ព្រះរាជាគ្រោងកោះមេដឹកនាំ៣បក្សចូលគាល់ និយាយរឿងព្រំដែន
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 26, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង អាចនឹងត្រូវព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កោះមេដឹកនាំគណបក្សនយោបាយ ចំនួន៣ ឲ្យចូលគាល់ ដើម្បីពិភាក្សាករណីនេះ។ នេះបើតាម ការអះអាងរបស់ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅក្នុងការជួប ជាមួយក្រុមយុវជន នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥។
ប្រធានគណបក្សហ្វុនស៊ីនប៉ិច បានមានបន្ទូល ក្នុងឱកាសនោះថា គម្រោងកោះហៅចូលគាល់នេះ នឹងធ្វើឡើង ដោយសារព្រះមហាក្សត្រ ក៏មានព្រះរាជតួនាទី ក្នុងការថែរក្សា បូរណភាពទឹកដីដែរ។ ព្រះអង្គម្ចាស់បានស្រង់ ព្រះរាជបន្ទូលរបស់ព្រះរាជា មកថ្លែងឲ្យដឹងថា៖ «ឮថា លោក (ព្រះរាជា) ចង់អញ្ជើញថ្នាក់ដឹកនាំ នៃគណបក្សធំទាំង៣ ដើម្បីផ្ដល់យោបល់ ថ្វាយព្រះអង្គអំពីបញ្ហាបូរណភាពទឹកដី»។
គាំទ្រឲ្យផ្អាក ការបោះបង្គោលព្រំខណ្ឌសីមា...
ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលគាំទ្រសុំឲ្យផ្អាកការបោះបង្គោល ជាបណ្ដោះអាសន្ន រហូតដល់មានឯកភាពជាតិខ្មែរនោះ បានឲ្យអះអាងទៀតថា៖ «ខ្ញុំថា បើមិនទាន់បោះ យើងស្រួលជាង។ កាលណាបោះរួចហើយ យើងពិបាកនិយាយ ជាមួយប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ គេសុទ្ធតែមានកម្លាំងខ្លាំងណាស់ ហើយមិនត្រឹមតែកម្លាំងនយោបាយទេ កម្លាំងនយោបាយអន្តរជាតិ ក៏គេខ្លាំងដែរ។»
ចំពោះគណបក្សទាំងបី មិនត្រូវបានព្រះអង្គម្ចាស់លើកឡើង ថាជាគណបក្សណានៅឡើយ។ ប្រធានគណបក្សរាជានិយម គ្រាន់តែអះអាងថា គណបក្សធំទី៣ គឺគណបក្សហ្វុនស៊ីនប៉ិចនេះហើយ។ ទ្រង់បានមានបន្ទូលថា៖ «គណបក្សធំទី៣ ខ្ញុំមិនដឹងថា គណបក្សណាទេ ប៉ុន្តែគណបក្សហ្វ៊ុនស៊ិនប៉ិចនេះឯង»។ រីឯគណបក្សធំពីរទៀត ទោះព្រះអង្គមិនបានអះអាង ថាជាគណបក្សអ្វី តែគេបានយល់ថា មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានលោក ហ៊ុន សែន និងលោក សម រង្ស៊ី ជាប្រធានប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក៏រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញ ការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ត្រូវបានផ្សព្វផ្សាយចេញមកនៅឡើយ។ ហើយគណបក្សទាំងពីរ ដែលមានអសនៈ នៅក្នុងរដ្ឋសភា ក៏មិនទាន់សម្ដែងប្រតិកម្មយ៉ាងណានោះដែរ៕