ក្រុម​យុវជន​ការពារ​បរិស្ថាន ដាក់​ញ្ញត្តិ​ឲ្យ​រដ្ឋាភិបាល ចាត់​ការ​រាល់​បទ​ល្មើស​ព្រៃ​ឈើ

ក្រុមយុវជនប្រមាណជាង២០០នាក់ ដែលធ្វើការលើវិស័យព្រៃឈើ បរិស្ថាន ទំនប់វារីអគ្គីសនី និងធនធានធម្មជាតិបាន​ដាក់ញ្ញាត្ត សុំអន្តរាគមន៍ទៅរដ្ឋសភាដើម្បី បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ និងត្រួតពិនិត្យលើ​ក្រុមហ៊ុនដី​សម្បទានសេដ្ឋកិច្ច ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: June 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមយុវជនប្រមាណជាង២០០នាក់ ដែលធ្វើការលើវិស័យព្រៃឈើ បរិស្ថាន ទំនប់វារីអគ្គីសនី និងធនធានធម្មជាតិបាន​ដាក់ញ្ញាត្ត សុំអន្តរាគមន៍ទៅរដ្ឋសភាដើម្បី បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ និងត្រួតពិនិត្យលើ​ក្រុមហ៊ុនដី​សម្បទានសេដ្ឋកិច្ច ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។


សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ  AFP)

យុវជនទាំងនោះ មកពីបណ្តាសាលកវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងសហគមន៍ព្រៃឡង់ទាំង៤ ខេត្ត ដោយបាន​គូស​មុខជារូបដើមឈើព៌ណបៃតង ដើម្បីបញ្ជាក់អំពីការស្រលាញ់បរិស្ថាន រួចដើរជុំវិញខាងមុខសួនច្បាររដ្ឋសភា ជាច្រើនជុំ​ដោយអមជាមួយម៉ូតូតុកតុកជាច្រើនគ្រឿង មុននឹងយកញាត្តិដាក់ទៅប្រធានរដ្ឋសភា លោក ហេង សំរិន ដែលនៅក្នុង​ញត្តិនោះ មានចំនួន៦ចំណុច ដូចជាទាមទារឲ្យពិនិត្យលើដំណាំកៅស៊ូ របស់ក្រុមហ៊ុនCRCK ក្រុមហ៊ុនហ្វាងអាន់ ក្រុមហ៊ុន​យ៉ាងឡាយ ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឹគ្រុប ដែលទទួលបានដីសម្បទានពីរដ្ឋ ជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់រាល់​បទល្មើស​ព្រៃឈើ ដែលកំពុងតែកើតមាន ពិនិត្យលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ និងទំនប់វារីអគ្គីសនី ដែលកំពុង​ប្រតិបត្តិការនៅកម្ពុជា។ នៅក្នុងចំណុចទី៦នៃញាតិ្តនោះបានលើកឡើងថា ៖ «បញ្ឈប់ការគំរាមកំហែង មកលើអ្នក​ការពារ​ព្រៃឈើ ការពារធនធានធម្មជាតិ និងបរិស្ថាន»។

នៅក្នុងញតិ្តនោះបានលើកឡើងទៀតថា កាលពីឆ្នាំ២០១១ ប្រជាជនកម្ពុជាបានទទួលរងគ្រោះ ពីគ្រោះទឹកជំនន់​ដែល​បានសម្លាប់ប្រជាពលរដ្ឋ ចំនួន២៤៧ នាក់ និងរងរបួសចំនួន២០នាក់ បានបំផ្លាញដំណាំកសិកម្មអស់ចំនួន ២៣២,៣៧៧ ហិកតា ដែលបានប៉ះពាល់ដល់ខេត្តចំនួន១៨ ក្នុងចំណោម២៤ ខេត្តរាជធានី។

លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជាបានថ្លែងឲ្យដឹងថា បុគ្គលិករដ្ឋសភាបានទទួលយកញត្តិនេះហើយ ហើយ​គាត់បានសន្យាថានឹងបន្តបញ្ជូនញត្តិនោះ ទៅគណៈអចិន្ត្រៃយ៍សភា ដើម្បីសម្រេច។ លោកបានឲ្យដឹងទៀតថា ៖«ពួក​យើង​នឹងបន្តតាមដាមសំណើរនេះ ហើយពួកយើងក៏នៅតែបន្តឃ្លាំមើល ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា»។

លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងតាមរយៈឃោសនៈស័ព្ទ ដែលដើរដង្ហែរនៅខាងមុខ​រដ្ឋសភាថា ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណ ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋភិបាល កំពុងរំលោភសិទ្ធិមនុស្ស បំពាន​ច្បាប់​និងបង្កវិនាសកម្មព្រៃឈើនៅកម្ពុជា។ លោកបានថ្លែងថា ៖«យើងស្នើរសុំឲ្យរដ្ឋាភិបាល លប់អាជ្ញាប័ណ្ណរបស់​ក្រុមកហ៊ុន​សម្បទានសេដ្ឋកិច្ចទាំងនោះ ដើម្បីការពារធនធានធម្មជាតិ ព្រោះប៉ះពាល់ព្រៃឈើ គឺធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស រដ្ឋាភិបាលត្រូវតែបញ្ឈប់ការបាញ់សម្លាប់លើសកម្មជនព្រៃឈើ»។

អស់ឈើ បង្កឲ្យរន្ទះកើតមានច្រើន?

លោកបានឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញ ការ​ផ្តល់ដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ ការសាងសង់ទំនប់វារីអគ្គិសនី បានកំពុងតែធ្វើឲ្យអន្តរាយ ដល់ព្រៃឈើធម្មជាតិ និងបានធ្វើឲ្យគម្របព្រៃឈើនៅកម្ពុជាថយចុះយ៉ាងខ្លាំង ហើយដែនអភិរក្សសត្វព្រៃជាច្រើនកន្លែង ត្រូវបានបាត់បង់។ លោកបានឲ្យដឹងទៀតថា ៖ «យើងឃើញស្រាប់ ដោយសារតែការកាប់បំផ្លាញព្រៃនេះហើយ ទើបយើងឃើញមានរន្ទះ​បាញ់ស្ទើរតែគ្រប់ទីកន្លែង ដោយមូលហេតុអស់ឈើបាញ់ គឺបាញ់មនុស្សវិញ»។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាអ្នកចូលរួមក្នុងការដាក់ញត្តិនោះ បានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃឈើនៅកម្ពុជាបានបាត់បង់ ធ្វើឲ្យបរិស្ថាននៅកម្ពុជា ក្លាយជាបញ្ហា​គួរ​ឲ្យព្រួយបារម្ភ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«បើរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ មិនយកចិត្តទុកដាក់ធ្វើការដោះស្រាយ បញ្ហាកាប់បំផ្លាញព្រៃឈើឲ្យទាន់ពេលវេលាទេ នោះវានឹងត្រូវវិនាស ហើយនឹងមានផលប៉ះពាល់បរិស្ថានកាន់តែធ្ងន់ធ្ងរ»។

លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងលោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ ពុំអាចទំនាក់ទំនងដើម្បីធើ្វការអត្ថាធិប្បាយបានទេ៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...