ពលរដ្ឋបារម្ភពីបង្គោលភ្លើងមួយកន្លែងជិតដួល ក្នុងខណ្ឌចំការមន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៦ សីហា ២០១៥
- កែប្រែចុងក្រោយ: September 03, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បង្គោលភ្លើងធំមួយដើម នៅជិតផ្លូវ ១៩៩ ត្រូវបានឡានកុងទ័នឺបុក បុកឲ្យទ្រេត កាលពីយប់ថ្ងៃទី២៣ រហូតមកដល់ថ្ងៃទី២៦នេះ ស្ទើដួលដល់ដី តែគេនៅមិនទាន់ឃើញអាជ្ញាធរណា មកជួយអន្តរាគមន៍ទេ។ ស្រ្តីម្នាក់ដែលជាម្ចាស់ផ្ទះ លេខ១៦ នៅជិតផ្លូវបង្កោលភ្លើង បានថ្លែងត្អូញត្អែរ ពីបញ្ហានេះ ដោយអ្នកស្រីបារម្ភពីសុវត្តិភាពកូនចៅ នៅពេលចេញចូលផ្ទះ។ ម្យ៉ាងទៀត អ្នកស្រីបារម្ភខ្លាចមានបញ្ហា ដល់អ្នកធ្វើដំណើរនៅផ្លូវ តាមមុខផ្ទះអ្នកស្រី ព្រោះបង្កោលនេះ ទ្រេតមកបន្តិចម្តងៗ ស្ទើធ្លាក់ដល់ដីទៅហើយ។ អ្នកស្រីបន្ថែមទៀតថា មានសមត្ថកិច្ចជិះតាមផ្លូវនេះ ច្រើនដងណាស់ តែហាក់មិនយកចិត្តទុកដាក់ ពីបញ្ហារបស់ប្រជាពលរដ្ឋនោះទេ ឬចាំដល់មានបញ្ហា បានចុះមកដោះស្រាយ។
តាមការបញ្ជាក់ របស់អ្នករត់ម៉ូតូឌុបម្នាក់ នៅផ្លូវ ១៩៩ កែងផ្លូវ៣១៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍ឡានកុងទ័រនឺ បុកបង្កោលភ្លើងនេះ បានកើតឡើងអស់រយៈពេលបីថ្ងៃ មកហើយ ពេលគឺតាំងពីថ្ងៃទី២៣ ខែសីហាមកម្លេះ។ លោកបន្តទៀតថា រហូតមកដល់ថ្ងៃទី២៦ ខែសីហា នៅមិនទាន់មានសមត្ថកិច្ចមូលដ្ឋាន ឬអាជ្ញាធរអគ្គិសនី ណាមួយមកដោះស្រាយ បញ្ហាបង្កោលភ្លើងជិតបាក់នេះទេ។
ក្តីបារម្ភរបស់ប្រជាពលរដ្ឋទាំងនេះ មិនមែនគ្មានហេតុផលនោះឡើយ ដោយសារបច្ចុប្បន្ននេះ ស្ថានភាពបង្កោលភ្លើង ដែលរុំព័ទ្ធទៅដោយខ្សែរភ្លើង ជាច្រើនខ្សែរ នៅមានសភាពទ្រេតនៅឡើយ នៅប្រមាណជាពីរទៅបីម៉ែត្រប៉ុណ្ណោះ នឹងធ្លាក់ដល់ដីប៉ះពាល់ ដល់អ្នកធ្វើដំណើរមិនខាន។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងសុំការបំភ្លឺ ពីអាជ្ញាធរមូលដ្ឋានខាងលើ ពីបញ្ហាក្តីបារម្ភរបស់ពលរដ្ឋនេះបានទេ ដោយទូរស័ព្ទសុំទាក់ទង មិនមានការឆ្លើយតប និងមិនអាចទាក់ទងបាន៕