ខុមហ្វ្រែល៖ តំណាងរាស្រ្ត CPP អសកម្មក្នុងការងារជាង CNRP
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៧ សីហា២០១៥
- កែប្រែចុងក្រោយ: September 03, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មភាពនៃតំណាងរាស្រ្ត ទាំងពីរគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភា មានការកើនក្នុងរយៈពេលដូចគ្នា នាដើមអាណត្តិ ប៉ុន្តែមានតំណាងរាស្រ្តត្រឹមតែ៧០រូប ប៉ុណ្ណោះ ពីក្នុងចំណោម១២៣រូប ដែលបានចុះដល់មូលដ្ឋាន។ នេះបើតាមការលើកឡើង របស់លោក ស៊ិន ទិត្យសីហា មន្រ្តីអង្កេតនៃអង្គការខុមហ្វ្រែល កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ក្នុងសន្និសីទសារព័ត៌មានស្តីពី «របាយការណ៍សង្ខេប ឆរមាសលើកទី២ នៃការឃ្លាំមើលរដ្ឋសភា និងតំណាងរាស្ត្រ នៃនីតិកាលទី៥ និងការដាក់បង្ហាញ ឲ្យប្រើប្រាស់កម្មវិធីឃ្លាំមើល សភាតំណាងរាស្ត្រ» រៀបចំដោយអង្គការខុមហ្រ្វែល។
មន្ត្រីរបស់អង្គការឃ្លាំមើលការបោះឆ្នោតរូបនេះ បានលើកឡើងថា ចំនួននេះថ្មីត្បិតតែកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំទីមួយ នីតិកាលទីប្រាំ។ លោក ស៊ិន ទិត្យសីហា បានថ្លែងឡើងថា៖ «ព្រោះតែតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងរដ្ឋសភា ដែលជាហេតុធ្វើឲ្យតំណាងរាស្រ្តទាំងនោះ ងាយស្រួលក្នុងការធ្វើសកម្មភាព ក្នុងនាមតំណាងរាស្រ្តសភា»។
ដោយឡែក សម្រាប់សកម្មភាព របស់គណកម្មការជំនាញ ទាំង១០ របស់រដ្ឋសភា បើទោះបីជាប្រាំគណៈកម្មការ ដឹកនាំដោយមន្រ្តី មកពីគណបក្សប្រជាជនកម្ពុជា និងប្រាំ ដឹកនាំដោយមន្រ្តី មកពីគណបក្សសង្គ្រោះជាតិក៏ដោយ ក៏ការងារនៃគណៈកម្មការទាំងនោះ បានបង្ហាញនូវភាពប្រសើរឡើង។
មន្រ្តីមួយរូបទៀត របស់អង្គការដដែល ទទួលបន្ទុកផ្នែកអង្កេត លោក កន សាវាង្ស បានពន្យល់បន្ថែមថា ក្នុងចំណោមគណៈកម្មការជំនាញទាំង១០នោះ យ៉ាងហោចណាស់ បានធ្វើសកម្មភាពចំនួន ៤៥លើក។ ក្នុងចំណោមនោះ មាន«រដ្ឋមន្រ្តី» មកពីក្រសួង ស្ថាប័ននានា ត្រូវបានកោះហៅ មកសាកសួរផ្ទាល់មាត់ ចំនួន៨នាក់ ទាំងនៅក្នុងវិមានរដ្ឋសភា និងនៅក្នុងក្រសួងសាមីនីមួយៗ។ លោកនិយាយថា ចំពោះសម័យប្រជុំ នៃរដ្ឋសភា ឆមាសទីមួយ ឆ្នាំទី២ នីតិកាលទីប្រាំនេះ មានចំនួន១០លើក។ ក្នុងនោះ មានប្រជុំពេញអង្គ សាមញ្ញមួយលើក និងវិសមញ្ញមួយលើក។ កិច្ចប្រជុំនោះ មានចំនួ១៥ របៀបវារៈ ដែលត្រូវបានដាក់ឲ្យពិភាក្សា និងអនុម័ត។ លោកបន្តថា សម្រាប់តំណាងរាស្រ្ត ដែលបានឡើងដេញដោល (បញ្ចេញមតិ) មានចំនួនត្រឹមតែ២៧រូប និងចំណាយពេល ត្រឹមតែ៥៥០នាទីប៉ុណ្ណោះ។
ឆ្លងតាមរយៈពេល និងចំនួនតំណាងរាស្រ្ត ដែលឡើងបញ្ចេញមតិនេះ ត្រូវបានរបាយការណ៍ របស់អង្គការខុមហ្រ្វេល បញ្ជាក់ទៀតថា បានធ្វើឲ្យបាត់បង់ នូវគុណភាពនៃ«ការពិភាក្សា» ព្រោះតែភាពប្រញាប់ប្រញាលនោះ។ ខុមហ្វ្រែល បានបង្ហាញនូវឧទាហរណ៍មួយចំនួន មកបញ្ជាក់ថា៖ «ការពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត, សេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលមានតំណាងរាស្រ្ត លោក សម រង្ស៊ី ម្នាក់គត់ឡើងបញ្ចេញមតិ ហើយក៏មិនបានសំដៅ លើការកែប្រែនៃមាត្រាណាមួយដែរ ក្រៅពីការសសើរ នូវកិច្ចប្រឹងប្រែងរបស់គណបក្សទាំងពីរ និងការហាមឃាត់តំណាងរាស្រ្តផ្សេងទៀត ឡើងបញ្ចេញមតិនោះ។»
លោក កន សាវាង្ស តំណាងឲ្យអង្គការខុមហ្រ្វែល បានចាត់ទុកសកម្មភាព នៃការហាមឃាត់តំណាងរាស្រ្តផ្សេងទៀត មិនឲ្យបញ្ចេញមតិ ក្នុងកិច្ចប្រជុំសភានោះ ជាទង្វើមួយមិនល្អ ដែលផ្ទុយនឹងគោលបំណង នៃកិច្ចប្រជុំសភា ក្នុងនាមជាប្រធានក្រុមមតិភាគតិច។ លោកបានថ្លែងឡើងថា៖ «កិច្ចប្រជុំសភា អ្នកតំណាងរាស្រ្ត គួរធ្វើការពិភាក្សា សួរដេញដោល ដើម្បីឈានទៅការស្នើឲ្យមានការកែសម្រួល ឬធ្វើការបកស្រាយនូវខ្លឹមសារ មួយចំនួនដែលមិនច្បាស់លាស់ជាដើម។»៕