អង្គការសហប្រជាជាតិទទូចឲ្យគ្រប់ភាគីកម្ពុជាអត់ធ្មត់ និងបន្តការចរចា
អង្គការសហប្រជាជាតិបានសម្តែង ការព្រួយបារម្ភជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ហើយបានស្នើដល់គ្រប់ភាគីក្នុងវិវាទនយោបាយនេះ បន្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត និងគួរវិលត្រឡប់ទៅកាន់តុចរចាវិញ។ ការអំពាវនាវរបស់អង្គការពិភពលោកមួយនេះ បានកើតឡើងចំពេលដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសម្តែងកង្វល់ចំពោះវិបត្តិនយោបាយដូចគ្នានេះដែរ ដោយបានទទូចឲ្យគ្រប់ភាគីទាំងអស់ ចូលរួមការចរចាទ្រង់ទ្រាយធំមួយ នៅដើមឆ្នាំ២០១៤ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះឲ្យបានឆាប់។
លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ លោកស៊ូរីយ៉ា ស៊ូបេឌី តំណាងពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានអំពាវនាវដល់អាជ្ញាធរកម្ពុជា អោយបន្តសម្របសម្រួលដល់ការធ្វើបាតុកម្មដោយសន្តិវិធី និងអត់ធ្មត់ចំពោះក្រុមបាតុករ។ ជាមួយគ្នានោះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិដដែលនេះ ក៏បានអំពាវនាវដល់បាតុករ ដោយរួមទាំងកម្មករធ្វើកូដកម្មផង និងអ្នកគ្រប់គ្រងរោងចក្រ សូមកុំអោយងាកទៅរកអំពើហិង្សា។
លោកស៊ូរីយ៉ាស៊ូបេឌី បានលើកឡើងថា៖ «រាល់ជម្លោះ សុទ្ធតែត្រូវការយន្តការដ៏គួរជឿជាក់ សម្រាប់ដំណោះស្រាយជម្លោះ ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ។ វាសំខាន់ណាស់ ដែលថាភាគីទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ) ត្រូវតែវិលរកតុចរចាវិញ។» ។ ក្នុងន័យនេះ តំណាងអង្គការសហប្រជាជាតិរូបនេះ បានសម្តែងការសង្ឃឹមថា អនុសាសន៍ទាំងឡាយរបស់លោក នឹងក្លាយជាការជំនួយស្មារតីមួយ ដ៏សំខាន់ សម្រាប់កិច្ចសន្ទនារបស់ភាគី ក្នុងវិវាទនយោបាយកម្ពុជា។
ជុំវិញបញ្ហានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីតសារព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ បានបង្ហាញបំណង ចង់ឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរកដំណោះស្រាយទៅលើបញ្ហា ដែលកំពុងកើតឡើងនៅកម្ពុជា។ ប្រធានគណបក្សជំទាស់រូបនេះ លើកឡើងថា ត្រូវមានការចូលរួមពីគណបក្សនយោបាយ សហជីព សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែកពីបញ្ហាប្រទេស ដោយឈរលើប្រយោជន៍ជាតិជាធំ ប្រកបដោយឆន្ទៈក្នុងស្មារតីស្ថាបនាវិជ្ជមាន។ លោកសម រង្ស៊ី សង្កត់ធ្ងន់ថា ដើម្បីកុំឲ្យការតវ៉ាហួសវែងឆ្ងាយ ស្មុគស្មាញ និងកាន់តែធ្ងន់ធ្ងរ វាដល់ពេលហើយ ដែលត្រូវគណបក្សនយោបាយជួបគ្នានៅសប្តាហ៍ក្រោយ គឺដើមឆ្នាំ២០១៤ ដោយរកគំនិតថ្មី កុំយកតែគំនិតចាស់។
ជុំវិញភាពជាប់គាំងនយោបាយនេះ កន្លងមក បើទោះជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទាត់ចោលនូវការទាមទាររបស់គណបក្សសង្រ្គោះជាតិ ដែលចង់ឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតមុនអាណត្តិឡើងវិញ ហើយក៏ដោយ ក៏លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត ក្នុងន្និសីតសារព័ត៌មានដដែលនោះ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋមិនដកថយនោះទេ គឺនឹងបន្តការទាមទារ ឲ្យមានការបោះឆ្នោតឡើងវិញ ជាមួយគោលជំហអហិង្សាដដែល៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ