សាសា-សុខប៊ុន ល្បីដល់អ៊ឺរ៉ុប ព្រោះជា«រឿងអាស្រូវជាតិ»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 17, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើជ្រុលជាលើកដៃវាយតប់ យាជើងទាត់ធាក់ ឬទាញកាំភ្លើង មកបាញ់ហើយ ត្រូវធ្វើឲ្យល្បី! ហើយបើល្បី ត្រឹមតែក្នុងស្រុក មិនសូវពូកែទេ ត្រូវឲ្យបរទេសចាប់អារម្មណ៍ផង ទើបហៅថា ចំជាកំពូលអ្នកខ្លាំងមែន។ ហើយនេះ ជាអ្វីដែលបានកើតឡើង ចេញពីទង្វើ របស់អ្នកមានប្រាក់ម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលរួមជាមួយ នឹងអង្គរក្សរបស់ខ្លួន បានទទួលស្គាល់ពីការវាយតប់ ទាត់ធាក់ បោចសក់ រហូតដល់ទៅសម្រាត អតីតពិធីការិនីទូរទស្សន៍មួយរូប ឲ្យរាបដល់ដី ហើយដែលត្រូវបានសារព័ត៌មាន នៅអ៊ឺរ៉ុបខាងលិច យកទៅចុះផ្សាយយ៉ាងព្រោងព្រាត ដោយបានធ្វើការវាយតម្លៃ ហេតុការណ៍នេះ ថាជា«រឿងអាស្រូវជាតិ»។
សម្រាប់ប្រទេសបារាំង សារព័ត៌មានមិនតិចជាង១០ទេ ដែលបានដកស្រង់ករណីនេះ ចេញពីអត្ថបទរបស់ទីភ្នាក់ងារ សារព័ត៌មានបារាំង ហៅកាត់ថា អាអេហ្វប៉េ (AFP) ដើម្បីយកមកចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ពាសពេញ និងយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ សារព័ត៌មានល្បីរបស់បារាំង យ៉ាងហោចចំនួន៥ បានចុះផ្សាយ ដូចជា ឡឺហ្វីហ្គារ៉ូ (Le Figaro) ឡឺប៉ារីស្យៀង (Le Parisien) ២០នាទី (20 Minutes) ទូរទស្សន៍ប៉ុស្ដ៍លេខ១ (TF1) និងអ៊ូអេសហ្វ្រង់ (Ouest-France) ជាដើម។
«Scandale national មានន័យថា រឿងអាស្រូវជាតិ»
នេះជារូបផ្តិតចេញពីអេក្រង់ គេហទំព័រ របស់សារព័ត៌មាន 20 Minutes។
តាមពិតទៅ សារព័ត៌មានទាំងនោះ មិនបានចាប់អារម្មណ៍រឿងនេះទេ ពីមុនមក រហូតលុះមកដល់ ការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា នេះ ដែលប្រកាសទៅលោកឧកញ៉ា សុខ ប៊ុន ឲ្យចូលប្រគល់ខ្លួន យ៉ាងឆាប់បំផុត មកឲ្យតុលាការកម្ពុជា។ ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ បានធ្វើឡើង នៅពីរថ្ងៃក្រោយ ការថ្លែងជាសាធារណៈ របស់លោក សរ ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ដែលបានព្រមាន មិនឲ្យមានការលូកដៃ ធ្វើអន្តរាគមន៍ ពីអ្នកជិតដិតនឹងលោកឧកញ៉ារូបនេះ។
បន្ទាប់ពីហេតុការណ៍នេះ ដែលបានកើតឡើង នៅយប់ថ្ងៃទី១ ចូលមកថ្ងៃទី២ ខែកក្កដានោះ លោកឧកញ៉ា សុខ ប៊ុន ដែលត្រូវបានសារព័ត៌មានខាងលើ ហៅថា ជាអ្នកមានប្រាក់ និងជាអ្នកជំនួយដ៏ធំ នៅកម្ពុជា បានគេចខ្លួនបាត់ស្រមោលសូន្យឈឹង។ ចំណែកអ្នកនាង ឯក សុជាតា ហៅកញ្ញា សាសា វិញ ដែលបានចាត់ទុកករណីនេះ ថាជាការប៉ុនប៉ង ធ្វើឃាតលើរូបនាងនោះ បានបង្ហោះរូបភាពជាច្រើន បង្ហាញពីរបួស នៅលើដងខ្លួននាង នៅលើបណ្ដាញសង្គម ធ្វើឲ្យរលកចលនាប្រឆាំង នឹងអំពើហិង្សាលើស្ត្រី បានផ្ទុះឡើងពាសពេញប្រទេស។
ជាមួយនឹងរូបភាព របួសពេញមុខមាត់ ដៃជើង វីដេអូវាយតប់ ថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព និងវីដេអូកិច្ចសម្ភាស របស់កញ្ញា សាសា ទៅឲ្យទូរទស្សន៍ ភីអ៊ិនអ៊ិន នោះផង សារព័ត៌មានបារាំងទាំងនោះ បានសរសេរថា៖ «កម្ពុជា ជាប្រទេសនៅអាស៊ីផ្នែកអាគ្នេយ៍ ដែលអំពើហិង្សាទៅលើស្ត្រី នៅតែមានលក្ខណៈ យ៉ាងសម្បើមដៃ»៕