វីដេអូ​ដ៏​រន្ធត់ៗ ពី​ព្រឹត្តិការណ៍​ផ្ទុះ​ដ៏​សម្បើម​នៅ​ធានជីង​ប្រទេស​ចិន

ពិបាកនឹងរៀបរាប់ឲ្យសម នឹងហេតុការណ៍ដ៏រន្ធត់នេះណាស់ ជាពិសេសនៅពេល ដែលគេបានទស្សនា រូបភាព​រញ្ជួយ​ចិត្ត ដែល​បាន​ថត​ជាប់ ទាំង​ក្នុង​ពេលកើតហេតុ និងទាំងក្រោយពេលកើតហេតុុ។
ទិដ្ឋភាពមួយ នៃការផ្ទុះ ដែលមានសន្ធឹកខ្លាំង រហូតបំប៉ើងទ្វាកញ្ចក់របស់អាគារនេះ ឲ្យរលំលើបុរសម្នាក់។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 14, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូខាងលើនេះ បានមកពីកាម៉េរ៉ាសុវត្ថិភាព ដែលបានបង្ហាញយ៉ាងច្បាស់ ពីកម្លាំង និងសន្ធឹកនៃការផ្ទុះ។ នៅ​ក្នុងវីដេអូ គេបានឃើញបុរសម្នាក់ ដែលឈរនៅមាត់ទ្វា ត្រូវបានបំប៉ើងខ្លួនពេញមួយទំហឹង ដោយសន្ធឹក​នៃ​ការ​ផ្ទុះ។ គេនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះ នឹងមានសភាពបែបណានៅឡើយ។

ប្រសិនជាការផ្ទុះមានកម្លាំងខ្លាំងនោះ វាជាអ្វីដែលបានបន្សល់ទុក នៅថ្ងៃនេះ នូវរូបភាពដ៏រន្ធត់នៃកន្លែង​កើត​ហេតុ ដែលប្រៀបបាន នឹងតំបន់សង្គ្រាមមួយ ដែលទើបនឹងពើបប្រយុទ្ធគ្នាហើយ។ មិនខុសទេ ព្រោះនេះជា​ការផ្ទុះ​មួយ ដែលកម្លាំងស្មើរនឹង ការផ្ទុះម្សៅ TNT (សម្រាប់ធ្វើគ្រាប់បែក ឬគ្រាប់មីន)។ នេះបើតាមការពន្យល់ របស់​ទីភ្នាក់ងារ​សារព័ត៌មានផ្លូវការ ចិនថ្មី។ ការផ្ទុះដំបូង មានកម្លាំងស្មើរ នឹងការផ្ទុះម្សៅ TNT ទំងន់៣តោន រីឯ​ការ​ផ្ទុះ​លើក​ទី​ពីរ មានកម្លាំងស្មើរនឹង ២១តោន។

រថយន្ដចំនួនប្រមាណជាង ១ម៉ឺនគ្រឿង ដែលទើបនឹងនាំចូលថ្មីៗ ត្រូវបានបំផ្លាញ ដោយភ្លើង ក្នុងនោះ​២៧៥០​គ្រឿង ជារថយន្ដម៉ាក Volkswagen របស់អាល្លឺម៉ង់ និង១៥០០គ្រឿង ជារថយន្ដម៉ាក Renault របស់​បារាំង។

សារព័ត៌មានផ្លូវការ ដដែលបានរាយការណ៍ទៀតថា ព្រឹត្តិការណ៍ដ៏តក់ស្លុត បានធ្វើមនុស្ស​ជាង​៧០០នាក់​រង​របួស ក្នុងនោះ៧១នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ រីឯចំនួនអ្នកស្លាប់វិញ ត្រូវបានសារព័ត៌មានរាយការណ៍ថា មាន​យ៉ាងហោច៥០នាក់។ សារព័ត៌មានផ្លូវការ ចិនថ្មី បានបញ្ជាក់ទៀតថា ក្រុមអ្នកជួយសង្គ្រោះចំនួន១៨នាក់ បាន​បាត់ខ្លួន និងរងរបួស ចំនួន៦៦នាក់ ពីក្នុងចំណោមអ្នកជួយសង្គ្រោះ ប្រមាណជា១ពាន់នាក់ (និងយានយន្ដ ១៤០​គ្រឿង) ដែលត្រូវបានបញ្ជូន ទៅកន្លែងនោះ។

បន្ថែមពីលើនេះ កងទ័ពចំនួន២១៧នាក់ ដែលមានជំនាញខាងអាវុធនុយក្លេអ៊ែរ អាវុធមេរោគ និងគីមី ក៏ត្រូវ​បាន​បញ្ជូនទៅកាន់ទីនោះដែរ បន្ទាប់ពីសេចក្ដីរាយការណ៍ បានអះអាងថានៅមានផលិតផល ដែលងាយនឹង​ឆាប​ឆេះ ងាយនឹងផ្ទុះ នៅមានវត្តមានច្រើនទៀត ក្នុងតំបន់កើតហេតុ។ ប៉ុន្តែអ្វីៗត្រូវបានគ្រប់គ្រងទាំងស្រុង នៅក្នុង​ពេល​រសៀល ថ្ងៃទី១៣ ខែសីហា។ អ្នកទទួលខុសត្រូវផ្នែកបរិស្ថាន នៃប្រទេសចិន បានថ្លែងថា មាន​សារជាតិ​ពុល កំពុងអណ្ដែតខ្លួន នៅក្នុងបរិយាកាសជុំវិញនោះ ប៉ុន្តែថានឹងមិនមាន ផលរមាស់អ្វីទេ។

មូលហេតុដែលឈានទៅដល់ការផ្ទុះនេះ នៅមិនទាន់រកឃើញនៅឡើយ ប៉ុន្តែអ្នកទទួលខុសត្រូវជាច្រើន​នាក់ របស់សហគ្រាសផ្ទុកសម្ភារៈ «Rui Hai International Logistics» នេះ  ត្រូវបានកងកម្លាំង​អាជ្ញាធរ​ចាប់​ខ្លួន។ នេះបើតាមការអះអាងឲ្យដឹង ពីសារព័ត៌មានផ្សេងទៀត ផ្សាយនៅក្នុងស្រុក។ ប្រធានាធិបតី​ចិន ស៊ី ជីនភីង (Xi Jinping) បានទាមទារឲ្យអ្នកទទួលខុសត្រូវ ក្នុងគ្រោះថ្នាក់ដ៏រង្គាល ត្រូវនាំយកមក​ផ្ដន្ទាទោស យ៉ាង​ម៉ឺងម៉ាត់​បំផុត។

ហេតុការណបែបនេះ មិនមែនទើបនឹងកើតជាលើកទីមួយទេ នៅក្នុងប្រទេសចិន។ កាលពីឆ្នាំទៅម៉ិញ ការ​ផ្ទុះ​ដ៏​សម្បើមមួយ ក៏បានកើតឡើងដែរ នៅក្នុងរោងចក្រគ្រឿងបន្លាស់រថយន្ដដ៏ធំ ក្បែរក្រុងសៀងហៃ។ ហេតុការណ៍​នៅពេលនោះ បានធ្វើឲ្យមនុស្ស៧៥នាក់ស្លាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...