រដ្ឋាភិបាល​​ថា​ ស្ថានទូត​អាមេរិក​មិន​​ឲ្យ​«តម្លៃ»​សន្តិសុខ​ជា​មនុស្ស

រដ្ឋាភិបាលកម្ពុជា មិនបានបង្អង់យូរឡើយ ក្នុងការធ្វើប្រតិកម្ម ទៅនឹងសេចក្ដីប្រកាសព័ត៌មាន របស់​ស្ថានទូត​អាមេរិក ទាក់ទងនឹងការផ្តន្ទាទោស លើសកម្មជននយោបាយ របស់គណបក្សប្រឆាំងទាំង ១១នាក់។ រដ្ឋាភិបាល​បាន​ហៅ ការ​​ថ្លែង​​របស់​​ស្ថានទូត​អាមេរិក ប្រចាំនៅកម្ពុជា មិនឲ្យតម្លៃភ្នាក់ងារសន្តិសុខ ថាជាមនុស្ស និងមាន​លក្ខណៈ​«បំផ្លើស»។
រដ្ឋាភិបាល​​ថា​ ស្ថានទូត​អាមេរិក​មិន​​ឲ្យ​«តម្លៃ»​សន្តិសុខ​ជា​មនុស្ស
សកម្មភាព«ឡើងជង្គង់» ទៅលើពលរដ្ឋ ពីសំណាក់កងសន្តិសុខ។ កងសន្តិសុខ ដែលមានតម្លៃ ជា«មនុស្សជាតិ»។ (រូបថត ហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 25, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាន់តែ នៅក្នុងថ្ងៃសៅរ៍នេះតែមួយ សេចក្ដីប្រកាសព័ត៌មាន និងសេចក្ដីថ្លែងការណ៍ ចំនួនពីរបានកើតឡើង ដើម្បីជាការឆ្លើយឆ្លងគ្នា។ សេចក្ដីប្រកាសព័ត៌មានមួយ ជារបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបាន​ចេញ​នៅពេលព្រឹក និងមួយទៀត ចេញនៅពេលល្ងាច ជាសេចក្ដីថ្លែងការណ៍ ជារបស់អ្នកនាំពាក្យ នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការកណ្ដាលមួយ របស់រដ្ឋាភិបាល​លោក ហ៊ុន សែន តបទៅនឹងសេចក្ដីប្រកាស របស់ស្ថានទូតអាមេរិក។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ស្ថានទូតអាមេរិក គ្រាន់តែសម្ដែង នូវការព្រួយបារម្ភ ទៅលើការដាក់​ទោស របស់សាលាដំបូងរាជធានី ទៅលើក្រុមសកម្មជនគណបក្សប្រឆាំង ទាំង១១នាក់ កាលពីថ្ងៃទី២១ ខែ​កក្កដា ក្នុងនោះមានលោក មាជ សុវណ្ណារ៉ា ដែលជាជន​ជាតិអាមេរិកម្នាក់ផង និងបានស្នើឲ្យរដ្ឋាភិបាល​កម្ពុជា ពិនិត្យមើល ការកាត់ក្ដីនោះឡើងវិញ។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ «មនុស្ស​ជាច្រើនគិតថា ទោស​ទាំងនោះ​ មិនសមស្រប​​ឡើយ។ (...) សហរដ្ឋអាមេរិក បានខ្វាយខ្វល់យ៉ាងខ្លាំង ​ចំពោះ​ដំណើរការ ដែលនាំ​ទៅដល់ការដាក់ទោស​ លើបណ្ដា​ជន​ទាំងនោះ ​ដោយ​​តុលាការ។ យើងស្នើសុំឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យមើល​ឡើងវិញ ​ឲ្យ​​បានម៉ត់ចត់ នូវ​ដំណើរ​ក្តី ​នៃ​តុលាការ​របស់​ខ្លួន ដើម្បី​ធ្វើ​​យ៉ាងណាឲ្យ​វា​មានលក្ខណៈពេញ​លេញ តម្លា​ភាព ហើយស្រប​ទៅ​នឹង​ច្បាប់ ​ក្នុង​ប្រទេស និងបទដ្ឋាន​​អន្តរជាតិ។»

ប៉ុន្តែសម្រាប់រដ្ឋាភិបាល ការអះអាងរបស់ស្ថានទូតអាមេរិក ក្នុងការចាត់ទុក ហេតុការណ៍ នៃការ​តវ៉ា​របស់ក្រុម​សកម្មជនប្រឆាំង គឺជា«ទិដ្ឋភាព​ជាមូលដ្ឋាន​ នៃ​លទ្ធិប្រជាធិបតេយ្យ»នោះ ថាជាការបំផ្លើស និងភូត​កុហក​ខុស​ពីការពិត ទាំងស្រុង។ សេចក្ដីថ្លែងការណ៍កម្រាស់ពីរទំព័រ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបាននាល្ងាច ថ្ងៃទី២៥ ខែកក្កដានេះ បានសរសេរថា សេចក្ដីប្រកាស​ព័ត៌មាន​​ខាងលើ មិន«អើពើ»ទាល់តែសោះ ចំពោះតម្លៃជា«មនុស្សជាតិ» នៃកងសន្តិសុខខណ្ឌដូនពេញ ទាំង​៣៩រូប ដែលបានរងរបួស ស្ទើបាត់បង់ជីវិត ដោយអំពើ«កុប្បកម្មហិង្សា នៅស្ពាននាគ ក្បែរទីលាន​ប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រីនោះ បានចាត់ទុក ស្ថានទូតអាមេរិក ថាបាន​ប្រកាសគាំទ្រ ក្រុមជនប្រព្រឹត្តិបទល្មើស មិនគោរពសេចក្ដីសម្រេច របស់តុលាការ ព្រមទាំងមិនយល់ច្បាស់ អំពីគោលការណ៍នីតិរដ្ឋ និងគោលការណ៍បែងចែងអំណាច រវាងស្ថាប័នតុលាការ និងរដ្ឋាភិបាល ហើយ​ទង្វើ​ទាំងនេះ ជាទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរ របស់សហរដ្ឋអាមេរិក។ សូមអាន សេចក្ដីថ្លែងការណ៍នេះទាំងស្រុង នៅក្នុង​ឯកសារភ្ជាប់ នាផ្នែកខាងក្រោម នៃអត្ថបទនេះ។

រំលឹករឿងរ៉ាវ...

នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ការប៉ះទង្គិចដោយហិង្សា បានផ្ទុះឡើង បន្ទាប់ពីក្រុម​សន្តិសុខ​ខណ្ឌ​ទាំងនោះ បានព្យាយាមចូលទៅរារាំង និងបំបែកការជួបជុំគ្នាមួយ របស់ក្រុមអ្នកស្និត នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែលមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់មួយចំនួន របស់គណបក្សនេះផង។ សាក្សីនៅ​ក្នុង​ហេតុការណ៍​នេះ និងវីដេអូជាច្រើន (រាប់ទាំងឯកសារថតផ្ទាល់ ដោយអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី​ផង) បាន​បង្ហាញ​ថា បន្ទាប់ពីមានការប្រទាញប្រទង់គ្នានោះ ក្រុមអ្នកតវ៉ាដែលស្និត នឹងគណបក្សប្រឆាំង បាន​ធ្វើការ​តដៃ ត្រឡប់ទៅក្រុមសន្តិសុខទាំងនោះវិញ រហូតបង្កឲ្យមានរបួសធ្ងន់ធ្ងរ ដល់ក្រុមសន្តិសុខ​ទាំង​នោះ។ ការ​ប្រទាញ​ប្រទង់គ្នានេះ បានធ្វើឡើងនៅក្រោមភ្នែក របសមន្ត្រីនគរបាលយុត្តិធម៌ច្រើននាក់ ដែល​មាន​តួនាទី ក្នុង​ការ​ថែរក្សាសណ្ដាប់ធ្នាប់ នៅពេលដែលមានការជួបប្រជុំគ្នា របស់ពលរដ្ឋ។

ប៉ុន្តែប្រសិន បើបរិបទបានឈានមកដល់ ហេតុការណ៍ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នេះ មិនមែនគ្មានដើមចម របស់វានោះទេ។ នៅក្នុងហេតុការណ៍ផ្សេងទៀត ដែលបានកើតឡើង នៅមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤​នោះ ជនរងគ្រោះជាច្រើននាក់ រាប់ទាំងអ្នកសារព័ត៌មានផង ត្រូវបានក្រុមសន្តិសុខទាំងនេះ វាយដំធ្វើបាប រហូត​បែកក្បាលហូរឈាម និងខ្លះទៀត បានសន្លប់បាត់ស្មារតី។ ផ្ទុយពីការលើកឡើង របស់រដ្ឋាភិបាល ដែល​តែង​អះអាង ពីការអនុវត្តច្បាប់ ឬការអនុវត្តន៍នីតិរដ្ឋនោះ មិនមានកងសន្តិសុខ ដៃដល់ណាម្នាក់ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល ចាប់ឲ្យមកទទួលខុសត្រូវ នៅចំពោះមុខច្បាប់ឡើយ។ សូមអានរបាយការណ៍នានា ជុំវិញ​ហេតុការណ៍ទាំងនេះឡើងវិញ ដោយចុចនៅលើទីនេះ /ទីនេះ /ទីនេះ /ទីនេះ / ទីនេះ / ទីនេះ / ទីនេះ / និង​ទីនេះ (នៅ​មានច្រើនទៀត)។

ដូច្នេះ គេពិបាកនឹងយល់បានថា តាមរយៈសេចក្ដីថ្លែងការណ៍ខាងលើ រដ្ឋាភិបាលបានចាត់ទុក កងសន្តិសុខ​ទាំងនេះ មានតម្លៃជា«មនុស្សជាតិ» រួចចុះចំពោះពលរដ្ឋ ដែលរងគ្រោះទាំងនោះវិញ មានតម្លៃជា«អ្វី»? ឬ​ក្រុម​សន្តិសុខ ដែលគេស្គាល់ថា ជាក្រុមស៊ីឈ្នួលទាំងនេះ មានសិទ្ធិអាចធ្វើការវាយតប់ នរណាម្នាក់បានស្រេច​នឹង​ចិត្ត និងដោយគ្មានទោសទណ្ឌ?

ប្រតិកម្មផ្សេងទៀត

ភ្លាមៗ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ​ បានផ្ដន្ទាទោស សកម្មជន​គណបក្ស​សង្រ្គោះជាតិ ១១​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ ពី៧ឆ្នាំទៅ​២០ឆ្នាំ​ កាលពីថ្ងៃទី២១ ខែកក្កដានេះ អង្គ​ការការពារសិទ្ធិមនុស្សក្នុងស្រុកមួយ​ឈ្មោះ ​លីកា​ដូ ​បាន​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស និង​ចាត់ទុក​ថា​ការ​ កាត់ទោស​នេះ ​មិន​យុត្តិធម៌ និង​​ក្រោម​សម្ពាធនយោបាយ​។ ចំណែកអង្គការសង្គម​ស៊ីវិល ​ចំនួន​១៣ផ្សេងទៀត ក៏បាន​ចេ​ញលិ​ខិតចំ​ហ​​រ​មួយដែរ​ ថ្កោល​​ទោស​ការផ្តន្ទាទោស លើ​សកម្មជនទាំង​១១​រូប​នេះ ​កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៥​នេះ។​​ ​ក្រុមអង្គការទាំង១៣នោះ បានហៅ​ផ្តន្ទា​ទោស​នេះ ថាបាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រ​កាន់​​ប្រ​ឌិត និងមិន​គោរព​ដល់​សិទ្ធិ ទទួល​​បាន​កា​រ​ជំនុំជម្រះក្តី ​ដោយ​យុត្តិធម៌។

ប៉ុន្តែរាល់ការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ តែងត្រូវបានបដិសេធចោល មិនខុសណា ពី​សេចក្ដីថ្លែងការណ៍ខាងលើ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទៅនឹងសេចក្ដីប្រកាសព័ត៌មាន របស់​ស្ថានទូត​អាមេរិកឡើយ។ នៅក្នុងប្រតិកម្មដំបូងមួយ របស់​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឲ្យទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចាត់ទុក សេចក្ដី​ថ្លែងការណ៍​ទាំងនោះ ថាមានចរិតលំអៀង ដោយមាន​និន្នាការ​នយោបាយ៕


» សូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុង របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចតទៅ (ចុចពីលើ ដើម្បី​ពង្រីក​អាន)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...