បើករថយន្តបុកដើមឈើ ហើយជ្រុលទៅលាងនឹងប្រឡាយទឹកស្អុយ
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១២ សីហា ២០១៥
- កែប្រែចុងក្រោយ: August 13, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោង ២០ និង ៤០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មានរថយន្តម៉ាក់ កាមរីឆ្លាម ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ 2A 5854 ភ្នំពេញ បើកដោយបុរសម្នាក់ ដែលមិនស្គាល់ឈ្មោះ បានធ្លាក់ផ្លូវ ចូលទៅក្នុងប្រឡាយទឹកស្អុយមួយកន្លែង ស្ថិតនៅតាមផ្លូវ ៣០M ក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុ នៃការបើកធ្លាក់ផ្លូវនេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ និយាយថា ទំនងមកពីបុរស ដែលជាអ្នកបើកបរ ស្ថិតក្នុងភាពស្រវឹងស្រា ។
បុរសម្នាក់នេះ បានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បួង ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តក៏រេចង្កូត ទៅបុកនឹងដើមកខុបមួយដើម។ ដោយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកស្អុយ។ នៅពេលកើតហេតុនោះ រថយន្តនេះមិនបានបង្កផលប៉ះពាល់អ្វី ដល់អ្នកធ្វើដំណើរ ឬអ្នកនៅជុំវិញទីនោះឡើយ ចំណែកអ្នកបើកបរវិញ ក្រោយពីកើតហេតុ ក៏ចុះពីរថយន្តឡើងជិះម៉ូតូឌុប គេចខ្លួនទៅបាត់។
ក្រោយពេលកើតហេតុ និងក្រោយការចាកចេញ របស់ម្ចាស់រថយន្ដ ក្រុមសមត្ថកិច្ចបានមកដល់ ដើម្បីជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះ។ មួយសន្ទុះក្រោយមកទៀត ទើបគេឃើញភរិយា របស់ម្ចាស់រថយន្តបង្ក មកដោះស្រាយជាមួយសមត្ថកិច្ច នៅនឹងកន្លែងនោះ។
បើតាមសំដី របស់សមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សមត្ថកិច្ចមិនអាចយករថយន្តនេះ ទៅណាបានទេ ព្រោះរថយន្តមិនបានបង្ក ផលប៉ះពាល់ដល់អ្នកដ៏ទៃឡើយ។ ដូច្នេះរថយន្តត្រូវបានប្រគល់ ឲ្យម្ចាស់វិញ ដើម្បីស្ទូចយកទៅជួសជុស៕