សម រង្ស៊ី ថាអូស្រ្តាលីមិនទទួលស្គាល់រដ្ឋាភិបាល ហ៊ុន សែន ជាការពិត?
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសង្គោះជាតិ លោក សម រង្សី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលីមិនបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ននេះឡើយ។ ការលើកឡើងរបស់លោក សម រង្ស៊ី នេះ បានធ្វើឡើងនៅពេលដែលលោកបានដឹកនាំក្រុមបាតុករ ដង្ហែញត្តិទៅដាក់នៅស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាកាលពីព្រឹកមិញនេះ។ ជាមួយគ្នានេះ មន្រ្តីរដ្ឋាភិបាលលោក ទិត សុធា បានអះអាងថា ការលើកឡើងរបស់លោក សម រង្ស៊ី ជាការបំភ្លឺសទាំងស្រុង។
លោក សម រង្ស៊ី (កណ្ដាលស្ដាំ) និងលោក កឹម សុខា (កណ្ដាលឆ្វេង) កាន់ទង់ជាតិចម្រុះ ដឹកនាំបាតុកម្មដង្ហែញត្តិទៅដាក់តាមស្ថានទូត។ (រូបថត គណបក្ស)
រាជធានីភ្នំពេញ - ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន និងក្រុមបាតុករនៅខាងក្រៅបរិវេណស្ថានទូតអូស្រ្តាលី នៅក្បែវិមានរដ្ឋសភា ក្រោយពីបានដាក់ញត្តិ និងជួបជាមួយលោកស្រីឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជារួចមក កាលពីព្រឹកមិញនេះ មេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងថា លោកស្រីឯកអគ្គរាជទូតអូស្រ្តាលី បានប្រាប់រូបលោកថា រដ្ឋាភិបាលអូស្រ្តាលីបដិសេធមិនទទួលស្គាល់ការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅនេះទេ ពីព្រោះការបោះឆ្នោតនេះ មានភាពមិនប្រក្រតីច្រើន។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋអំណាចអូស្រ្តាលីក៏មិនទទួលស្គាល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បច្ចុប្បន្ននេះដែរ។
មេដឹកនាំក្រុមបាតុកររូបនេះ បានអះអាងទៀតថា រដ្ឋាភិបាលអូស្រ្តាលីទទួលស្គាល់ប្រទេសកម្ពុជាត្រូវមានរដ្ឋមួយ តែមិនទទួលស្គាល់ការបោះឆ្នោត និងមិនទទួលស្គាល់រដ្ឋអំណាចលោក ហ៊ុន សែន ឡើយ។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានជួបជាមួយឯកអគ្គរាជទូតអូស្រ្តាលី កាលពីព្រឹកថ្ងៃដដែលនោះ បានលើកយកការឆ្លើយតបរបស់រដ្ឋាភិបាលអូស្រ្តាលីថា ប្រទេសអូស្រ្តាលីមិនអាចបោះបង់ចោលនូវលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានឡើយ ព្រោះថា អូស្រ្តាលីគឺជាប្រទេសមួយដែលមានតួនាទីសំខាន់ ជាអ្នកផ្តើមឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ ១៩៩១ នេះ ។ លោក កឹម សុខា បន្តថា រដ្ឋាភិបាលអូស្រ្តាលីបានឯកភាព ជាមួយការទាមទាររបស់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ដោយចង់ឃើញការបោះឆ្នោតដោយ សេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
«សម រង្ស៊ី និយាយក្រឡេកក្រឡុច គ្មានការពិតនោះទេ»
ជុំវិញការលើកឡើងរបស់មេបក្សប្រឆាំងបែបនេះ មន្រ្តីអង្គភាពនិងប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្រ្តី លោក ទិត សុធា បានឆ្លើយតបប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា ការអះអាងរបស់លោក សម រង្ស៊ី និងកឹម សុខា គឺជាវប្បធម៌ពន្លាត់អ្វីដែលខុសទៅជាការពិត លោកថា វប្បធម៌របស់មេបក្សប្រឆាំងបែបនេះ វាគ្មានអ្វីចម្លែកនោះទេ។ លោក ទិត សុធា បន្តថា លោក សម រង្ស៊ី ជាអ្នកនយោបាយក្រឡេកក្រឡុច ហើយបោកប្រាស់ប្រជាពលរដ្ឋអ្នកគាំទ្រខ្លួនឯង ដែលនិយាយគ្មានការពិតនោះទេ ។ មន្រ្តីរូបនេះ បញ្ជាក់ថា ការអះអាងរបស់លោក សម រង្ស៊ី វាផ្ទុយនឹងការប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីទាំងស្រុង។
ស្ថានទូតអូស្រ្តាលីប្រចាំនៅក្នុងប្រទេសកម្ពុជា ភ្លាមៗបន្ទាប់ពីបានជួបជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា រួចមក បានចេញសេចក្តីប្រកាសព័ត៌មានថា ស្ថានទូតអូស្រ្តាលីបានទទួលយកនូវញត្តិរបស់គណបក្សសង្គ្រោះជាតិរួចហើយ ពីក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។ សេចក្តីប្រកាសនោះបានបន្តថា ប្រទេសអូស្រ្តាលីបានប្តេជ្ញាជាយូរមកហើយ ដើម្បីឲ្យកម្ពុជាអនុវត្តន៍នូវលទ្ធិប្រជាធិតេយ្យឲ្យបានពេញលេញ តាមយៈការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនខ្មែរ។ សេចក្តីប្រកាសដដែលបញ្ជាក់ទៀតថា រដ្ឋាភិបាលអូស្រ្តាលីអំពាវនាវឲ្យគណបក្សដែលឈ្នះឆ្នោតទាំងពីរចូលអង្គុយតុចរចា ដើម្បីរកយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
នៅព្រឹកថ្ងៃទី ២៥ ខែតុលាដែលជាថ្ងៃបញ្ចប់នៃមហាបាតុកម្មលើកទី ៣ របស់គណបកសង្គ្រោះជាតិ គណបក្សនេះបានដាក់ញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង ២ លាននាក់ទៅស្ថានទូតចំនួន ៥ ប្រចាំនៅកម្ពុជាមាន អូស្រ្តាលី រុស្ស៊ី ជប៉ុន ឥណ្ឌូណេស៊ី និងចិនចុងក្រោយគេ៕
--------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ២៥ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ