មន្រ្តីក្រសួងបរិស្ថាន ថាការកាប់បំផ្លាញព្រៃឈើ មិនធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៦ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 17, 2014
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រៃឈើមានសារៈសំខាន់ណាស់ ក្នុងការរក្សាសំណើមដី ទប់ខ្យល់ ជាជំរកសត្វព្រៃ និងស្រូបយកឧស្ម័នកាបូនិចជាដើម។ ការកើតឡើងនូវគ្រោះធម្មជាតិ ជាញឹកញាប់ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការឡើងកំដៅផែនដី និងបញ្ហាមួយចំនួនទៀត ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនោះ ត្រូវបានអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ចោទប្រកាន់ថា នេះគឺបណ្តាលមកពី ការកាប់បំផ្លាញព្រៃឈើយ៉ាងវិនាស នៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ជួប បារីស អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង នៃក្រសួងបរិស្ថាន បានថ្លែងនៅក្នុងវេទិកាយុវជន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍សង្គម ដោយបញ្ជាក់យ៉ាងដូច្នេះថា ការបំផ្លាញព្រៃឈើនៅកម្ពុជា មិនបានផ្តល់ឥទ្ធិពល ដល់ការប្រែប្រួលអាកាសធាតុនោះទេ វាគ្រាន់តែមានមុខងារ ក្នុងការធ្វើឱ្យមានទឹកភ្លៀងទៀងទាត់ សម្រាប់ជួយសម្រួលទៅកសិករប៉ុណ្ណោះ។ លោកថា កត្តាដែលបណ្តាលឱ្យមានបម្រែបម្រួលអាកាសធាតុ គឺបណ្តាលមកពីការបំភាយឧស្ម័នចេញពីរោងចក្រ របស់បណ្តាប្រទេស ដែលមានឧស្សាហកម្មរីកចម្រើន ដូចអាមេរិក និងចិនជាដើម។
លោកបានលើកយកឧទាហរណ៍ នៅទ្វីបអ៊ឺរ៉ុបមកបញ្ជាក់ថា ព្រៃឈើនៅទីនោះត្រូវបាន«កាប់លក់អស់»ហើយ ដោយសារតែវាមិនបានជួយអ្វី ដល់ការប្រែប្រួលអាកាសធាតុ។ លោកនិយាយថា៖ «បើឱ្យវាជួយរឿង Climate change (បម្រែម្រួលអាកាសធាតុ) អាប៉ុណ្ណឹងវា ជួយអត់បានទេ ប៉ុន្តែវាគ្រាន់តែជួយអាបន្តិចៗ។ បើថាមកពីកម្ពុជាកាប់ឈើបាន climate change អាហ្នឹងគឺខុសតែម្តង។ កុំបន្ទោសថា មកពីប្រទេសយើងហ្នឹងឯងកាប់ព្រៃឈើអស់អញ្ចឹង បានយើងឥលូវក្តៅអី បើទុកព្រៃឈើទាំងអស់ក៏នៅក្តៅដែរ។ (...) នៅអាម៉ាហ្សូន ឥលូវគេកំពុងតែកាប់ឈើ។»
មន្រ្តីរបស់ក្រសួងបរិស្ថាន ដែលទើបនឹងចូលកាន់ដំណែង ក្នុងអាណត្តិទី៥នេះ បានលើកឡើងបន្តថា ព្រៃឈើនៅកម្ពុជា គ្រាន់តែតំបន់តូចមួយ មិនអាចប្រៀបផ្ទឹមអ្វីនឹងព្រៃធំ នៅក្នុងពិភពលោកបានឡើយ។ លោកថា បើទោះជាព្រៃឈើនៅគង់វង្ស ដូចក្នុងសម័យសង្គមរាស្រ្តនិយម ក៏ការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏នៅតែកើតមានដែរ ដូចព្យុះ គ្រោះរាំងស្ងួត និងការកើនកម្តៅជាដើម។
ប្រតិកម្មនឹងការលើកឡើងខាងលើនេះ លោក ជាង សុខា នាយកប្រតិបត្តនៃអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន បានថ្លែងថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកធ្វើឱ្យមានរបបទឹកភ្លៀង របបខ្យល់ និងកម្តៅ។ ប្រសិនបើព្រៃឈើត្រូវបានរក្សាគង់វង្សនោះ នឹងអាចកាត់បន្ថយបានកាន់តែខ្លាំង ក្នុងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សម្ដីសរជាតិ
ខ្លាំងកា្លជាងនេះ លោក ព្រហ្ម គិត មន្ត្រីចូលនិវត្តន៍ម្នាក់ជំនាញខាងច្បាប់ រស់នៅក្នុងប្រទេសបារាំង បានបកស្រាយប្រាប់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាសម្ដីរបស់មន្ត្រីខាងលើ បានបង្ហាញពីសារជាតិពីរ៖ ទីមួយ ជាសារជាតិមនុស្សល្ងង់ចង់ធ្វើចេះ និងទីពីរ ជាសារជាតិមនុស្សអន់ ចង់និយាយយកឈ្នះ។
លោកបានពន្យល់ទៀតថា លោកមិនចង់និយាយអ្វីច្រើន ទៅលើសារជាតិទីមួយរបស់មន្ត្រីរូបនេះទេ ព្រោះបើគ្រាន់តែនិយាយពីទ្វីបអ៊ឺរ៉ុប ដែលថាព្រៃឈើត្រូវបានកាប់អស់នោះ បានបញ្ជាក់ច្បាស់ណាស់ទៅហើយ។ នៅអ៊ឺរ៉ុប មិនមានឈើខ្លឹមៗ សម្រាប់យកមកធ្វើជាគ្រឿងសង្ហារឹម ឬសាងសង់សំណង់មាំបានទេ។ ហើយមួយទៀត បើមន្ត្រីល្ងង់រូបនោះ មើលតែផែនទីហ្គូហ្គ័ល (Google Map) តាមរយៈផ្កាយរណប ដ៏ដឹងដែរថា តើតំបន់បៃតងរបស់គេមានប៉ុណ្ណា។
ចំពោះសារជាតិទីពីរ ត្រូវបានលោក ព្រហ្ម គិត បកស្រាយថា មន្ត្រីអន់រូបនេះកំពុងខិតខំជួសជុលរូបភាពឲ្យការដឹកនាំដ៏បង្ហិនបង្ហោចរបស់ក្រុមបក្សរបស់ខ្លួន។ លោក សម រង្ស៊ី ធ្លាប់និយាយច្រើនដងហើយថា គ្រោះធម្មជាតិទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ បានកើតឡើងពីការកាប់បំផ្លាញព្រៃឈើ ក្រោមរបបដឹកនាំរបស់រដ្ឋាភិបាលអន់សព្វថ្ងៃនេះ។ អញ្ចឹង បើនិយាយយកអំណះអំណាងតាមលោក សម រង្ស៊ីដែលជាមេបក្សប្រឆាំង មន្ត្រីនោះនឹងកាន់តែអន់ ហើយអាចនឹងខុសពីភាសា«សត្វសេក» ដែលក្រុមបក្សខ្លួនបញ្ជាឲ្យនិយាយ។
យោងតាមរបាយការណ៍រូបភាពផ្កាយរណប ដែលចេញកាលពីខែធ្នូ ឆ្នាំ ២០១៣ ផែនទីដែលមានលក្ខណៈចលនា គេហទំព័រ Open Development Cambodia (ODC) បានបង្កើតពីរូបភាពផ្កាយរណបណាស្សា (NASA) បានបង្ហាញលម្អិត អំពីការបំផ្លាញខ្លាំងក្លាទៅលើព្រៃឈើរបស់ប្រទេសកម្ពុជា ដែលជាការបំផ្លាញដែលបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ។ គេហទំព័រ ODC បានឲ្យដឹងថា ការវិភាគរូបភាពផ្កាយរណបបង្ហាញថា ក្នុងឆ្នាំ១៩៧៣ ប្រហែល ៧២.១១%នៃប្រទេសកម្ពុជា ត្រូវបានគ្រប់ដណ្តប់ដោយព្រៃឈើ។ រូបភាពថ្មីៗបានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្ន មានតិចទៅៗ គឺចំនួន ៤៦,៣៣ ភាគរយ ដោយរួមបញ្ចូលទាំងចម្ការកៅស៊ូ៕
វីដេអូ របស់គេហទំព័រ Open Development Cambodia ស្ដីពីការវិវឌ្ឍទៅមុខ នៃការបំផ្លាញព្រៃឈើនៅកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៧៣ មកទល់បច្ចុប្បន្ន៖