​«នគរបាលចរាចរណ៍​មិន​ឲ្យ​សោរ​ម៉ូតូទេ ត្រូវ​ឲ្យ​ថ្លៃ​"ទឹក​តែ"​សិន»

គ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើង នៅតាមផ្លូវ ខាងលិច«ឌ្រីមលែន» រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យភាគី​ទាំង​សង​ខាង មាន​របួស​តិច​តួច និងរងការខូចខាតរៀងៗខ្លូន។ ក្នុងនោះភាគីម្ចាស់ម៉ូតូទាំងពីរ បាននិយាយគ្នា សុំ​សម្រប​សម្រួល ដោយ​ម្ចាស់​ម៉ួតូ​ម្ខាង​ចេញ​សំណង ប៉ុន្តែនគរបាលចររាចរណ៍ នៅទីតាំងនោះ មិនប្រគល​សោរ​ម៉ូតូ​ឲ្យ​ទេ ព្រោះ​ត្រូវ​ទាមទារ​ថ្លៃ​«ទឹក​តែ» ពី​ម្ចាស់​ម៉ូតូ​សិន​ទាន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 17, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនេះ ជាករណីលោកនគរបាល លោកប្លន់ដោយត្រង់ៗ ឬលោកចោរ ពាក់ផ្លាកជាមន្ត្រីអនុវត្តច្បាប់ ចេញ​មក​ធ្វើសកម្មភាព ដោយស្របច្បាប់? វាជាករណីមួយ ក្នុងចំណោមករណីរាប់មិនអស់ ដែលបានកើត និងកំពុង​កើត​ជាហូហែ នៅរាជាណាចក្រកម្ពុជាសព្វថ្ងៃ ហើយភាគច្រើននៃករណីទាំងនេះ មិនសូវត្រូវបានពលរដ្ឋ លើកយក​មក​និយាយអ្វី ក្រៅតែពីការ​ចំអក ឲ្យមន្ត្រីអ្នកអនុវត្តន៍ច្បាប់ នោះទេ។

គេត្រូវដឹងថា នៅកម្ពុជា ឲ្យតែជួបរឿងគ្រោះថ្នាក់ ភាគីទាំងសងខាង ទាំងបង្ក ទាំងជនរងគ្រោះ សុទ្ធតែនិយាយ​មិនត្រូវគ្នា។ ដូច្នេះស្ទើរតែ៩០ភាគរយហើយ ដែលត្រូវបានមន្ត្រីនគរបាល ក្នុងភារកិច្ចជាអ្នកអន្តរាគមន៍ សម្រប​សម្រួល ដកហូតកូនសោរម៉ូតូ របស់ភាគីទាំងសងខាងទុក ដើំម្បីទប់ស្កាត់ កុំឲ្យភាគីណាមួយ អាចជិះម៉ូតូគេច​ខ្លូនទៅបាន។ តែរឿងរ៉ាវទាំងនេះ ជាធម្មតា នឹងត្រូវបាននគរបាល ប្រគល់កូនសោ ទៅឲ្យភាគីជម្លោះនោះវិញ បន្ទាប់​​ពី​​ករណី​​នេះ ត្រូវបានភាគីទាំងសងខាង សម្របសម្រួល និងនិយាយត្រូវគ្នារួច។

ដោយឡែក មន្រ្តីនគរបាលនៅសង្កាត់ចតុមុខ បែរជាមិនប្រគល់សោរម៉ូតូ ឲ្យភាគីទាំងសងខាងនោះទេ ដោយ​រង់ចាំទទួល «ថ្លៃទឹកតែ» ជាមុនសិន។ ល័ក្ខខ័ណ្ឌដ៏ដាច់ណាត់ ដែលមិនដឹងជាច្បាប់មាត្រាណា បង្គាប់ឲ្យ​កំណត់​រឿង«ទឹកតែ»នេះ បានធ្វើឲ្យភាគីទាំងសងខាង ចាំបាច់ត្រូវចូលគ្នាចំណាយប្រាក់ ដាក់ជា«ទឹកតែ» ប្រគល់​ជូនទៅលោកមន្ត្រី ទាំងមិនពេញចិត្ត។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង៤៥ នាទីល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៥ នៅតាមបណ្តោយផ្លូវសុធារស ត្រង់ចំណុចផ្លូវភ្លោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រង់ចំណុចខាងលិច មជ្ឈមណ្ឌលកំសាន្ត «ឌ្រីមលែន»។ ហេតុការណ៍ មិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ ចំណែក​ឯម៉ូតូវិញ បានរងការខូចខាតមួយចំនួន។

អ្នកស្រី គីម ហេង ម្ចាស់ម៉ូតូរងគ្រោះម៉ាក ឌ្រីម ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ១DC-១៣៨០ ដែលរស់នៅ​សង្កាត់ចំការមន បានប្រាប់ឲ្យដឹងថា អ្នកស្រីបានទាមទារថ្លៃខូចខាត ម៉ូតូអ្នកស្រី ពីម្ចាស់ម៉ូតូ ស្គូពី ពណ៍​ឈាម​ជ្រូក ស្លាកលេខ ភ្នំពេញ ១BP-២៤២៥ ដែលបើកបរដាយយុវជនម្នាក់នោះ ចំនួន២០០ដុល្លា ដើម្បី​ជួសជុល​ម៉ូតូ។ តែភាគីខាងយុវជននោះ បានប្រកែក សុំឲ្យបន្ថយថ្លៃទាមទារសំណងនេះ។

យុវជន ឧត្តម អាយុ១៧ឆ្នាំ ម្ចាស់ម៉ូតូ Scopy ដែលបានជិះប៉ះម៉ូតូជនរងគ្រោះ បានឲ្យដឹងថា ខ្លូនជិះមានគ្នា​ពីរ​នាក់។ បន្ទាប់ពីធ្វើការដោះស្រាយ ដោយសម្តីខ្លាំងៗ អស់រយៈពេល ជិត២ម៉ោង ទើបភាគីទាំងសងខាង បាន​យល់ព្រមបញ្ចប់រឿង ដោយភាគីម្ចាស់ម៉ូតូ ស្កូបពី ព្រមប្រគល់សំណង ១០០ដុល្លា ទៅឲ្យភាគីម៉ូតូឌ្រីម។

តែការជជែកសម្របសម្រួលគ្នា រវាងភាគីតែពីរនេះ នៅមិនទាន់បញ្ចប់ទេ ព្រោះនៅមានភាគីនគរបាលមួយ​ទៀត ដែលគេមិនគួរភ្លេច ធ្វើមិនដឹង «ដល់ត្រើយស៊ើយគូទ»នោះឡើយ។ អ្នកស្រី គីម ហេង និងយុវជន ឧត្ដម មិនអាចទៅណាបានទាំងអស់ ព្រោះមន្រ្តីនគរបាលចររាចរណ៍ បានដកសោរម៉ូតូពួកគាត់ទុក ហើយមិនប្រគល់​ឲ្យវិញទេ ដរាបណាមិនមាន«ថ្លៃទឹកតែ» ត្រូវបានបង់ មកឲ្យខាងភាគីនគរបាលនោះសិន។ ដូចជា​ពលរដ្ឋ​ខ្មែរ ជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែមិនចង់ ឲ្យមានរឿងវែងឆ្ងាយ និងដើម្បីបានម៉ូតូ របស់​ខ្លូន​វិញ​ភ្លាមៗ​នោះ ការទាមទារនេះ ត្រូវតែមានដំណោះស្រាយ។ ភាគីទាំងពីរ បានប្រមូលលុយគ្នាម្នាក់​បន្ដិចៗ ទាំង​​សើច​ក៏មិនត្រូវ ក្ដៅក្រហាយក៏ពិបាក ហើយបានប្រគល់«ទឹកតែ»នោះ ជូនទៅមន្ត្រីនគរបាលនោះ​ទៅ​ហោង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...