រៀបចំឲ្យសម្លាប់ប្ដីពិការរបស់ខ្លួន រួចរួមរ័កជាមួយឃាតករទាំងពីរ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 17, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាសំនុំរឿងក្ដីដ៏ហួសចិត្តមួយ ដែលបានដាក់ទីក្រុង អ៊ុលស្ទីន (Olszty - ភាគខាងជើងនៃប្រទេសប៉ូឡូញ) ទាំងមូល ទៅក្នុងសភាពតក់ស្លុកឥតឧបមា។ ស្ត្រីម្នាក់ត្រូវបានផ្ដន្តាទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ នៅក្នុងពន្ធនាគារ ពីបទបានរៀបចំឲ្យមានឃាតកម្ម ទៅលើស្វាមីពិការដ៏អភ័ពរបស់ខ្លួន។ សំនុំរឿងមិនចប់ត្រឹមប៉ុណ្ណឹងទេ ព្រោះស្ត្រីជាប់ចោទរូបនេះ ថែមទាំងបានប្រគល់ខ្លួនឲ្យឃាតករទាំងពីរ បានរួមរ័កភិសម័យយ៉ាងរំភើយ នៅបន្ទាប់ពីឃាតកម្មត្រូវបានធ្វើសម្រេច។
អ្នកស្រី ជ័នណា (Joanna) ស្ត្រីដែលធ្លាប់មានកូន៥នាក់រួចហើយ បានជួបស្គាល់ជាមួយ ពីអ័រ ហ្គ្រាបូស្គី (Piotr Grabowski) តាំងពីប៉ុន្មានឆ្នាំមុន ហើយបានរៀបការជាមួយគ្នានៅពេលបន្តិចក្រោយមក។ បុរសម្នាក់នេះ ដែលជាជនពិការ ធ្វើដំណើរទៅណាមកណា តែជាមួយរទេះរុញនោះ ត្រូវបានគេស្គាល់ថា ជាឪពុកចុងគំរូដែលមានការគិតគូរ ដល់កូនដើមរបស់ខ្លួន ហើយជាបុរសដែលមានសកម្មភាពជាច្រើន នៅក្នុងសង្គម។
បើតាមសារព័ត៌មានរបស់ប្រទេសអង់គ្លេសមួយ បានស្រង់ប្រភពនៅនឹងកន្លែង មករាយការណ៍ថា ក្ដីស្នេហ៍របស់អ្នកទាំងពីរបានឈានទៅដល់ភាពប្រេះឆា បន្ទាប់ពី ពីអ័រ បានបដិសេធមិនព្រមឲ្យបុរសម្នាក់ទៀត ឈ្មោះ ចាសេក ប៉ាវឡាក (Jacek Pawlak) អាយុ៤១ឆ្នាំ មកផ្ទះ។ បដិសេធ ព្រោះ ចាសេក ត្រូវបានសង្ស័យថាជាសាហាយលួចលាច់របស់អ្នកស្រី ជ័នណា។ ឈានចេញពីការការបដិសេធនេះហើយ ទើបអ្នកស្រី ជ័នណា បានរៀបចំគម្រោងការដ៏ធំមួយ ដើម្បីកំចាត់ស្វាមីរបស់ខ្លួន។
អ្នកទទួលបន្ទុក ក្នុងការអនុវត្តន៍គម្រោងការនោះ មិនមាននរណាផ្សេង ក្រៅពីសាហាយរបស់អ្នកស្រី ជ័នណា គឺលោក ចាសេក ប៉ាវឡាក នោះទេ។ បុរសនេះ ដែលបានរួមការងារដ៏ពិសេស ជាមួយបុរសម្នាក់ទៀតឈ្មោះ លូកាស កាមីនស្គី (Lukasz Kaminski) បានមករងចាំ ពីអ័រ នៅក្នុងឧទ្យានសាធារណៈមួយនៃទីក្រុង ដើម្បីរឹតក ពីអ័រ នឹងខ្សែរក្រវ៉ាត់ រហូតដាច់ដង្ហើម ហើយបានទុកឲ្យរូបរាងស្ដូកស្ដឹងរបស់ជនរងគ្រោះ ចោលនៅនឹងទីកន្លែងកើតហេតុនោះតែម្ដង។
គម្រោងការនេះ នៅមិនទាន់បានបញ្ចប់ទេ ព្រោះឃាតករទាំងពីរបានមកជួបម្ចាស់គម្រោង នៅនឹងគេហដ្ឋានរបស់ប្ដីប្រពន្ធ (ពីអ័រ-ជ័នណា) ដើម្បីទៅយករង្វាន់ធំរបស់ពួកគេ នោះគឺការឡើងថានសួគ៌ប្រាំបីជាន់ ទាំងបីនាក់ព្រមគ្នា នៅលើគ្រែតែមួយ ជាមួយម្ចាស់គម្រោង។
ប៉ុន្តែជនទាំងបី មិនបានសប្បាយហោះហើរបែបនេះ បានយូរទេ។ ព្រោះនៅពេលដែល ភរិយាបីសាចរូបនេះ បានដឹងពីដំណឹងមរណភាពនៃស្វាមីរបស់ខ្លួន ឬកពាររបស់នាង បានធ្វើឲ្យក្រុមអ្នកស៊ើបអង្កេតចាប់ផ្ដើមសង្ស័យ។ ភ្លាមៗនោះ ក្រុមអ្នកស៊ើបអង្កេត បានដាក់ខ្សែទូរស័ព្ទរបស់នាង ទៅក្នុងការលួចស្ដាប់ ហើយមិនយូរឡើយ កិច្ចសន្ទនាររវាងជនទាំងបី បានបង្ហាញប្រាប់សំណាញ់ច្បាប់ ពីភាពគ្មានចន្លោះនៃអំពើដ៏ព្រៃផ្សៃរបស់ពួកគេ។
ជនដៃដល់ទាំងពីរនាក់ មិនទាន់ត្រូវបានសម្រេចទោសនៅឡើយ ប៉ុន្តែកូនដើមទាំងប្រាំនាក់របស់ ពីអ័រ ត្រូវបានប្រគល់ទៅឲ្យផ្នែកសង្គ្រោះសង្គម របស់ប្រទសប៉ូឡូញ ជាអ្នកទទួលបីបាច់៕