ថ្ងៃ​នេះ បើ​គ្មាន​កាត​ពិសេស ហាម​ចូល​រដ្ឋសភា​!

អ្នកសារព័ត៌មានភាគច្រើន មិនត្រូវបានអនុញ្ញាត ឲ្យចូលរដ្ឋសភាទេ ព្រោះគ្មានកាតពិសេស ដែល​ចេញ​ដោយ​រដ្ឋសភា។ មន្រ្តី​យាម​រដ្ឋសភា បាន​ថ្លែង​ថា ទោះជាមានកាត ចេញដោយក្រសួងព័ត៌មាន ឬកាត​សម្រាប់​ចូល​រដ្ឋសភា ក្នុង​ថ្ងៃ​ធម្មតា​ក៏​ដោយ ក៏​មិន​អាច​ចូល​រដ្ឋសភា ក្នុងថ្ងៃនេះបានដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥នេះ រដ្ឋសភាកម្ពុជា បានបើកសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីសេចក្តី​ព្រាងច្បាប់ ស្តីពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធាន​រដ្ឋសភា។ ប៉ុន្តែសិក្ខាសាលានេះ មិនសម្រាប់បុគ្គលិកអង្គការសង្គមស៊ីវិល និងអ្នកកាសែតមួយចំនួន ដែល​មិន​បាន​ចុះ​ឈ្មោះ​ទាន់ពេល ឬមិនមានកាតពិសេសនោះឡើយ។ ផ្ទុយទៅវិញ តំណាងរាស្ត្រមួយចំនួន មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏កំពុងដើរចេញ ពីអង្គសិក្ខាសាលានោះ ជាបណ្តើរៗដែរ។

លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ដែលសន្តិសុខរដ្ឋសភា មិនអនុញ្ញាតឲ្យចូល និងឲ្យ​ឈរ នៅក្រៅរបងសភានោះ បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា លោកមានការសោកស្តាយណាស់  ដែល​រដ្ឋសភាបានរៀបចំ សិក្ខាសាលាថ្នាក់ជាតិនេះ តែបែរជាមានលក្ខណៈ រិតត្បិត ចង្អៀត ហើយមិនអនុញ្ញាត ឲ្យអង្កការសង្គមស៊ីវិល មួយចំនួនធំចូលរួម។ លោកបានបន្តថា មិនមែនលោក មិនបានចុះឈ្មោះចូលរួមទេ លោកបានព្យាយាម ទៅចុះឈ្មោះ មុនពេលកំណត់ទៅទៀត តែដូចជាចង់បង្ហាញថា ឱកាសសម្រាប់​អង្កការ​លោក ត្រូវបានគេបិទ ដោយអះអាងត្រឹមពាក្យថា «កន្លែងពេញ»អស់ហើយ។ លោក ព្រាប កុល បានថ្លែង​ឡើង​ថា៖ «ខ្ញុំមានការសោកស្តាយ ដែលអង្គការតម្លាភាព មិនទទួលបានការអញ្ជើញ (ពីរដ្ឋសភា)។ ខ្ញុំមានឱកាស បានត្រឹមតែ មកឈរនៅខាងក្រៅរបងរដ្ឋសភា។»

រីឯអវត្តមាន នៃអ្នកសារព័ត៌មានមួយចំនួន ដែលមិនបានចូលវិញ ត្រូវបានលោក ព្រាប កុល ពន្យល់ថា៖ «ខ្ញុំក៏​សោកស្តាយ ចំពោះអ្នកសារព័ត៌មាន ព្រោះពួកគាត់ជាអ្នក ដែលពាំនាំដំណឹង ជាកញ្ចក់សម្រាប់សង្គម​ទាំង​មូល។ យ៉ាងណា ត្រូវសម្រួលដល់ពួកគាត់ គាត់មានកាតអ្នកសារព័ត៌មាន គាត់ត្រូវតែមានឱកាសចូលទៅ ដើម្បីផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋដឹងលឺ បានទូលំទូលាយ។»

ចំពោះកញ្ញា ជា ម៉ាលីនី អ្នកអង្កេតការណ៍សភា មកពីអង្គការខុមហ្វ្រែល ដែលត្រូវបានមន្ត្រីយាមរដ្ឋសភា ឃាត់​មិនឲ្យចូលក្នុងសភានោះ បានសម្ដែងការហួសចិត្តដូចគ្នា ដោយហេតុថា កញ្ញាជាអ្នកយកព័ត៌មាន ប្រចាំនៅ​រដ្ឋសភានេះ ដោយមានលិខិតសហប្រតិបត្តិការ រវាងស្ថាប័នកញ្ញា ជាមួយនិងសភា ព្រមទាំងមានកាត សម្រាប់​ចូលសភាគ្រប់ពេលទៀត។ ផ្ទុយទៅវិញ កាតនោះបែជាគ្មានសុពលភាព និងមិនអាចចូលរដ្ឋសភា ក្នុងពេល​ដែល​រដ្ឋសភា មានការរៀបចំសិក្ខាសាលាថ្ងៃនេះ។

កញ្ញា ម៉ាលីនី បានថ្លែងឡើងថា៖ «គេថាកាតហ្នឹង (ចេញដោយរដ្ឋសភាខ្លួនឯង) មិនអនុញ្ញាតឲ្យចូលបានទេ ព្រោះ​ថ្ងៃនេះជាថ្ងៃសំខាន់។ ដូចជារិតត្បិតសិទ្ធិសេរីភាព ខ្ញុំមានការអន់ចិត្តដែរ...។ (...) មានការរិតត្បិត​សេរីភាព ខាង​ព័ត៌មាន ពិសេសសម្រាប់អ្នកការសែត។ ជាទូទៅ នៅពេលមានព័ត៌មានចឹង យើង (រដ្ឋសភា) ត្រូវ​អនុញ្ញាត ឲ្យអ្នកកាសែតចូលរួម ព្រោះគាត់មិនមានធ្វើអ្វីខុសទេ។»

សន្តិសុខម្នាក់ ក្នុងចំណោម១០នាក់ នៃជ្រុងមួយរបស់រដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា៖ «បើមិន​មាន​កាតហ្នឹង (ពិសេស) មិនអនុញ្ញាតឲ្យចូលទេ។ បើទោះជាអ្នកសារព័ត៌មាន ប្រចាំរដ្ឋសភា ឬស្គាល់គ្នាក៏ដោយ។ (...) នេះជាបទបញ្ជារបស់ថ្នាក់លើ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំ ការបញ្ជាក់ពីលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានទេ នាព្រឹកនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ នៅសប្ដាហ៍មុន ក្នុងរវាងតែ២ថ្ងៃប៉ុណ្ណោះ ក្រុមអ្នកសារព័ត៌មាន ត្រូវ​បានស្ថាប័នរដ្ឋចំនួនពីរ (រដ្ឋសភា និងទីស្ដីការគណៈរដ្ឋមន្ត្រី) បណ្ដេញចេញ ខណៈពួកគេកំពុងមានវត្តមាន និង​ធ្វើការងារ នៅក្នុងស្ថាប័នទាំងនោះ រួចស្រេចហើយ។ ចំពោះការបណ្ដេញអ្នកសារព័ត៌មាន ចេញពីរដ្ឋសភា ដោយ​លោក ឈាង វុន កាលពីថ្ងៃទី១ ខែកក្កដានោះ ត្រូវបានក្លិបអ្នកកាសែត បរិហារថា ជា​ការរំលោភបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ ដោយ​​​អំពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​តំណាងរាស្រ្ត​ក្នុង​រដ្ឋសភា គោរពសិទ្ធិសេរីភាព​របស់​អ្នក​​​សារព័​ត៌​មាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...