នៅ​ពេល​ដែល​អ្នក​មាន​«ថ្មី»​នៅ​ចិន សម្ញែង​រថយន្ដ​ទំនើប​ថ្លៃៗ

គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងផ្លូវក្រោមដី នៃរដ្ឋធានីប៉េកាំង រវាងរថយន្ដទំនើបចុងក្រោយ ធុន Lamborghini និងរថយន្ដធុន Ferrari ដែលសុទ្ធតែមានតំលៃហួស ពីការស្មាននោះ កាលពីថ្ងៃសៅរ៍ សហ្ដហ៍មុន បានបង្កឲ្យផ្ទុះ ជាសង្គ្រាមពាក្យសម្ដីឡើង ជុំវិញបុគ្គលិកលក្ខណៈ របស់ពួកយុវជនអ្នកមានៗ ក្នុងសម័យនេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 17, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថត នៃសំណល់បាក់បែក របស់រថយន្ដដ៏ទំនើប ធុន Lamborghini ពណ៌បៃតងស្លេក និងរថយន្ដទំនើប ធុន Ferrari ពណ៌ក្រហម រួមនឹងរូបថតគ្រោះថ្នាក់ ផ្សេងទៀត បង្ហាញពីរថយន្ដទំនើបដទៃ ជាច្រើននោះ បានទទួល នូវការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ នៅប្រទេសចិន ជាពិសេស នៅពេលដែលរូបទាំងនេះ ត្រូវបាន​ចែក​ផ្សាយ នៅបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរ រវាងរថយន្ដទំនើបទាំងពីរ ក្នុងផ្លូវក្រោមដី កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់រងរបួស។

គ្រោះថ្នាក់ចរាចរណ៍ លើកមុន នៃរថយន្ដ Ferrari នៅក្នុងប្រទេសចិន បានកើតឡើង នៅខែមីនា ឆ្នាំ២០១២ ក្នុងរដ្ឋធានី​ប៉េកាំងដដែល បង្កឲ្យរង្គើដល់មជ្ឈដ្ឋាននយោបាយ របស់ចិន ក្នុងសម័យនោះ អស់មួយរយៈ។ ក្នុងគ្រោះថ្នាក់នៅ​ពេល​នោះ អ្នកកាន់ចង្កូត ដែលបានស្លាប់ភ្លាមៗ នៅនឹងកន្លែង ជាកូនប្រុសរបស់លោក លីង ជីហួ (Ling Jihua) ជំនិតដៃស្ដាំ​របស់​អតីតប្រធានាធិបតីចិន ហួ ជិងតាវ (Hu Jintao)។ នៅក្នុងរថយន្ដនោះដែរ មានស្ត្រីវ័យក្មេងពីរនាក់ បានរង​របួស​ធ្ងន់។ ស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រីទាំងពីរ គ្មានសម្លៀកបំពាក់នឹងខ្លួនទេ។

សង្គ្រាមពាក្យសំដី ដែលចេញពីគ្រោះថ្នាក់ចរាចរណ៍ នៅពេលនោះ បានចង្អុលដាក់មេដឹកនាំកុម្មុយនីសធំៗរបស់ចិន ពីការទាក់ទងនឹងអំពើពុករលួយ និងពីបុគ្គលិកលក្ខណៈ របស់ក្រុមកូនចៅ ដ៏អន្ទ្រើសៗ របស់គេ។ លោក លីង ជីហួ ត្រូវ​បានដកចេញ ពីតំណែង និងបន្ទាប់មក ត្រូវបានដាក់នៅក្រោម ការស៊ើបអង្កេតមួយ ពីបទពុករលួយ។

ជារៀងរាល់ពេល ដែលមានគ្រោះថ្នាក់ចរាចរណ៍ នៃរថយន្ដដ៏ទំនើបៗនោះ ជនជាតិចិន តែងសាកសួរចង់ដឹងថា តើឪម៉ែ​របស់យុវជន ដែលមានឡានបើកធំៗ សង្ហាទាំងនោះជានរណា។ ដូចអ្នកប្រើប្រាស់បណ្ដាញសង្គម វេបូ មួយរូប បានសួរ​ឡើងថា៖ «តើពួកវានេះ ឈ្មោះអី។ ឪម៉ែពួកវា ជានរណា?»។

ចំពោះគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បានកើតឡើងនៅវេលាម៉ោង ១០យប់ នៅមុន២ម៉ោង នៃការ​ចាក់​បញ្ចាំង ជាផ្លូវការនូវភាពយន្ដអាមេរិក «Furious 7» ដែលទទួលបានការនិយមយ៉ាងខ្លាំង ពីបណ្ដាយុវជនចិន ជា​ពិសេស ទៅលើរថយន្ដដ៏ទំនើបៗ ដែលត្រូវបានយកថត នៅក្នុងភាពយន្ដ។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀត បាន​សួរជាសំនួរទៀតថា៖ «តើពួកគេប្រញ៉ាប់ ទៅទស្សនា "Fast and Furious 7"ឬ?»

បើតាមគេហទំព័រព័ត៌មាន Sina របស់ចិន បានឲ្យដឹងថា អ្នកបើកបររថយន្ដទាំងពីរ ក្នុងនោះម្នាក់ជានិស្សិត បានផ្លែផ្កា​ដាក់​គ្នា មុននឹងឈានទៅបបួលគ្នា ប្រណាំងរថយន្ដទាំងពីរ ដែលមានលក្ខណៈយ៉ាងសាហាវ នៅតាមផ្លូវក្រោមដី ស្ថិតនៅ​មិន​ឆ្ងាយប៉ុន្មាន ពីពហុកីឡាដ្ឋានសម្បុកចាប របស់រដ្ឋធានីប៉េកាំង។ រីឯនគរបាលវិញ ដូចជាចង់បន្ធូរបន្ទុក មិនចង់​ឲ្យ​សង្គ្រាម​សម្ដីកើតមានខ្លាំង ដោយសាររថយន្ដទំនើបនោះ បានខំបិទបាំង ក្នុងជំហានដំបូង ដោយហៅរថយន្ដទាំងនោះ ថាគ្រាន់​ជារថយន្ដតូចធម្មតា សម្រាប់មនុស្សម្នារាល់គ្នាជិះប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ក្នុងប្រទេសចិន រថយន្ដទំនើប ធុន Lamborghini មានតម្លៃប្រមាណជា ៧៥ម៉ឺនអ៊ឺរ៉ូ (ឬ៨០ម៉ឺនដុល្លារ) និងរថយន្ដទំនើប ធុន Ferrari មានតម្លៃប្រមាណជា ៤៧ម៉ឺនអ៊ឺរ៉ូ (ឬ៥០ម៉ឺនដុល្លា)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...