អតីត​នាយក​រដ្ឋមន្ត្រី​បារាំង រង​មួយ​កំផ្លៀង​ពី​យុវជន​ម្នាក់

អតីតនាយករដ្ឋម​ន្ត្រីបារាំង លោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) ត្រូវយុវជនម្នាក់ទះកំផ្លៀងមួយដៃ នៅ​ខណៈ​ពេល​លោក​ធ្វើ​ទស្សនកិច្ច ក្នុង​តំបន់ «Bretagne» ភាគខាងលិច​ប្រទេស​បារាំង ក្នុងយុទ្ធនាការ​បោះឆ្នោតជំហាន​ដំបូង ដើម្បីក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ របស់​គណបក្ស​ឆ្វេង​និយម។
អតីត​នាយក​រដ្ឋមន្ត្រី​បារាំង រង​មួយ​កំផ្លៀង​ពី​យុវជន​ម្នាក់
រូបភាពបង្ហាញពីការទះកំផ្លៀង ពីសំណាក់យុវជនម្នាក់ (ពាក់អាវពណ៌ស្វាយ) ទៅលើអតីតនាយករដ្ឋមន្ត្រីបារាំង។ (រូបថត​ផ្តិត​ពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មករា ២០១៧
  • កែប្រែចុងក្រោយ: January 18, 2017
  • ប្រធានបទ: នយោបាយបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីឈុតឆាក «បាចម្សៅ» កាលពីខែធ្នូកន្លងទៅ នៅរសៀលម្សិលម៉ិញនេះ ជាឈុតឆាក «ទះ​កំផ្លៀង» ដែល​អតីតនាយករដ្ឋមន្ត្រី លោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) បានទទួល ពីសំណាក់​ពលរដ្ឋ​បារាំង​មួយរូប ដែល​ទំនង​ជា​ខឹងសម្បារ ចំពោះនយោបាយរបស់លោក ក្នុងពេលកន្លងមក។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ក្រុង «Lamballe» (ខណ្ឌ/ស្រុក «Côtes-d'Armor» ស្ថិតក្នុងតំបន់ «Bretagne») ដើម្បីស្វែង​រកការគាំទ្រ ក្នុងយុទ្ធនាការបោះឆ្នោតដំបូង នៃការជ្រើសតាំងបេក្ខជន​ជាផ្លូវការ របស់​គណបក្ស​ឆ្វេង​និយម សម្រាប់ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នោះ អតីតនាយករដ្ឋមន្ត្រី ត្រូវបាន​យុវជន​ម្នាក់ ទះកំផ្លៀង​មួយដៃ នៅបន្ទាប់​ពីយុវជនរូបនោះ បានឈរ​រង់ចាំ​ស្វាគមន៍ ការមកដល់​របស់​លោក ជាមួយ​នឹង​អ្នក​មាន​សមានចិត្ត ជាច្រើននាក់​ផ្សេងទៀត។

ជាមួយនឹងសកម្មភាពរបស់ខ្លួន យុវជននោះ បានស្រែកឡើងថា៖ «ទីនេះ ជាតំបន់ "Bretagne"» មុន​នឹង​ត្រូវភ្នាក់ងារ​សន្តិសុខ របស់អតីតនាយករដ្ឋមន្ត្រី ចាប់ច្រានឲ្យដួលទៅលើដី។ យុវជនត្រូវបាន​ឃាត់ខ្លួន ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន ជា​បណ្ដោះអាសន្ន នៅឯស្នងការ​នគរបាលក្រុង «Lamballe»។

លោក ម៉ានុយអែល វ៉ាល្ស៍ បានប្រតិកម្ម ទាក់ទងនឹងទង្វើនេះ ដោយធ្វើហាក់ដូច ជាគ្មានរឿងអ្វី​កើត​ឡើង ​ដូច្នេះ​ថា៖ «ខ្ញុំមិនមែនមកទីនេះ ដើម្បីនិយាយពីរឿងផ្ទាល់ខ្លួន របស់ខ្ញុំនោះទេ។ វាតែងតែ​មាន​នូវ​បុគ្គល ដែល​ចង់​រំខាន​ដល់លិទ្ធិប្រជាធិបតេយ្យ កុំឲ្យមានការជជែកវែកញែក។»។ អតីតនាយករដ្ឋមន្ត្រី​បារាំង បាន​ថ្លែង​បន្ត​ទៀត​ថា៖ « វាមាននូវបណ្ដាជន ដែលប្រឆាំងនឹងលិទ្ធិប្រជាធិបតេយ្យ និងបណ្ដាជនផ្សេងទៀត ដែល​កំពុង​ប្រឡូក ក្នុង​លិទ្ធិ​ប្រជាធិបតេយ្យ ក្នុងនាមជាអ្នកនយោបាយ។ តែលិទ្ធិប្រជាធិបតេយ្យ មិនអាច​ជា​អំពើ​ហិង្សា​នោះ​ទេ។»។

នៅចំពោះអ្នកសារព័ត៌មាន លោក វ៉ាល្ស៍ បានថ្លែងពីគម្រោងរបស់លោក ថានឹងដាក់ពាក្យ​បណ្ដឹង ទាក់​ទង​នឹង​ករណី​ខាងលើ។ ប៉ុន្តែ មកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងថា តើពាក្យបណ្ដឹងនោះ នឹង​ធ្វើ​នៅ​ពេល​ណា ឬ​តាម​រយៈ​មេធាវី​ណា នៅឡើយ។

ការិយាល័យរដ្ឋអាជ្ញាបារាំង ប្រចាំតំបន់ បានឲ្យដឹងថា យុវជនដៃដល់ខាងលើ ដែលមានអាយុ ១៨ឆ្នាំ ត្រូវ​បាន​ឃុំ​ខ្លួន​​ជា​បណ្ដោះ​អាសន្ន ពីបទ «ប្រើហិង្សា ទៅលើបុគ្គលសាធារណៈ ដែលទទួល​បន្ទុក​ការងារ​សាធារណៈ»។ យុវជនទំនងជាបានឆ្លើយប្រាប់អ្នកស៊ើបអង្កេតថា ខ្លួនមិនចូលចិត្ត «បែប​ផែន​របស់​លោក ម៉ានុយអែល វ៉ាល្ស៍ ដែលលើកឡើង ប្រឆាំងនឹងពលរដ្ឋ»។ អ្នកស្និតនឹងអតីតនាយករដ្ឋមន្ត្រី បាន​ទម្លាយ​ឲ្យដឹង​ថា យុវជន​ខាង​លើ ទំនង​ជា​មាន​ទំនាក់ទំនង​ជិតដិត ជាមួយនឹងក្រុមស្ដាំនិយមជ្រុល នៅក្នុងតំបន់ «Bretagne»។

រឿងរ៉ាវបានកើតឡើង បង្កការហួសចិត្ត សម្រាប់បណ្ដាជនបារាំងជាទូទៅ តែក៏បានបង្កឲ្យមាន​ប្រតិកម្ម​ខ្លាំង​ក្លា​ដែរ ​ពី​បណ្ដា​បេក្ខជន នៃការបោះឆ្នោតជំហានដំបូង ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីផ្លូវការ របស់​គណបក្ស​ឆ្វេង​និយម​បារាំង។ បេក្ខជន «Vincent Peillon» ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ (នៅក្រោម​ឱវាទ នាយក​រដ្ឋមន្ត្រី ហ្សង់ ម៉ាក អារ៉ូល) បានថ្កោលទោសទង្វើនេះ យ៉ាងដាច់អហង្កា និងបានថ្លែង​ពី​«សាមគ្គីភាព»​របស់​លោក ចំពោះ​អតីត​នាយករដ្ឋមន្ត្រី។ លោក «Jean-Luc Mélenchon» វិញ បានប្រតិកម្ម​ចាត់​ទុក​អំពើ​នេះ ថា​ជា​ការ​បំពាន​លើ​រាង​កាយ ទោះជា​ក្នុង​ហេតុផល​នយោបាយ ក៏នៅតែជាទង្វើប្រមាទ ដល់ជីវិត​អ្នក​ដទៃ​ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...