ភរិយា កែម ឡី ថា គុជ លី ជាមនុស្សដែលគេបញ្ជាឲ្យមកបំផ្លាញស្វាមី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មីនា ២០១៨
- កែប្រែចុងក្រោយ: March 07, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លោក គុជ លី គឺជាមនុស្សដែលគេបញ្ជា ឲ្យមកបំផ្លាញ កេរ្ត៍ឈ្មោះនិងកិត្តិយស ស្វាមីរបស់នាងខ្ញុំ» នេះ ជាការសរសេរឡើង នៅលើបណ្ដាញសង្គម ដោយអ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី។ លោក កែម ឡី ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី និងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងសាហាវ ទាំងកណ្ដាលថ្ងៃ នៅកណ្ដាលរាជធានីភ្នំពេញ ពោរពេញដោយមនុស្សច្រើនកុះករ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។
គុជ លី ជានរណា?
ពីមុនមក មានមនុស្សតិចណាស់ ដែលស្គាល់លោក គុជ លី ដែលជាអ្នកគាំទ្រមួយរូប របស់គណបក្សសង្គ្រោះជាតិ។ តែនៅក្រោយពេល មានការប្រកាសបង្កើតគណបក្សថ្មីមួយ ដែលប៉ុនប៉ងយកឈ្មោះ និងរូបរបស់លោក កែម ឡី យកធ្វើជាឈ្មោះ និងរូបសញ្ញាសម្គាល់គណបក្សរបស់ខ្លួននោះ ទើបអ្នកផងបានស្គាល់មុខ សហស្ថាបនិក របស់គណបក្សនេះ គឺមានលោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី និងលោក គុជ លី នេះផ្ទាល់តែម្ដង។ មនុស្សជាច្រើន បានស្គាល់លោក គុជ លី ថាបានមករស់នៅ ក្នុងប្រទេសបារាំង និងបានចុះឡើង មកប្រទេសកម្ពុជាញឹកញាប់។
សរសេរនៅលើគណនីហ្វេសប៊ុកអ្នកស្រី ពីកោះអូស្ត្រាលី ទីកន្លែងដែលអ្នកស្រី និងកូនៗ ទើបនឹងមកតាំងទីលំនៅថ្មីៗ ភរិយាមេម៉ាយរូបនេះ បានពន្យល់ពីការហៅ លោក គុជ លី ដូច្នេះ បន្ទាប់ពីអ្នកស្រី បាន«មើលការផ្សាយបន្តផ្ទាល់ រវាងលោក គុជ លី ជាមួយនិងវីអូអេ (VOA) ចប់រួច»។ មិនត្រឹតែកេរ្តិ៍ឈ្មោះ និងកិត្តិយសស្វាមីអ្នកស្រីប៉ុណ្ណោះទេ តែអ្នកស្រី ប៊ូ រចនា បានអះអាងទៀតថា លោក គុជ លី ថែមទាំងមានបំណង តាមបំផ្លាញគុណសម្បត្តិ របស់ក្រុមអ្នកមានសមានចិត្ត ដែលបានជួយជ្រោមជ្រែង ដល់គ្រួសាររបស់អ្នកស្រីនោះទៀត។
អ្នកស្រីបានសរសេរ ដូចការដកស្រង់ទាំងស្រុងដូច្នេះថា៖ «លោក គុជ លី គឺជាមនុស្សដែលគេបញ្ជា ឲ្យមកបំផ្លាញ កេរ្ត៍ឈ្មោះនិងកិត្តិយស ស្វាមីរបស់នាងខ្ញុំ ហើយនឹងតាមបំផ្លាញគុណសម្បត្តិ របស់បងប្អូនដែលបានជួយជ្រោមជ្រែង ដល់គ្រួសារនាងខ្ញុំតែប៉ុណ្ណោះ (...) ជាពិសេសគឺព្រះអង្គ ប៊ុត ប៊ុនតិញ - លោក ប៉ា ងួនទៀង - លោក មឿន តុលា»។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ព្យាយាមទាក់ទងលោក គុជ លី ក្នុងវេលាយប់នេះ តែមិនមានការឆ្លើយតបទេ។ យ៉ាងណា លោកបានថ្លែងប្រាប់ សារព័ត៌មានភ្នំពេញប៉ុស្ដ៍ថា លោកមិនធ្វើអត្ថាធិប្បាយ ទាក់ទងនឹងបញ្ហាគ្រួសារផ្ទាល់ខ្លួន របស់លោក កែម ឡី ឬការលើកឡើង របស់អ្នកស្រី ប៊ូ រចនា ជាភរិយានោះទេ។ លោកថា៖ «រឿងគ្រួសារបងឡី គឺជាលក្ខណៈរឿងគ្រួសារផ្ទាល់ខ្លួនទេ ហើយរឿងបងឡី គឺជារឿងទស្សនៈសង្គម។ ដូចនេះរឿងដាច់ដោយឡែកពីគ្នា បើភា្ជប់ទៅរឿងគ្រួសារ យើងធ្វើអីមិនចេញទេ។»។
ល្ខោនបោកប្រាស់...
នៅក្នុងកិច្ចសម្ភាស ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក លោក គុជ លី បានចោទដោយត្រង់ៗ ហៅព្រះសង្ឃ ប៊ុត ប៊ុនតិញ លោក ប៉ា ងួងទៀង រួមនឹងក្រុមគ្រួសារអ្នកស្រី ប៊ូ រចនា ថាបានតាំងខ្លួន ជា«អ្នកកែមឡីនិយម» ដើម្បីបំផ្លាញកិត្តិយសរបស់លោក កែម ឡី។ សូមទស្សនា និងស្ដាប់កិច្ចសម្ភាសនោះ ដូចខាងក្រោម៖
សម្រាប់អ្នកស្រី ប៊ូ រចនា ដែលជាភរិយា សកម្មភាព និងការលើកឡើងរបស់លោក គុជ លី វាគ្រាន់តែជាការសម្ដែងល្ខោន «បោកប្រាស់» មួយប៉ុណ្ណោះ។ អ្នកស្រីបានបន្តសរសេរអំពាវនាវថា៖ «សូមបងប្អូនជនរួមឈាមខ្មែរ នៅគ្រប់ទិសទី មេត្តាកុំជឿ ទៅលើការសម្តែងល្ខោន បោកប្រាស់ របស់លោក គុជ លី»៕