ច្បាប់ NGO៖ «បើ​មាន​តម្លា​ភាព គួរ​ចែក​រំលែក​ជា​សាធារណៈ»

មន្ត្រីជាន់ខ្ពស់ របស់ក្រសួងការបរទេសអាមេរិក បានសម្ដែងប្រតិកម្ម ជាលើកដំបូង ទាក់ទងនឹងសេចក្ដីព្រាងច្បាប់ថ្មី ដ៏​ចម្រូង​ចម្រាស់ របស់រដ្ឋាភិបាលកម្ពុជា ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយបានថ្លែងឲ្យចែករំលែក អត្ថបទច្បាប់នោះ ជា​សាធារណៈ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 05, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ វាចាំបាច់ត្រូវធ្វើការប្រកាស ជាសាធារណៈ នា​ដំណាក់​កាលចុងក្រោយ។ នេះជាការអះអាងយ៉ាងមុតមាំ របស់លោក ស្គុត បើសប៊ី (Scott Busby) ឧបការីរង របស់ក្រសួងការ​បរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ នាងស្ថានទូតសហរដ្ឋអាមេរិក ក្រោយពីលោក បានបញ្ចប់ជំនួប ជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង នៅក្នុងដើម​ឆ្នាំ២០១៥នេះ ដោយសារក្រសួងមហាផ្ទៃ របស់ប្រទេសកម្ពុជា បានសម្រេចបញ្ជូនសេចក្តីព្រាងនេះ ទៅកាន់ទីស្តីការ​គណៈរដ្ឋមន្រ្តី ដើម្បីធ្វើការអនុម័ត តែមិនបានធ្វើការពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសសមាគម និងអង្គការ​សង្គម​ស៊ីវិល ដោយរដ្ឋាភិបាលសំអាងថា ការពិភាក្សាត្រូវបានធ្វើ ជាច្រើនដងរួចមកហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ សេច​ក្តី​ព្រាង«ចុងក្រោយ»នៃច្បាប់ ដែលដាក់សម្រាប់គ្រប់គ្រង លើក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា មិនដែលត្រូវបាន​ដាក់​បង្ហាញ ឲ្យ​ឃើញ​ជាសាធារណៈ ឬចែកចាយ ទៅកាន់ស្ថាប័ន ដែលពាក់ព័ន្ធណាមួយ នោះឡើយ។

លោក ស្គុត បើសប៊ី បានពន្យល់ថា ការប្រកាសជាសាធារណៈ នូវអត្ថបទច្បាប់ថ្មីនេះ នឹងបំបាត់នូវកង្វល់ ការព្រួយបារម្ភ របស់សមាគម និងអង្គការទាំងឡាយ ហើយរដ្ឋាភិបាលកម្ពុជា ក៏អាចទទួលបានបន្ថែម នូវយោបល់ ពីភាគីដែល​ពាក់​ព័ន្ធ​ទាំងនោះ មកទៀតដែរ។ លោកបានធ្វើសំណូមពរ ទៅកាន់រដ្ឋាភិបាលកម្ពុជាថា បើមិនមានអ្វីលាក់លៀម ដូចអ្វីដែល​រដ្ឋាភិបាល ថាឲ្យអង្គការសង្គមស៊ីវិលនោះទេ អត្ថបទច្បាប់មួយនេះ គួរត្រូវបានបញ្ចេញជាសាធារណៈ។

មន្ត្រីជាន់ខ្ពស់ដដែល នៃក្រសួងការបរទេសអាមេរិក បានថ្លែងថា៖ «យើងមានការចាប់អាម្មណ៍ ចង់ឃើញ ដូច​អង្គការ​សង្គមស៊ីវិលដែរ។ (…) ប៉ុន្តែយើងមិនយល់ថា វាមានភាពចាំបាច់នោះទេ។ (…) ប្រសិនបើរដ្ឋាភិបាលយល់ថា វាចាំបាច់​ក្នុង​ការ​បន្តជំរុញច្បាប់នេះ បើរដ្ឋាភិបាលគិតថា វាសំខាន់នោះ នោះរដ្ឋាភិបាលកម្ពុជា គួរតែចែករំលែកអត្ថបទ នៃច្បាប់​មួយ​នេះ ជាសាធារណៈ ឲ្យបានឆាប់តាមដែលអាចធ្វើបាន។»

ចំពោះលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាវិញ បានថ្លែងដាច់ដោយឡែក ទៅកាន់ក្រុមអ្នក​យក​ព័ត៌មាន នៅក្រោយជំនួបជាមួយលោក ស្គុត បើសប៊ី ថាច្បាប់នេះ មិនមែនបង្កើតឡើង ដើម្បីប្រឆាំង ឬកំណត់​សកម្មភាព របស់សមាគម ឬអង្គការក្រៅរដ្ឋាភិបាលនោះទេ។ ច្បាប់នេះ តាមរយៈក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១១ ខែឌមករា និង​ខែ​ធ្នូ បានរៀបចំសិក្ខាសាលាជាតិ ដែលមានមនុស្សចូលរួមសរុប ប្រមាណជាងប្រាំរយនាក់ដែរ។ កាលនោះ រាល់សំណើរ​ទាំង​អស់ ពិសេសពីសង្គមស៊ីវិល ត្រូវបានក្រសួងមហាផ្ទៃកត់ត្រាទុក។ ក្រោយមក មន្រ្តីជំនាញនៃក្រសួងមហាផ្ទៃ បានធ្វើការ​ជាមួយ​សង្គមស៊ីវិល លើសេចក្តីព្រាងច្បាប់នេះ ចំនួន១១លើកថែមទៀត។ លោក ហោ ណាំហុង បានថ្លែងឡើងថា៖ «រាល់​មតិ ការផ្តល់យោបល់ ការស្នើយោបល់ បានច្រើនដើម្បីធ្វើពង្រាងកិច្ចការនេះ»។

រដ្ឋមន្រ្តីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ការជំរុញឲ្យមានច្បាប់នេះឡើង ដើម្បីធ្វើយ៉ាងណា ឲ្យមានកិច្ចសហ​ប្រតិបត្តិ​ការគ្នាល្អ រវាងរដ្ឋាភិបាល និងសមាគម អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ដោយតម្លាភាព។ លោកបានបញ្ជាក់ថា៖ «កម្ពុជា​កំពុងពង្រឹងនីតិរដ្ឋ។ រដ្ឋាភិបាលធ្វើអ្វីៗ ក៏ក្នុងតម្លាភាពទាំងអស់។ ដូច្នេះសមាគម សង្គមស៊ីវិល ក៏គួមានតម្លា​ភាព​ដូចគ្នាដែរ គ្មានអ្វីត្រូវលាក់លៀមទេ។ បើយើងធ្វើការ ជួយប្រជាជនកម្ពុជា យើងធ្វើការល្អ គ្មានអ្វីត្រូវលាក់លៀមទេ។»

យ៉ាងណា ចំពោះសេចក្រីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ ត្រូវបានអង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ធ្វើការ​ព្រមាន​ដល់រដ្ឋាភិបាលថា ពួកគេនឹងប្រើយន្តការរដ្ឋសភា ក្នុងការតតាំង ប្រសិនបើសេចក្តីព្រាងច្បាប់​មួយ​នេះ មិនត្រូវបាន យកមកជជែកពិភាក្សាជាថ្មី ឬចុងក្រោយ មុននឹងដាក់ឲ្យរដ្ឋសភាអនុម័តនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...