ សេវាកម្មហាងអ៊ិនធើណែត បើកទ្វាដំបូងទទួលអតិថិជន
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិថុនា ២០១៣
- កែប្រែចុងក្រោយ: June 05, 2013
- ប្រធានបទ: បច្ចេកវិទ្យាថ្មី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហាងអ៊ិនធើណែតប្រមាណជា១០០កន្លែង បានបើកទ្វាទទួលអតិថិជនរបស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃការបើកទូលាយ ក្នុងវិស័យបច្ចេកវិទ្យា របស់រដ្ឋាភិបាលកុម្មុយនីស នៃប្រទេសគុយបា។ ប៉ុន្តែតម្លៃនៃការភ្ជាប់ក្នុងមួយម៉ោង នៅថ្លៃស្មើនឹងមួយភាគប្រាំ នៃប្រាក់ខែទាបបំផុត របស់ពលរដ្ឋគុយបាម្នាក់ៗ ដែលវានឹងនៅតែធ្វើឲ្យសេវាកម្មនេះ ស្ថិតនៅឆ្ងាយ ពីអ្នកដែលចង់សិក្សាស្រាវជ្រាវ ឬចង់ពិគ្រោះព័ត៌មានអ្វីមួយនោះ នៅឡើយ។
សិល្បករមួយរូប រស់នៅក្នុងទីក្រុងឡាហាវ៉ាន (LaHavane) អាយុ៣៨ឆ្នាំ បាននិយាយថា «ជាលទ្ធភាពដ៏ធំមួយ។ វានៅតិចតួចណាស់ ក្នុងពេលនេះ តែយ៉ាងហោចណាស់ វាគ្រាន់បើជាងអត់។»
ទោះបីជាមានភ្លៀងធ្លាក់ ខ្លាំងបែបណាក៏ដោយ នៅថ្ងៃអង្គារទី០៤ខែមិថុនា (ថ្ងៃដែលសេវាកម្មតាមហាងនេះ ត្រូវបានបើកអោយមានប្រើប្រាស់ដំបូង ជាសាធារណៈ) មនុស្សម្នាបានទៅឈរតម្រៀបជួរគ្នា ដើម្បីបានភ្លក្ស ពី«ការភ្ជាប់អ៊ិនធើណែត»នៅតាមហាងដ៏ថ្មីស្រឡាង ផ្ដល់ដោយក្រុមហ៊ុនជាតិទូរគមនាគមន៍នៃប្រទេសគុយបា។ អ្នកខ្លះបានបើកជាបន្ទាន់ នូវប្រអប់ទូរសារផ្ទាល់ខ្លួនមួយ ដើម្បីអាចបញ្ជូន ឬទទួលសារ ដែលពួកគេគិតថាចាំបាច់ ក្នុងការទាក់ទងគ្នា និងខ្លះទៀត បានទាញយកកម្មវិធីជាច្រើន ដូចជាពីគេហទំព័រយ៉ាហូ (Yahoo) ជាដើម ដើម្បីដាក់បញ្ជូលក្នុងម៉ាស៊ីនកំព្យូទ័រ ទុកជាការប្រើប្រាស់ជាប្រចាំ។
វេជ្ជបណ្ឌិតមួយរូប អាយុ៣៣ឆ្នាំ ដែលទើបនឹងពិគ្រោះគេហទំព័រមួយនោះ ក៏បាននិយាយឡើងដែរថា «សម្រាប់យើង ជាសេវាកម្មមួយ ដែលអនុញ្ញាតឲ្យប្រើអាំងធើណែត និងដឹងពីព័ត៌មានជាច្រើន ដែលពីមុនមក យើងមិនដែលបានដឹង ទាល់តែសោះ»។
តាមស្ថិតិចុងក្រោយគេបង្អស់របស់រដ្ឋាភិបាល នៅក្នុងប្រទេសដែលបិតជើងមេឃជិតឈឹងនេះ ប្រជាជនតែ២,៩%ប៉ុណ្ណោះ ដែលអាចទទួលសេវាកម្មភ្ជាប់ទៅអ៊ិនធើណែត។ តែអ្នកវិភាគបានរំពឹងថា បើនិយាយពីការចង់ចេះចង់ដឹង របស់ពលរដ្ឋ តួលេខស្ថិតិអាចមានចំនួនពី៥ទៅ១០% បៀបធៀបទៅនឹងតួលេខមួយចំនួនធំ ដែលទូរស័ព្ទដែលភ្ជាប់ ទៅអ៊ិនធើណែតបាន ត្រូវគេលួចលក់នៅលើទីផ្សារងងឹត។
ប៉ុន្តែតម្លៃភ្ជាប់សេវាកម្ម ៤,៥ដុល្លាអាមេរិក ក្នុងមួយម៉ោង ជាតម្លៃដ៏ខ្ពស់មួយ សម្រាប់ជនជាតិគុយបា ដែលរកបានតែ២០ដុល្លាក្នុងមួយខែ។ ក្នុងឆ្នាំ២០០៨ នៅពេលដែលមានការអនុញ្ញាត ឲ្យប្រើប្រាស់ទូរស័ព្ទដៃ ដែលភ្ជាប់ទៅអ៊ិនធើណែតបាន ជាលើកដំបូង គេត្រូវចំណាយរហូតដល់ទៅ១០០ដុល្លា ដើម្បីបើកគណនីអ៊ិនធើណែតមួយបាន។ តែនៅថ្ងៃនេះ គេចំណាយតែ១៥ដុល្លាប៉ុណ្ណោះ ហើយបើតាមស្ថិតិឆ្នាំ២០១១ បានឲ្យដឹងថា ប្រជាជនគុយបាចំនួនជាងមួយលាននាក់ មានទូរស័ព្ទដៃប្រើ។
ការភ្ជាប់ទៅបណ្ដាញអ៊ិនធើណែត នៅជាចំណោទខាងនយោបាយមួយ យ៉ាងខ្លាំងនៅឡើយ ក្នុងប្រទេសកុម្មុយនីសមួយនេះ។ ក្រុមអ្នកប្រឆាំង បានចោទរដ្ឋាភិបាលលោក រ៉ូល កាស្ត្រូ (Raul Castro) ថាបានមានបំណងដាក់កំហិត ការភ្ជាប់ទៅអ៊ិនធើណែត ដើម្បីងាយស្រួល ក្នុងការឃ្លាំមើលប្រជាជន។ តែខាងរដ្ឋាភិបាល បានអះអាងថា ជាបញ្ហាបច្ចេកទេសទាំងស្រុង ព្រោះហេត្ថារចនាសម្ព័ន្ធ នៅមិនទាន់មានបំពាក់គ្រប់គ្រាន់នៅឡើយ សម្រាប់ដាក់ឲ្យដំណើរការ នូវសេវាកម្មដ៏ថ្មីស្រឡាងនេះ៕