ជិះម៉ូតូជាមួយសង្សា ត្រូវជនមិនស្គាល់មុខកាប់ របួសដេរ៥០ថ្នេរ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 05, 2015
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារឿយៗ គេតែងសង្កេតឃើញ មានករណីប្លន់ ទើបឈានដល់បង្ករបួសស្នាម។ តែករណីលើកនេះ ជនល្មើសបានបង្ករបួសស្នាមរួច បានរត់គេចខ្លួន ដោយមិនយកទ្រព្យសម្បត្តិ ពីជនរងគ្រោះទៅវិញ។
ករណីនេះ បានកើតទៅលើគូស្នេហ៍ពីរនាក់ ដែលត្រូវបានជនមិស្គាល់មុខកាប់ ជាច្រើនដាវ ទៅលើភាគីខាងប្រុស ខណៈដែលខ្លូន កំពុងជិះម៉ូតូឌុបសង្សា ចេញពីម្ដុំគិរីរម្យ ឆ្ពោះទៅម្ដុំសន្ធរមុខ តាមបណ្តោយផ្លូវ ព្រះសីហនុរាជ កែងផ្លូវលេខ១៥០ ជិតផ្សារដេប៉ូ។ បើតាមអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូតាម រួចធ្វើសកម្មភាពកាប់ពីក្រោយ នឹងដាវ «សាម៉ូរ៉ៃ» ជាច្រើនដាវ កាលពីវេលាម៉ោង៨ និង១០ នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥នេះ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមកោសល្យវិច័យ របស់នគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ហៀង អាយុ១៧ឆ្នាំ ជាសិស្សនៅវិទ្យាល័យ ហ៊ុនសែនភ្នំពេញថ្មី ត្រូវរបួស ក្បាល៣កាំបិត ក មួយកាំបិត និងស្មារមួយកាំបិតសរុប៥០ថ្នេរ តែមិត្តស្រីរបស់គេឈ្មោះ សុំ យាណា មិនមានរបួសនោះទេ។ ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍នេះ អ្នកទាំងពីត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យឯកជនមួយ នៅក្បែរនោះដើម្បីសង្គ្រោះ។ មន្ត្រីនគរបាលមួយរូប បាននិយាយថា ជនរងគ្រោះ ជិះម៉ូតូម៉ាក អាយខនពណ៍ខៀវ ស្លាកលេខភ្នំពេញ ១DN-៣៤៧៧ ជិះគ្នាពីរនាក់។
ចំណែកឯម៉ូតូជនដៃដល់ ត្រូវបានគេស្គាល់ថា ជាម៉ូតូធំម៉ាកឌុក មិនស្គាល់ស្លាកលេខ មានគ្នាពីរនាក់ បានជិះតាមពីក្រោយជនរងគ្រោះ រហូតមកដល់កន្លែងកើតហេតុ ក៏បានលោតចុះ នាំគ្នាវាយកាប់រហូតបានសម្រេច ទើបរត់ជិះគេចខ្លួន បាត់ស្រមោល។ បន្ទាប់ពីបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងបានជួបជាមួយសាច់ញាតិ បានឲ្យដឹងថា កូនរបស់ខ្លួនមិនដែលមានបញ្ហា ជាមួយអ្នកណាទេ ពីមុនមក។ ក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបថា សង្ស័យបណ្តាល មកពីបញ្ហាស្នេហ៍ត្រីកោណ ព្រោះជនដៃដល់ ជិះមកដល់ភ្លាម បង្ករបួសទាំងកំរោល គ្មានចង់បានរបស់អ្វីផ្សេងនោះទេ៕