អេនជឺលីណា ជូលី នឹងមកថតកុននៅកម្ពុជា ផលិតដោយកូនខ្លួន
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 25, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពយន្ដទីបី របស់តារាសម្ដែង ដ៏ល្បីឈ្មោះ របស់ហូលីវូដ នាង អេនជឺលីណា ជូលី នឹងថតឡើងវិញ ពីការសម្លឹងមើលឃើញ របស់កុមារ ទៅក្នុងឈុតឆាក ដ៏សាហាវឬស្សា នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ នេះបើតាមការប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ របស់គេហទំព័រ «Netflix» ដែលធ្វើអាជីវកម្មភាពយន្ដ នៅតាមបណ្ដាញអ៊ិនធើណែត។
នាង ជូលី នឹងតម្លើងភាពយន្ដនេះឡើង ដោយដកស្រង់គំនិត តាមសៀវភៅមួយ ដែលមានចំណងជើងថា «មុនដំបូង ខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» និងជាស្នាដៃនិពន្ធ ដោយអ្នកស្រី លឿង អ៊ឹង ក្នុងការរៀបរាប់ឡើងវិញ ពីជីវិតដ៏ខ្លោចផ្សារ នៅក្នុងរបបវាលពិឃាត ៣ឆ្នាំ៨ខែ២០ថ្ងៃ រវាងពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩។ គេហទំព័រ «Netflix» បានស្រង់សំដីរបស់នាង ជូលី មកបញ្ជាក់ថា៖ «សៀវភៅរបស់អ្នកស្រី លឿង បានធ្វើឲ្យអារម្មណ៍ខ្ញុំ ស្រយ៉ុតស្រយ៉ង់ណាស់។ វាជួយឲ្យខ្ញុំយល់ កាន់តែខ្លាំងឡើង ថាតើកុមារមានេះជីវិតបែបណា នៅក្នុងពេលមានសង្គ្រាម និងថាតើពួកគេរងផលប៉ះពាល់បែបណា។»
តារាភាពយន្ដល្បី បានថ្លែងឲ្យដឹងទៀតថា៖ «សៀវភៅនេះ បានផ្ដល់ឲ្យខ្ញុំ នូវអារម្មណ៍កាន់តែជិតដិតឡើងៗ ជាមួយបណ្ដាជនទាំងឡាយ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំណើត របស់កូនប្រុសខ្ញុំ។» ការថ្លែងលើកពីកូនប្រុសរបស់នាង ធ្វើឲ្យគេយល់ភ្លាម ថាម្នាក់នោះ ជាកូនប្រុសចិញ្ចឹមច្បងរបស់នាង យុវជនជំទង់ ម៉ាដុក ដែលនឹងក្លាយ ជាផលិតករមួយរូប សម្រាប់ភាពយន្ដ របស់ម្ដាយចិញ្ចឹមខ្លួននេះផង។
អ្នកដឹកនាំរឿង ជាតារាភាពយន្ដផ្ទាល់តែម្ដង ដោយមានការ រៀបចំឈុតឆាក (scénario) ដោយរូបនាង និងអ្នកស្រី លឿង អ៊ឹង។ អ្នកសហការផលិតមួយរូប ក៏ជាជនជាតិបារាំង មានដើមកំណើតខ្មែរ ដ៏ល្បីល្បាញម្នាក់ នៅក្នុងពិភពភាពយន្ដដែរ។ នោះ គឺលោក រិទ្ធី ប៉ាន ដែលធ្លាប់ត្រូវបានជ្រើសចូល ក្នុងការប្រកួតប្រជែង ដណ្ដើមពានរង្វាន់អូស្កា កាលពីឆ្នាំ២០១៣ កន្លងទៅ សម្រាប់ភាពយន្ដ «រូបភាពដែលខ្វះ» របស់លោក។
ភាពយន្ដថ្មី របស់នាង អេនជឺលីណា ជូលី នេះ នឹងគ្រោងចេញបញ្ចាំង នៅចុងឆ្នាំ២០១៦ ខាងមុខ ហើយក្លាយជា ភាពយន្ដទីបី របស់តារាភាពយន្ដ បន្ទាប់ពីភាពយន្ដ «នៅស្រុកឈាម និងស្រុកទឹកឃ្មុំ (In The Land Of Blood and Honey - 2012)» និងភាពយន្ដ «មិនអាចបំបែកបាន (Unbroken 2014)»៕
» គម្របសៀវភៅ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»៖