សម រង្ស៊ី ថា ហ៊ុន សែន និងគូកន «អស់លក្ខណ៍ហើយ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 26, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ច្បាប់ថ្មីចេញហើយ!» លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏មានសក្ដានុពល របស់កម្ពុជា បានឧទានឡើងដូច្នេះ នៅលើបណ្ដាញសង្គម ដើម្បីប្រតិកម្មទៅនឹងការអនុម័តច្បាប់ថ្មី លេខ «H.R. 5754» ជាលក្ខណៈឯកច្ឆ័ន្ទ ពីសំណាក់រដ្ឋសភាអាមេរិក កាលពីរសៀលម្សិលម៉ិញ។ លោក រង្ស៊ី បានសន្និដ្ឋានថា លោក ហ៊ុន សែន និងគូកនរបស់លោក ទាំង១៦នាក់ផ្សេងទៀត ដែលត្រូវបានភ្ជាប់ឈ្មោះ មកជាមួយច្បាប់ខាងលើ នឹង«អស់លក្ខណ៍ហើយ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងដ៏សំខាន់ ដែលត្រូវបានរបបលោក ហ៊ុន សែន រំលាយកាលពីខែវិច្ឆិកាមុន បានសរសេរថា៖ «ហ៊ុន សែន ក្រុមគ្រួសារ និងបក្ខពួកស្និទ្ធស្នាល ១៦ រូប នឹងទទួលទណ្ឌកម្ម ពីសហរដ្ឋអាមេរិក បន្ទាប់ពីច្បាប់ថ្មីមួយ ស្តីពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ត្រូវបានអនុម័ត ដោយសភាអាមេរិកាំង កាលពីម្សិលមិញនេះ។ ទណ្ឌកម្មនោះ មានការហាមឃាត់ មិនឲ្យសាម៉ីខ្លួន មកជាន់ដីសហរដ្ឋអាមេរិក ហើយការបង្កកទ្រព្យសម្បត្តិ ដែលបានយកទៅលាក់ទុក នៅសហរដ្ឋអាមេរិក។»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា យ៉ាងហោច១៧នាក់ រាប់ចាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្ហើបឈ្មោះ ភ្ជាប់មកជាមួយច្បាប់ខាងលើ ដើម្បីដាក់ឡើង ទៅឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលនឹងសម្រេចថា តើពួកគេនឹងត្រូវរងទណ្ឌកម្ម ឬយ៉ាងណា។ លោក សម រង្ស៊ី បានសរសេរបន្តថា៖ «ការបង្កកទ្រព្យសម្បត្តិ របស់ថ្នាក់ដឹកនាំពុកលួយ លួចជាតិ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិទាំងនោះ ដើម្បីយកមកប្រគល់សង ប្រជារាស្ត្រខ្មែរវិញ»។
មេដឹកនាំប្រឆាំង បានធ្វើការសន្និដ្ឋានថា៖ «ពួកអ្នកមានឈ្មោះខាងលើនេះ អស់លក្ខណ៍ហើយ។ សូមបងប្អូនជនរួមជាតិ កុំទៅចូលរួមការបោះឆ្នោតក្លែងក្លាយ ដែលពួកទាំងអស់នេះ កំពុងតែរៀបចំសម្រាប់ថ្ងៃ ២៩ កក្កដាខាងមុខ។ ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលនឹងត្រូវរឹបអូស ពីចោរលួចជាតិទាំងអស់នេះ នឹងត្រូវយកមកប្រគល់ សងជូនប្រជារាស្ត្រខ្មែរវិញ។»៕