អតីតជនជាប់ឃុំទាំង២៥ ត្រៀមទាមទារឱ្យតុលាការទម្លាក់ការចោទ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ចាន់ ពុទ្ធិស័ក្ត ជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២៥នាក់ បានអះអាងនៅថ្ងៃទី១២ ខែមិថុនានេះថា ក្រោយពីលោក និងអតីតជនជាប់ឃុំផ្សេងទៀត ត្រលប់មកពីព្យាបាលជម្ងឺនៅប្រទេសថៃ ក្រុមលោកនឹងរៀបចំយុទ្ធនាការមួយ ដើម្បីទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងមានជំហរឯករាជ្យ។
លោក ចាន់ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ និងជាអតីតជនជាប់ឃុំ។ (រូបថត MONOROOM.info/ S.Tith)
ប្រព័ន្ធយុត្តិធម៌ - លោក ច័ន្ទ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ បានឱ្យដឹងថា លោកព្រមទាំងអតីតជនជាប់ឃុំទាំង២៤នាក់ទៀត ដែលបានជាប់ពន្ធនាគារ អស់រយៈពេលជាង៤ខែ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម នឹងធ្វើយុទ្ធនាការមួយ ទាមទារឱ្យមានប្រព័ន្ធតុលាការមួយ ដែលមានភាពឯករាជ្យនិងយុត្តិធម៌សម្រាប់សង្គមខ្មែរ។
លោកបញ្ជាក់បន្ថែមថា ចំណុចសំខាន់នៃយុទ្ធនាការនេះ ក្នុងគោលបំណងឱ្យតុលាការស៊ើបរកមុខ អ្នកដែលបានបាញ់កម្មករក្នុងថ្ងៃកើតហេតុ ជាពិសេសគឺទម្លាក់ការចោទប្រកាន់ទាំងអស់ទៅលើ ជនទាំង២៥នាក់នេះ។ លោកថាសម្រាប់ពួកលោកអយុត្តិធម៌ណាស់ ដោយសារតែតុលាការសម្រេចសាលក្រម ឱ្យពួកលោកជាប់ទោសដោយមិនប្រាប់ពីមូលហេតុ និងគ្មានភស្តុតាងអ្វីទាំងអស់ មួយវិញទៀត ការដែលទាមទារឱ្យផ្តល់សំណង២ពាន់ដុល្លា ថែមទាំងមិនបញ្ជាក់ពីការខូចខាត និង ជនរងគ្រោះអ្វីនោះទេ។
លោកបន្តថា សម្រាប់យុទ្ធនាការនេះ នឹងធ្វើក្រោយពេលពួកលោកត្រលប់ មកពីព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យ ក្នុងប្រទេសថៃ។ ម្យ៉ាងទៀត មិនថាតែអ្នកទាំង២៥នាក់នេះទេ តែសូម្បីអ្នកធ្លាប់ជាប់ពន្ធនាគារកន្លងមក ក៏អាចចូលរួមបានដើម្បីសិទ្ធិសេរីភាព និងយុត្តិធម៌សង្គមដែរ។
សកម្មជនដីធ្លីរូបនេះ ថ្លែងយ៉ាងដូច្នេះទៀតថា «សូមឱ្យមហាជនទាំងអស់ ចូលរួមគាំទ្រយុទ្ធនាការ ទៅលើអ្នកបញ្ជាទិញហ្នឹង ដើម្បីចូលរួមជាមួយពួកខ្ញុំបន្តទៀត ដើម្បីទម្លាក់ចោលការចោទប្រកាន់ទាំងអស់។ ... ព្រោះថាពួកខ្ញុំមិនសមណា មានទោសកំហុសសម្បីតែមួយវិនាទី គឺពួកគ្មានទោសអ្វីទាំងអស់។ ដូចខ្ញុំអញ្ចឹង ទៅឃ្លាំងមើលកម្មករហ្នឹងជាសិទ្ធិរបស់ខ្ញុំ ខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំមានសិទ្ធិចូលរួម ឃ្លាំមើល រិះគន់ រាល់ទង្វើទាំងឡាយរបស់រដ្ឋាភិបាល ប៉ុន្តែបែរនូវអំពើហិង្សាយ៉ាងអយុត្តិធម៌ចាប់ពួកខ្ញុំ។»៕