យឹម សុវណ្ណ៖ ក្រសួង​មហាផ្ទៃ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ ដើម្បី​​ចោទ​​បក្ស​​ប្រឆាំង

គណបក្សសង្រ្គោះជាតិបានធ្វើការប្រតិកម្មឆ្លើយតបចំពោះក្រសួងមហាផ្ទៃ ដែលមានចេតនាចោទប្រកាន់គណបក្ស​សង្រ្គោះជាតិ ដោយបានផ្សារភ្ជាប់គម្រោងមហាបាតុកម្មកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ថាជាគម្រោងញុះញុងឲ្យផ្តួលរំលំរដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: August 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិបានធ្វើការប្រតិកម្ម ឆ្លើយតបចំពោះក្រសួងមហាផ្ទៃ ដែលមានចេតនាចោទប្រកាន់គណបក្ស​សង្រ្គោះជាតិ ដោយបានផ្សារភ្ជាប់គម្រោងមហាបាតុកម្មកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ថាជាគម្រោងញុះញុងឲ្យផ្តួលរំលំរដ្ឋាភិបាល។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីស្នាក់ការកណ្តាលរបស់​គណបក្ស នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នេះថា ប៉ុន្មានថ្ងៃកន្លងមកនេះក្រសួងមហាផ្ទៃ បានផ្ញើរឯកសារមួយចំនួន ដល់បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា អង្គភាពសារព័ត៌មាននានា និងគណបក្សសង្រ្គោះជាតិផងដែរ។

អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះពន្យល់ ទៅកាន់អ្នកសារព័ត៌មាន ដោយបានបកស្រាយនូវអ្វីដែលក្រសួងមហាផ្ទៃ បានលើកឡើងនោះ ថាជា៖

ទី១. ឯកសារក្លែងក្លាយ ដែលថាគណបក្សសង្រ្គោះបានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យមានការបដិវត្តន៍ផ្លួលរំលំ​រដ្ឋាភិបាល។
ទី២. ផ្ជាប់ការបញ្ចេញមតិ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក ដែលវាយប្រហាររដ្ឋាភិបាល ជាមួយគណបក្ស​សង្រ្គោះជាតិ។
ទី៣. ចោទប្រកាន់ថាគណបក្សសង្រ្គោះជាតិ មានជាប់ពាក់ព័ន្ធជាមួយ លោក សួន សេរីរដ្ឋា ជារឿងគ្មានមូលដ្ឋាននោះជា​ដើម។

ចំពោះករណីលោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាប្រធានចលនាអំណាចប្រជាពលរដ្ឋ មានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក ហើយមាននិន្នាការចង់ផ្តួលរំលំ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ធ្វើការបដិសេធថាគណបក្សសង្រ្គោះជាតិ មិនមានការជាប់ពាក់ព័ន្ធអ្វី ជាមួយលោក ​សួន សេរីរដ្ឋា នោះទេ។ ទន្ទឹមនឹងនេះ មេដឹកនាំគណបក្សប្រឆាំងរូប បានបញ្ជាក់ថាលោកនឹងបណ្តេញលោក សួន សេរីរដ្ឋា ចេញ​ពីក្រុមបាតុករ ប្រសិនលោក សួន សេរីរដ្ឋា មកចូលរួមមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ។

លោក យឹម សុវណ្ណ បញ្ជាក់ក្នុងសន្និសិទកាសែតថ្ងៃទី២៩ខែសីហា ថា៖ «អ្វីដែលក្រសួងមហាផ្ទៃអះអាង គឺក្នុងន័យផ្សារ​ភ្ជាប់មហាបាតុកម្មអហិង្សា ដែលយើងគ្រោងនឹងធ្វើឆាប់ៗខាងមុខនេះ ទៅនឹងការញុះញុងឲ្យផ្តួលរំលំរដ្ឋាភិបាល ដូច្នេះ​យើងសូមបដិសេធទាំងស្រុង»។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានស្វែងរកប្រតិកម្មពី អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ តាមទូរស័ព្ទ តែ​លោកបានបដិសេ មិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើង របស់លោក យឹម សុវណ្ណ នោះទេ។ លោកបានថ្លែងថា លោក​«កំពុងជាប់រវល់»។

ចំពោះលោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជាវិញ លោកមិនបានចាត់ទុកមហាបាតុកម្មអហិង្សា របស់​គណបក្សសង្រ្គោះជាតិថា ជាការផ្តួលរំលំរដ្ឋាភិបាលទេ ព្រោះគណបក្សសង្រ្គោះជាតិ និងក្រុមអ្នកគាំទ្រពុំមានអាវុធ​យុទ្ធភ័ណ្ឌ និងសមត្ថភាពគ្រប់គ្រាន់ផ្តួលរំលំរដ្ឋាភិបាលនោះឡើយ។

តែប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជារូបនេះ សម្តែងការព្រួយបារម្ភថា មហាបាតុកម្មអហិង្សានេះ ប្រាកដជានឹងបង្ក​ផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងការជឿទុកចិត្តអំពីស្ថិរភាពនយោបាយ ពីអ្នកវិនិយោគទុន៕

-------------------------------------------------------
ដោយៈអ៊ុំ បូរី- ភ្នំពេញថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...